ទឹកខ្មេះប៉ោមគឺត្រូវបានគេធ្វើឡើងពីផ្លែប៉ោមហើយយកទៅផ្អាប់និងចម្រាញ់ចេញជាទឹកខ្មេះ។ គេច្រើនយកវាទៅចំអិនម្ហូប ធ្វើទឹកជ្រលក់ និងធ្វើជាភេសជ្ជៈ ដើម្បីជំនួយដល់សុខភាពនិងសម្រស់។ ទឹកខ្មេះប៉ោមមានឥទ្ធិពលប្រឆាំងអតិសុខុមប្រាណ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះ ភស្តុតាងមួយចំនួនបង្ហាញថា វាអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព ដូចជាជួយសម្រកទម្ងន់ កាត់បន្ថយកូលេស្តេរ៉ុល ថយចុះកម្រិតជាតិស្ករក្នុងឈាម កែលម្អរោគសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ នេះបើយោងតាមប្រភពHealthline។
ប្រសិនបើអ្នកកំពុងស្វែងរកភេសជ្ជៈដែលទទួលទានហើយបានប្រយោជន៍ច្រើន ទាំងសុខភាពនិងសម្រស់ ចូរអានអត្ថបទនេះឱ្យដល់ចប់។ តាមការឱ្យដឹងពីប្រភពដដែល បានលើកឡើងថាទឹកខ្មេះប៉ោមធ្វើឱ្យកម្រិតpHនៃស្បែកមានតុល្យភាព ធ្វើឱ្យរបាំងការពារស្បែករឹងមាំ និងប្រសើរឡើងវិញ ប្រឆាំងការរលាក ការពារស្បែកពីការឆ្លងមេរោគ។ ហេតុនេះទើបទឹកខ្មេះប៉ោមអាចជួយឱ្យធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ។ ជាមួយគ្នានេះ ផ្អែកតាមប្រភពnetmeds បានណែនាំពីរបៀបធ្វើឌីថុកពីទឹកខ្មេះប៉ោមដែលលោកអ្នកអាចទទួលទានជាប្រចាំថ្ងៃ ដើម្បីការពារជំងឺនិងថែសុខភាពស្បែក។
វិធីធ្វើ យកទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ ទឹកឃ្មុំ១/២ស្លាបព្រាកាហ្វេ លាយជាមួយទឹកធម្មតា២លីត្រ ទទួលទានពេញមួយថ្ងៃ។ ឌីថុកនេះ និងជួយប្រឆាំងអុកស៊ីតកម្ម ជួយឱ្យរាងកាយស្រួបជាតិរ៉ែ ប្រូតេអ៊ីនពីចំណីអាហារដែលអ្នកទទួលទានបានល្អ បញ្ចេញជាតិពុល ព្យាបាលបញ្ហាស្បែកខូច និងការពារស្បែកពីការឆ្លងមេរោគបានល្អ។ របៀបផឹកម្យ៉ាងទៀត តាមការណែនាំពីHealthline ណែនាំឱ្យយកទឹកខ្មេះប៉ោម១ឬ២ស្លាបព្រាកាហ្វេ លាយជាមួយទឹក១កែវធំ ហើយទទួលទាន។ សូមចាំថាត្បិតទឹកខ្មេះប៉ោមមានប្រយោជន៍ច្រើន ប៉ុន្តែទាមទារឱ្យអ្នកប្រើប្រាស់វាមានកម្រិត អ្នកគួរទទួលទានវាត្រឹម ១ទៅ១ស្លាបព្រាកាហ្វេ ឬពី១០ទៅ៣០មីលីលីត្រ ក្នុង១ថ្ងៃ គឺល្អបំផុត។
ចំពោះការជ្រើសរើសទឹកខ្មេះប៉ោម លោកអ្នកគួរជ្រើសរើសប្រភេទទឹកខ្មេះ ដែលមានបញ្ជាក់នៅលើសំបកវិចខ្ចប់ថា(Organic) ដែលមានន័យថាគេផលិតចេញពីផ្លែប៉ោមដាំដោយធម្មតានិងប្រើគីមី និង(Raw,Unfiltered,Unpasteurized) ដែលមានន័យថាចម្រាញ់ដោយមិនមានការប្រើកម្ដៅ។ ចង់បានសុខភាពល្អ សម្រស់ស្អាត កុំភ្លេចសាកល្បងទទួលទានឌីថុកធម្មជាតិនេះទាំងអស់គ្នាណា៕
អត្ថបទដោយ៖ Senghong