ក្រូចឆ្មារលឿង(lemon ) មានផ្ទុកវីតាមីនC ខ្ពស់ សម្បូរដោយជាតិសរសៃ និងមានសារធាតុសំខាន់ៗ ផ្សេងទៀត ដែលបានផ្ដល់គុណប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព ។ តើការញ៉ាំក្រូចឆ្មារ មានគុណសម្បត្តិអ្វីខ្លះ ចំពោះសុខភាព ? យោងតាមគេហទំព័រ healthline.com ក្រូចឆ្មារ មានគុណប្រយោជន៍ សំខាន់ៗ៦យ៉ាងចំពោះសុខភាព ។
១. ជំនួយដល់បេះដូង៖ ក្រូចឆ្មារ មានផ្ទុកវីតាមីនCខ្ពស់ សម្បូរដោយជាតិសរសៃ មានផ្ទុកសារធាតុ hesperidin និង diosmin ។ សារធាតុទាំងនេះ ជួយបញ្ចុះជាតិខ្លាញ់ cholesterol នៅក្នុងសរសៃឈាម ជួយបន្ថយហានិភ័យនៃជំងឺបេះដូង និងការដាច់សរសៃឈាម ក្នុងខួរក្បាល ។
២. ជួយរក្សា និងគ្រប់គ្រងទម្ងន់រាងកាយ៖ ជាតិសរសៃ មាននៅក្នុងផ្លែក្រូចឆ្មារ បានជួយឲ្យ លោកអ្នក មានអារម្មណ៍ថា ញ៉ាំឆ្អែតបានយូរ ហើយវាក៏ជាហេតុផលសំខាន់មួយ ជួយឲ្យលោកអ្នករក្សាតុល្យភាព ទម្ងន់រាងកាយផងដែរ ។
៣. ការពារពីជំងឺក្រួសក្នុងតម្រងនោម៖ ក្រូចឆ្មារ មានផ្ទុកអាស៊ីតcitric ដែលជួយបង្កើនចំណុះទឹកនោម និងកម្រិត pH ក្នុងទឹកនោម ។ ហេតុផលនេះហើយ ដែលវាជួយកុំឲ្យកកើត នៃជំងឺគ្រោះក្នុងតម្រងនោម ។ លោកអ្នកអាចញ៉ាំទឹកក្រូចឆ្មារ កន្លះកែវ ឬស្មើនឹង ១២៤មីលីលីត្រ ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ ការកកើតនៃជំងឺគ្រោះតម្រងនោមបាន។
៤. ការពារមិនឲ្យមានភាពស្លេកស្លាំង៖ អាស៊ីតcitric និងវីតាមីនC ដែលមាននៅក្នុងក្រូចឆ្មារ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយជំរុញ ការបឺតស្រូបជាតិដែក ពីក្នុងចំណីអាហារ ដែលអាចជួយការពារ មិនឲ្យមានភាពស្លេកស្លាំង ។
៥. បន្ថយហានិភ័យនៃការកើតជំងឺមហារីក៖ លទ្ធផលនៃការសិក្សា (លើសត្វកណ្ដុរ) បានរកឃើញថា សារធាតុ beta-cryptoxanthin និង hesperindin ដែលមាននៅក្នុងក្រូចឆ្មារ មានសមត្ថភាព ប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកអណ្ដាត ជំងឺមហារីកសួត និងជំងឺមហារីកពោះវៀន ផងដែរ ។ ស្របពេលជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវ ជឿជាក់ថា បន្លែ និងផ្លែឈើ រួមទាំងក្រូចឆ្មារ ពិតជាអាចជួយកាត់បន្ថយ ហានិភ័យក្នុងការកើតជំងឺមហារីកបាន។
៦.ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ជាតិសរសៃដ៏សំខាន់ នៅក្នុងក្រូចឆ្មារគឺ pectin ដែលជាទម្រង់ជាតិសរសៃរលាយ ជួយដល់ការរំលាយអាហារ និងរក្សាតុល្យភាពជាតិស្ករ នៅក្នុងចរន្តឈាម ៕
អត្ថបទដោយ៖ ហួ ភារ៉ា