ការស្វែងរកខ្លួនឯងជារឿងពិបាក ប៉ុន្តែអ្នកអាចចាប់ផ្តើមដោយសួរសំណួរសាមញ្ញមួយចំនួននេះថា តើអ្វីធ្វើឱ្យអ្នកសប្បាយចិត្ត? តើអ្នកពូកែខាងអ្វី? តើអ្នកឱ្យតម្លៃអ្វី (និងអ្នកណា)? តើអ្វីជម្រុញអ្នកឱ្យក្រោកពីព្រលឹម? លោក Ken Mogi ជាអ្នកនិពន្ធសៀវភៅ Awakening Your Ikigai បានប្រាប់រូមមន្តខ្លះៗ ឱ្យជីវិតររបស់មនុស្សរាប់លាននាក់ មានក្តីសុខ និងរីករាយនឹងការងារ មានដូចជា៖
១. ចាប់ផ្តើមពីតូច៖ ការរស់នៅរបស់ប្រជាជនជប៉ុនលើកោះអូគីណាវ៉ា មានក្តីសុខនោះ មកពីការប្រកាន់ខ្ជាប់តាមមាគ៌ាឡៅ ជឺ បានពោលថា ដំណើរផ្លូវឆ្ងាយចាប់ផ្តើមពីជំហានតូចៗ ជាមុនសិន។ នេះជាគតិបណ្ឌិតពួកគេបានព្យាយាមប្រើរស់នៅលើកោះអាយុវែងនេះ ចូររីករាយនឹងកិច្ចការតូចតាចដូចជាហាត់ប្រាណ ១០នាទី ហូបអាហារពេលព្រឹក និងនិយាយគ្នាបន្តិច រួចក៏បន្តធ្វើកិច្ចការយ៉ាងមានអារម្មណ៍សប្បាយចិត្ត។ ព្រោះអារម្មណ៍តូចៗ ជួយជម្រុញឱ្យជីវិតពួកគេគ្មានការប្រញ៉ាប់ខ្លាំងទេ វាជាដំណើរជីវីតតាមលំហូរចិត្តគ្មានការបង្ខំនោះទេ។
២. ស្រាយបញ្ហាចេញពីខ្លួន៖ អ្នករស់នៅលើកោះអាយុវែងនេះ កម្រប្រកាន់ និងគំនិតអវិជ្ជមានណាស់។ ពេលអ្នកទៅលេងភូមិ Ogimi នេះ ប្រជាជននឹងយកចិត្តទុកដាក់ និងដូចជាបានស្គាល់រូបអ្នកតាំងពីយូរមកហើយចឹងដែរ។ ពួកគេដឹងថា ការមានគំនិតអវិជ្ជមានច្រើន ជាការរឹតចំណងផ្លូវអារម្មណ៍កាន់តែតឹងលើសដើម។ ពេលពួកគេប្រឈមមុខនឹងបញ្ហា ពូកគេហ៊ានប្រឈមមុខ ដើម្បីដោះស្រាយ វាជួយអារម្មណ៍នេះស្រាលខ្លួន និងរីករាយបំផុត។
៣. រួមគ្នាក្នុងសហគមន៍៖ លោក Ken Mogi បានប្រាប់បន្ថែមថា អ្នកមិនអាចសម្រេចគោលដៅបានទេ បើប្រយុទ្ធជាមួយមនុស្សគ្រប់គ្នាឥតឈប់ឈរនោះ បានត្រឹមតែហត់នឿយ និងក្តៅក្រហាយចិត្តប៉ុណ្ណោះ។ នៅក្នុងសហគមន៍កោះអាយុវែង មានប្រព័ន្ធគាំទ្រគ្នា និងមើលថែរក្សាគ្នា ឱ្យសម្រេចគោលដៅអ្វីមួយ ក្នុងគ្រាដ៏លំបាកបំផុតក្នុងជីវិត។
៤. ភាពរីករាយក្នុងរឿងតូចតាចៗ៖ នេះជាមេរៀនមួយ អ្នកទាំងអស់គ្នាអាចរៀនសូត្រពីកោះអាយុវែងនេះ ចូររីករាយជាមួយខ្យល់ត្រជាក់ពេលព្រឹក ផឹកកាហ្វេមួយកែវ និងទទួលកាំរស្មើពន្លឺព្រះអាទិត្យ នេះជាភាគលម្អិតនៃទម្លាប់ពួកគេជម្រុញឱ្យក្រោកពីដំណេកយ៉ាងរីករាយ។
៥. នៅទីនេះ និងពេលឥឡូវនេះ៖ ការរស់នៅឱ្យស៊ីជម្រៅបំផុតនៃជីវិតប្រជាជនកោះអាយុវែងនេះ រីករាយក្នុងពេលនេះ ឬក្នុងពេលបច្ចុប្បន្នភាពឱ្យរស់រវើកបំផុត។ ទង្វើនេះ ធ្វើឱ្យពួកគេចេះផ្តោតអារម្មណ៍ និងការគិតក្នុងការអនុវត្តជាប្រចាំថ្ងៃ។ ហើយពួកគេអះអាងថា ការជ្រមុជខ្លួនក្នុងពេលបច្ចុប្បន្ននេះ វាជួយទ្រទ្រង់ស្ថានភាពចិត្តរបស់ពួកគេសម្រាប់ការអនុវត្តកិច្ចការ និងការរស់នៅបានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព