បញ្ហាសម្រសទម្ងន់នៅតែបន្តចោទមានឡើងជាប្រចាំថ្ងៃ ខណៈពេលដែលមនុស្សជាច្រើនកំពុងតែតាមដានស្វែងរកនូវយុទ្ធសាស្ត្រថ្មីៗដែលសាកសមនឹងខ្លួនដើម្បីអនុវត្តន៍តាម។ ហើយថ្ងៃនេះផងដែរ Healthy Cambodia នឹងសូមលើកយកនូវក្បួនសម្រក៣សាសន៍របស់តារាល្បីមកពី៣ប្រទេស ដែលពួកគាត់សុទ្ធសឹងតែជាតារាស្រីកំពុងតែមានប្រជាប្រិយក្នុងបណ្ដាញសង្គមបច្ចុប្បន្ន៖
១. Zhao Lusi (តារាស្រីចង្កេះអង្ក្រង ទម្ងន់មិនដល់៤០គីឡូផង)
ក្នុងមួយរយៈក្រោយមកនេះ វត្តមានតារាស្រីជនជាតិចិន Zhao Lusi កំពុងអង្រួនចិត្តមហាជនគាំទ្រពាសពេញបណ្ដាញសង្គម Tiktok ជាមួយសកម្មភាពក្រមិចក្រមើម គួមផ្សំបន្ថែមនឹងសម្រស់ស្រស់ស្អាត រាងតូចច្រលឹងគួរឱ្យខ្នាញ់។ ហើយអ្វីដែលជារូបមន្តថែរាងរបស់ Zhao Lusi ផ្តោតសំខាន់លើបញ្ជីរាយមុខម្ហូប៧ថ្ងៃ ដែលនាងតែងទទួលទានអាហារពេលព្រឹក និងថ្ងៃ ជាមួយរបបអាហារដែលកាឡូរីទាបដូចជា ស៊ុត គ្រាប់ធញ្ញជាតិ ប៉េងប៉ោះឆឺរី សាឡាដបន្លែ ទឹកដោះគោ សាច់ទ្រូងមាន់ ចេក ប៉ោម ដំឡូង...ជាដើម។ ដោយឡែកសម្រាប់អាហារពេលល្ងាច Zhao Lusi តំណមមិនញ៉ាំនោះទេ ដោយជួសមកជាការហាត់ប្រាណ និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់វិញ។
២. Lisa (Lalisa Manoban) (ទេពធីតាចង្កេះមួយក្តាប់គត់)
មហាជនគាំទ្រKpop មិនថាអ្នកណាៗក៏ស្រលាញ់ និងពេញចិត្តជាខ្លាំងពីវត្តមាន Queen of Dancer ប្រចាំកូរ៉េខាងត្បូង Lisa (Lalisa Manoban) ជាសមាជិកក្រុម Blackpink មានសញ្ជាតិជាជនជាតិថៃ។ រូបរាងមិនចេះប្រែប្រួលរបស់ Lisa បានធ្វើឱ្យអ្នកគាំទ្រឆ្ងល់ស្ទើរតែគ្រប់គ្នាថា តើធ្វើយ៉ាងណាទើបអាចទទួលបានរាងស្អាតដៃជើងស្រឡូន ទម្ងន់ថេរបាន? តែតាមពិត លីហ្សាប្រើក្បួនសាមញ្ញទេ ដោយញ៉ាំទឹកច្រើនអំឡុងពេលញ៉ាំអាហារ មានន័យថា ញ៉ាំអាហារបណ្តើរ ញ៉ាំទឹកបណ្តើរ។ ហើយការដែលធ្វើបែបនេះ ក៏អាចជួយរំលាយអាហារដែលញ៉ាំចូលទៅបានលឿនផងដែរ។ បន្ថែមជាមួយគ្នានេះទៅទៀត តារាស្រីកូនថៃរូបនេះ ក៏ជ្រើសនូវប្រភេទភេសជ្ជៈទឹកផ្លែឈើ និងរបបដែលមានបន្លែ ញ៉ាំជាប្រចាំផងដែរ ព្រោះវាអាចជួយជម្រុញកម្រិតវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗដែលរួមមាន beta carotene, folate, វីតាមីន E និងវីតាមីន C។
៣. Song Hye Kyo (តារាស្រីសម្រស់មិនចេះចាស់)
វត្តមានតារាស្រីកូរ៉េវ័យជិត៤០ឆ្នាំ Song Hye Kyo កំពុងធ្វើឱ្យអាម្មណ៍អ្នកគាំទ្រពុះកញ្ជ្រោលជាមួយនឹងរូបសម្រស់ក្មេងវ័យ រាងស្រឡូនសាច់ចាំមិនចាញ់ក្មេងស្រី១៨ឆ្នាំឡើយ។ Song Hye Kyo មានទម្លាប់ថែសម្រស់ខុសពីអ្នកដទៃដោយ នាងមិនខ្ចីតមអាហារ ព្រោះនាងមិនចូលចិត្តប្រើរបបអាហារស៊ាំញ៉ាំច្រើនដូចគេនោះឡើយ តែនាងមានទម្លាប់២ដែលជាកត្តាធ្វើឱ្យទទួលបានរាងស្អាត ស្បែកក្មេងជាងវ័យដោយ៖
១. ផឹកទឹកក្រូចឆ្មា ៣លីត្ររាល់ថ្ងៃ៖ កន្លងមក Song Hye Kyo ធ្លាប់បានចែករំលែកនូវរូបមន្តសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពរបស់នាងទៅកាន់មហាជនគាំទ្រ ដែលនេះជាវិធីស្រួលធ្វើខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នាដោយគ្រាន់តែផឹកទឹកក្រូចឆ្មាយ៉ាងហោចណាស់ ៣លីត្រជារៀងរាល់ថ្ងៃ។ សម្រាប់ការធ្វើទឹកក្រូចឆ្មានេះនាងតែងតែលាយក្រូចឆ្មា១/២ ជាមួយនឹងទឹក ១លីត្រ ហើយរៀបចំទុកឱ្យបានគ្រប់ចំនួន៣លីត្រជាប្រចាំ អាចផឹកក្តៅឧណ្ឌៗ ឬត្រជាក់ ក៏បាន។
២. ធ្វើលំហាត់ប្រាណ៖ របៀបនៃការហាត់ប្រាណរបស់ Song Hye Kyo កាន់តែមានលក្ខណៈប្លែកខុសពីគេទៅទៀត ព្រោះថានាងមានរបៀបហាត់ចម្រុះដូចជា យូហ្គា, ទាត់ប្រដាល់, Pilate និងហាត់ធាត់កង់។ ជាងទូទៅ Song Hye Kyo តែងតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន៤ដងក្នុង១សប្តាហ៍ និង១ដងយ៉ាងតិច២០នាទី។
គូសបញ្ជាក់បន្ថែមឱ្យដឹងផងដែរថា បើទោះបីជា Song Hye Kyo ពុំសូវជាតមអាហារខ្លាំងណាស់ណាក្តី តែនាងក៏មិនទទួលទានរបបអាហារដែលប៉ះពាល់ដល់សុខភាពដែលមានដូចជាប្រភេទភេសជ្ជៈផ្អែម អាហារមានជាតិខ្លាញ់ដែរ ពីព្រោះសម្រស់មនុស្សមនុស្សគ្រប់រូបគឺតម្រូវការវីតាមីនដើម្បីចូលទៅជួយបំប៉ន មិនសារធាតុចូលទៅជួយបំផ្លាញនោះទេ។ ម្យ៉ាងវិញទៀត សម្រាប់មនុស្សដែលចូលដល់វ័យខ្ទង់ជិត៤០ឆ្នាំដូចជារូបនាង គឺតម្រូវការខូឡូជែនជាចាំបាច់ខ្លាំង ហេតុនេះជា Song Hye Kyo មិនបោះចោលនូវទម្លាប់ញ៉ាំបន្លែផ្លែឈើឱ្យបានច្រើននោះឡើយ៕