មន្ទីរពេទ្យបំរុងរ៉ាត់គឺជាមន្ទីរពេទ្យមួយដ៏ល្បីនិងឈានមុខគេនៅទីក្រុងបាងកកប្រទេសថៃដែលមានការទទួលស្គាល់ស្តង់ដារអន្តរជាតិ យ៉ាងណាមិញលោកអ្នកប្រហែលជាមិនទាន់បានដឹងឬបានដឹងខ្លះៗរួចមកហើយថាតើ អ្នកណាទៅនៅពីក្រោយភាពជោគជ័យនៃមន្ទីរពេទ្យអន្តរជាតិមួយនេះ ហើយតើមន្ទីរពេទ្យមួយនេះមានចំំណុចលេចធ្លោត្រង់ណាខ្លះលើសពីមន្ទីរពេទ្យក្នុងស្រុកយើង។
លោកឆៃ សុភ័ន្ត្រផានិច Chai Sophonpanich បច្ចុប្បន្នគឺជាប្រធានមន្ទីរពេទ្យបម្រុងរ៉ាត់នៅប្រទេសថៃវ័យ៧៥ឆ្នាំ។ លោកមិនត្រឹមតែជាប្រធានមន្ទីរពេទ្យក៏ល្បីឈ្មោះមួយនេះ លោកមានក្រុមហ៊ុនប្រមាណជា២២ក្រុមហ៊ុនធំៗទៀតនៅក្នុងដៃរបស់លោក ដែលក្រុមហ៊ុនខ្លះគឺជាក្រុមហ៊ុនដែលបន្សល់ទុកពីឪពុករបស់លោកផ្ទាល់ហើយក្រុមហ៊ុនទាំងនោះទៀតសោតភាគច្រើនទាក់ទងនិងវិស័យសុខាភិបាល គឺមន្ទីរពេទ្យ កន្លែងហាត់ប្រាណ និងសេវាកម្មធានារ៉ាប់រងសុខភាពជាច្រើនទៀត។
ក្រលេកមកមើលមន្ទីរពេទ្យបំរុងរ៉ាត់ដែលជាមន្ទីរពេទ្យពេញនិយមក្នុងពេលបច្ចុប្បន្នយើងវិញម្តង មន្ទីរពេទ្យមួយនេះក្រៅតែពីមានការទទួលស្គាល់ស្តង់ដារជាអន្តរជាតិទៅហើយនោះថែមទាំងជាមន្ទីរពេទ្យឯកជនដែលធំជាងគេមួយនៅអាស៊ីអាគ្នេយ៏ទៀតផង អ្វីដែលពិសេសគឺមន្ទីរពេទ្យមួយនេះបានកកើតឡើងតាំងពីឆ្នាំ១៩៨៩មកម្លេះ មកទល់ពេលនេះពួកគេបានបម្រើអ្នកជំងឺអស់ជាង៤សតវត្សមកហើយ។ ជារៀងរាល់ឆ្នាំមន្ទីរពេទ្យមួយនេះបានព្យាបាលអ្នកជំងឺមិនតិចជាង១.១លាននាក់ ដែលរួមមានទាំងអ្នកជំងឺជាតិនិងអន្តរជាតិមកពីប្រមាណជាង១៩០ប្រទេស។
កត្តាដែលមន្ទីរពេទ្យមួយនេះទទួលបានការគាំទ្រខ្លាំងបែបនេះគឺដោយសារតែ គុណភាពសុវត្ថិភាពដែលអាចវាស់បានតាមរយៈលទ្ធផលនៃការព្យាបាល។ មន្ទីរពេទ្យមួយនេះគឺជាមន្ទីរពេទ្យអាស៊ីដំបូងបង្អស់ដែលមានការទទួលស្គាល់ពីស្តង់ដារគុណភាពJCIពីសហរដ្ឋអាមេរិក លើសតែពីនេះក៏មានកត្តាសំខាន់មួយទៀតគឺជាការចូលរួមពីសំណាក់អ្នកជំនាញវេជ្ជសាស្រ្តដែលមានថ្វីដៃ។ មន្ទីរពេទ្យអន្តរជាតិមួយនេះទទួលបានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តជាង១៣០០នាក់ និងមានក្រុមជំនួយការគ្រូពេទ្យមិនក្រោម៤៨០០នាក់ទៀត ដែលបែងចែកជាជាង៧០ជំនាញផ្សេងៗគ្នាតាមផ្នែកវេជ្ជសាស្រ្ត។
លើសតែពីនេះគឺរបកគំហើញថ្មីនិងប្រព័ន្ធបច្ចេកវិទ្យារបស់មន្ទីរពេទ្យមួយនេះក៏មិនធម្មតាដែរ ពោលគឺនាំយកប្រព័ន្ធបច្ចេកវិទ្យាមកពីបណ្តាប្រទេសអភិវឌ្ឍប៉ែកខាងអ៊ឺរ៉ុបជាច្រើនដូចជា សហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុប។
លើសតែពីនោះមន្ទីរពេទ្យនេះក៏មានបំពាក់នូវម៉ាស៊ីនជំនួយវេជ្ជសាស្រ្តស្វ័យប្រវត្តិដែលជួយក្រុមគ្រូពេទ្យតាមរយៈធ្វើការវិភាគរកទិន្នន័យអ្នកជំងឺបានរហ័សលឿនទាន់ចិត្តពីក្នុងកំណត់ត្រាអ្នកជំងឺរាប់ពាន់នាក់ទៀតផង។ ចំណុចពិសេសចុងក្រោយនោះគឺការសម្តែងការខ្វល់ខ្វាយជូនអ្នកជំងឺទាំងការថែទាំនិងសេវាកម្ម, នៅក្នុងមន្ទីរពេទ្យមួយនេះគ្រូពេទ្យទាំងអស់សុទ្ធតែអាចនិយាយភាសាអង់គ្លេសបាន ហើយក៏មានអ្នកបកប្រែប្រមាណជាង២០០នាក់់បន្ថែមទៀតសម្រាប់សម្រួលជូនអ្នកជំងឺអន្តរជាតិ បើនិយាយពីសេវកម្មវិញគឺរហ័សទាន់ចិត្ត ដែលអាចព្យាបាលក្នុងពេលខ្លីដើម្បីអាចអោយអ្នកជំងឺឆាប់បានត្រលប់ទៅលំនៅដ្ឋានវិញបាន។
គ្រប់យុទ្ធសាស្រ្តនិងការព្យាយាមរបស់បុគ្គលិកមន្ទីរពេទ្យទាំងអស់ធ្វើឡើងឱ្យសមនិងឈ្មោះរបស់ខ្លួនគឺ បំរុងរ៉ាត់ ដែលបកប្រែជាភាសាខ្មែរថា មើលថែប្រជាពលរដ្ឋ៕
អត្ថបទស្រាវជ្រាវ អឿ ស្រីហួយ