ការដុសធ្មេញ គឺជាការសម្អាតបាត់តេរីដែលកកើតមាននៅក្នុងមាត់ ដោយសារតែបំណែកអាហារដែលពុកផុយស្អិតជាប់ធ្មេញនោះ។ បាក់តេរីទាំងនេះហើយ ដែលជាតួអង្គក្នុងការផលិតសមាសធាតុស្ពាន់ធ័រនាំឱ្យមានក្លិនមាត់អាក្រក់ ស្អុយជាដើម។ ហើយជាមួយគ្នានេះការដុសធ្មេញតែម្យ៉ាងមិនអាចបំបាត់ក្លិនចេញពីមាត់បាននោះទេ ទោះជាខំដុសច្រើនដង ឬប្រើថ្នាំដុសធ្មេញថ្លៃៗប៉ុនណាក៏ដោយ។ តាមការឱ្យដឹងពី Healthline បើអ្នកបានជួបនូវកត្តា៣ដូចខាងក្រោម នោះអ្នកប្រាកដជាមានក្លិនមាត់ស្អុយ បើចង់ឱ្យមាត់ក្លិនល្អឡើងវិញត្រូវកម្ចាត់រឿងទាំង៣នេះចេញសិន។
១. មានប្រហោងធ្មេញ និងជំងឺអញ្ចាញធ្មេញ
តាមការសិក្សាពី Healthline បើធ្មេញអ្នកមានពុក មានប្រហោង កុំឆ្ងល់ថាហេតុអ្វីបានក្លិនមាត់អ្នកមិនល្អសោះ ព្រោះថាបាត់តេរីដែលបណ្តាលឱ្យមានក្លិនមាត់អាចលាក់ខ្លួននៅក្នុង ប្រហោងធ្មេញរបស់អ្នកនោះឯង។ នៅពេលអ្នកដុសធ្មេញ វាមិនអាចចូលទៅសម្អាតតាមប្រហោងនោះទេ ព្រោះវាលាក់នៅកន្លែងដែលអ្នកមិនអាចមើលឃើញឬដុសធ្មេញទៅដល់។
២. មាត់ស្ងួតខ្លាំងពេក
ទឹកមាត់របស់អ្នកដើរតួនាទីជាច្រើននៅក្នុងមាត់របស់អ្នក។ វាជួយបំបែកអាហារនៅក្នុងមាត់, ទំពារ លេប, និងនិយាយផងដែរ។ លើសពីនេះទៀត វាអាចជួយរក្សាបាក់តេរីនៅក្នុងមាត់ក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ ហេតុនេះអ្នកត្រូវរក្សាសំណើមក្នុងមាត់ឱ្យសមរម្យ ឱ្យក្រពេញទឹកមាត់មានសំណើមគ្រប់គ្រាន់។
៣. ការជក់បារី
ការជក់បារី អាចធ្វើឱ្យមានក្លិនមាត់មិនល្អ ដោយសារផ្សែងថ្នាំជក់ធ្វើឱ្យខ្យល់ដង្ហើមមានក្លិនអាក្រក់តាមនោះ។ វាក៏អាចធ្វើឱ្យមាត់ស្ងួត និងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺអញ្ចាញធ្មេញផងដែរ។ រួមបញ្ចូលគ្នាទាំងមាត់ស្ងួត និង ជំងឺអញ្ចាញ ការជក់បារីទៀត ប្រាកដណាស់មាត់របស់អ្នកមានអាចមានក្លិនល្អ ឬក្លិនធម្មតាដូចគេនោះទេ៕
អត្ថបទដោយ៖ កញ្ញា លីហួយ