ផ្លែឈើចម្រុះ ត្រូវបានគេរាប់បញ្ជូលទៅក្នុងរបបអាហារមានអត្ថប្រយោជន៍ខ្ពស់ ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ មិនថាប្រភេទជំងឺកម្រិតធ្ងន់ ឬកម្រិតស្រាលទេ។ ទន្ទឹមនឹងនេះទៀតសោត សារធាតុចិញ្ចឹមខ្លឹមៗមាននៅក្នុងផ្លែ នឹងចូលទៅជួយប្រឆាំងជាមួយនឹងការរលាក ពង្រឹងដល់កោសិកាលូតលាស់ ធ្វើឱ្យស្បែកភ្លឺថ្លា និងសក់ភ្លឺរលោង។
យ៉ាងណាមិញ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្លាំងពីការទទួលទានផ្លែឈើជាប្រចាំថ្ងៃ ប្រភព Healthline បានលើកឡើងនូវរូបមន្តផ្លែឈើផ្សំញុំាចំនួន៦មុខ ប្រសិនជាញុំាព្រឹក និងល្ងាច នឹងផ្តល់នូវប្រភពថាមពលធំជួយសុខភាព ប្រឆាំងជំងឺផ្សេងៗ ទៅតាមសមត្ថភាពរបស់វា៖
១. ផ្លែឆឺរី+ម្នាស់+ប្លូបឺរី (ប្រឆាំងនឹងការរលាក)
ម្នាស់សម្បូរទៅដោយ វីតាមីន C និងមានអង់ស៊ីមម្យ៉ាងហៅថា Bromelain ដែលសារធាតុទាំងនេះ នឹងជួយកាត់បន្ថយបញ្ហានៃការរលាកពោះវៀន បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងជំរុញការរំលាយអាហារ។ ផ្លែឈើមួយមុខនេះ នៅពេលផ្សំវាជាមួយផ្លែប្លូបឺរី និងឆឺរី ដែលផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A , C, E និងAnthocyanin បង្កើនកម្រិតនៃការទប់ទល់ទៅនឹងបញ្ហារលាកបានកាន់តែខ្លាំង។
២. ក្រូចថ្លុង+គីវី+ស្ត្របឺរី (បង្កើនប្រព័ន្ធសុំា)
ផ្លែគីវី មានផ្ទុកទៅដោយវីតាមីនC ដ៏សម្បូរបែបមានអត្ថប្រយោជន៍នៅក្នុងការជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយ និងការពារពីការបំផ្លាញរ៉ាឌីកាល់សេរី ដែលអាចនាំកើតមានបញ្ហារលាកក្នុងរាងកាយ។ ចំណែកឯផ្លែក្រូចថ្លុង និងស្រ្តបឺរី ត្រូវបានគេស្គាល់ថា ជាប្រភពធំនៃវីតាមីន A និងC មានតួនាទីជួយបង្កើនភាពស៊ាំ និងប្រឆាំងនឹងជំងឺ។
៣. ផ្លែល្វា+ ទំពាំងបាយជូរក្រហម+ផ្លែទទឹម (ប្រឆាំងនឹងអុកស៊ីតកម្ម)
ផ្លែឈើទាំងបីនេះ សម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងជំងឺ ដែលការពាររាងកាយពីការបំផ្លាញរ៉ាឌីកាល់សេរី និងរក្សាឱ្យសុខភាពមើលទៅក្មេងជាងវ័យ មិនងាយទ្រុឌទ្រោមទៅតាមការវិវត្តនៃអាយុ។
សារធាតុ Resveratrol នៅក្នុងផ្លែទំពាំងបាយជូរក្រហម ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ប្រឆាំងភាពចាស់ ជួយស្បែកទប់ទល់នឹងការបំផ្លាញដោយកាំរស្មីអ៊ុលត្រា។ រីឯ ផ្លែទទឹម និងផ្លែល្វា សម្បូរទៅដោយសារធាតុរ៉ែ រួមទាំងប៉ូតាស្យូម កាល់ស្យូម ម៉ាញេស្យូម ជាតិដែក និងទង់ដែង ជាមួយវីតាមីន A, E និង K ដែលសារធាតុទាំងនេះមានមុខងារ ជួយប្រយុទ្ធប្រឆាំងនឹងជំងឺ ថែរក្សាកោសិកាផ្សេងៗនៃសរីរាង្គកាយឱ្យមានសភាពរឹងមាំទ្វេដង។
៤. Goji berry +ឪឡឹក+ក្រូចឆ្មា (បន្សាបជាតិពុល)
ផ្លែឪឡឹកដែលមានជាតិទឹក ៩២% និងមានសារធាតុបន្សាបជាតិពុលដ៏សំខាន់មួយឈ្មោះថា Glutathione ។ វាក៏ជាប្រភពនៃសារធាតុ Lycopene វីតាមីន A និង C ជួយបន្ថែមក្នុងការបន្សាបជាតិពុល និងប្រឆាំងរ៉ាឌីកាល់សេរី។ ចំពោះ ក្រូចឆ្មា មានគុណសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងមេរោគ ដោយជាទូទៅក្រូចឆ្មារ ត្រូវបានយកទៅលាយជាមួយនឹងទឹកក្តៅឧណ្ហៗ ធ្វើជាឱសថធម្មជាតិក្នុងការ បំបាត់ការហើមពោះ លាងសម្អាតបាក់តេរីមិនល្អមានរាងកាយ និងជំនួយដល់រំលាយអាហារ។
ចំណែកឯ goji berries ត្រូវរាប់បញ្ជូល ជាអម្បូរពូជផ្លែបឺរី ដែលមានរសជាតិជូរ និងសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន (A, B, C, និង E) ជាតិដែក និង កូលីន ដែលថ្លើមត្រូវការសម្រាប់ដំណើរការបន្សាបជាតិពុល។
៥. បឺរីខ្មៅ+ល្ហុង+ត្រសក់ផ្អែម (លើកកម្ពស់សម្រស់)
ផ្លែល្ហុងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដែលជួយដល់ការផលិតកូឡាជែនក្នុងស្បែក ជាមួយគ្នានេះ វាក៏មានអង់ស៊ីមម្យ៉ាងហៅថា papain ដែលជួយប្រឆាំងនឹងការខូចខាតស្បែកផងដែរ។ ចំពោះបឺរីខ្មៅ និងត្រសក់ផ្អែមវិញ គឺជាផ្លែឈើដែលមានជាតិស្ករទាប សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន A និង C ជួយធ្វើឱ្យស្បែកភ្លឺរលោង និងសុខភាពសក់រឹងមាំល្អ។
៦. ចេក+ផ្លែបឺរ+ផ្លែប៉ោម (ផ្តល់ថាមពល)
ប្រភពថាមពលពិសេសកើតចេញពីការទទួលទាននូវប្រភេទផ្លែចេក លាយជាមួយផ្លែបឺរ និងផ្លែប៉ោម ផ្តល់ឱ្យអ្នកទទួលទាននូវខ្លាញ់ល្អជំនួយដល់សុខភាពផ្លូវចិត្ត ជួយដល់ប្រព័ន្ធការរំលាយអាហារ រក្សាភាពឆ្អែតបានយូរ ដោយនេះ គឺអាហារល្អបំផុតសម្រាប់អ្នកកំពុងហាត់ប្រាណសម្រកទម្ងន់ និងថែរាង ជាមួយការតមអាហារ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី