អូទីស្សឹម(Autism)គឺជាបញ្ហាប្រព័ន្ធប្រសាទមិនប្រក្រតីរបស់កុមារ រោគសញ្ញានេះលេចនៅលើកុមារចន្លោះអាយុ១៨ ទៅ៣០ខែ។ តាមអ្នកគ្រូចិត្តវិទ្យា មៀច សុជា ធ្វើការជាមួយការអភិវឌ្ឍន៍កុមារ (Unique child development clinic) បានមានប្រសាសន៍ថា អូទីស្សឹមមិនមែនជាជំងឺនោះទេ បានន័យថាបុគ្គលដែលមានបញ្ហាអូទីស្សឹមមិនមានលក្ខណះមើលទៅខុសគ្នាពីអ្នកដទៃនោះទេ ប៉ុន្តែពួកគេអាចខ្សោយផ្នែកភាសា អាកប្បកិរិយា ការរៀនសូត្រ និងការយល់ឃើញពិភពដែលនៅជុំវិញខ្លួនរបស់គេ។ ហើយរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹមដូចជា៖
១. ធ្វើអ្វីមួយម្តងហើយម្តងទៀតដូចជាការនិយាយម្នាក់ឯង និយាយភាសាតុក្កតាឬគ្រវីក្បាល
២. មិនមើល ឬស្តាប់អ្នកដទៃ
៣. មិនសម្លឹងមើលអ្វីមួយ នៅពេលនរណាម្នាកើចង្អុលមកពួកគេ
៤. មិនចង់ឲ្យគេកាន់ដៃ ឬឱបទេ
៥. និយាយជាសំលេងចម្រៀងរាបស្មើរឺសំលេងមនុស្សយន្ត ឬតុក្កតា
ហើយអ្នកគ្រូបន្ថែមថា អាកប្បកិរិយាកុមារនេះ ចូលចិត្តរលាស់ដៃ បង្វិលខ្លួន ដើរចុងជើង(ដើរចង្អើតជើង) ចូលចិត្តធ្វើសកម្មភាពឫលេងអ្វីដដែលៗ បោកក្បាល ខាំខ្លួនឯង មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់។ លើសពីនេះសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស និងពេលខ្លះកុមារមិនមានប្រតិកម្មទៅនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) មានបញ្ហាញាណដឹង កុមារមិនដឹងពីរសអាហារ។
ហើយយោងតាម UNICEF Cambodia - ដើម្បីកុមារគ្រប់រូប បានលើកឡើងថា តើអ្នកដឹងទេ? អូទីស្សឹម គឺជាលក្ខខណ្ឌផ្នែកប្រព័ន្ធប្រសាទដែលជះឥទ្ធិពលលើរបៀបដែលកុមារមើលឃើញ យល់ដឹង និងទំនាក់ទំនងជាមួយពិភពលោកជុំវិញខ្លួន។
កុមារអូទីស្សឹមម្នាក់ៗសុទ្ធតែមានភាពពិសេសរៀងៗខ្លួន។ កុមារខ្លះអាចនឹងត្រូវការការគាំទ្រពេញមួយជីវិត ខណៈដែលខ្លះទៀតអាចរស់នៅដោយឯករាជ្យម្ចាស់ការលើខ្លួនឯង។ ពួកគាត់ម្នាក់ៗសុទ្ធតែមានចំណុចខ្លាំង បញ្ហាប្រឈម និងរឿងរ៉ាវរៀងៗខ្លួន ហើយគ្រប់គ្នាគឺសុទ្ធតែមានតម្លៃ និងសមនឹងទទួលបានការយកចិត្តទុកដាក់ ក៏ដូចជាការផ្តល់ឱកាសឱ្យចូលរួមក្នុងសង្គម។ សូមលើកទឹកចិត្តឲ្យយើងរួមគ្នាលើកកម្ពស់ការយល់ដឹង និងជម្រុញការផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងសង្គម តាមរយៈការកសាងសាលារៀន សហគមន៍ និងប្រព័ន្ធការងារដែលមានភាពរួមបញ្ចូលដល់កុមារគ្រប់រូប រួមទាំងកុមារអូទីស្សឹមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
