ជំងឺមហារីកគ្រាប់ឈាម ដែលត្រូវបានបងប្អូនប្រជាជនកម្ពុជាស្គាល់ថា ជាជំងឺឈាមសស៊ីឈាមក្រហម គឺជាប្រភេទជំងឺមហារីកកាចសាហាវមួយនៅក្នុងចំណោមរោគមហារីកដទៃទៀត ដោយអាចប៉ះពាល់ដល់អាយុជីវិតមនុស្សក្នុងរយៈពេលខ្លីបំផុត ប្រសិនបើមិនយកចិត្តទុកដាក់ព្យាបាលឱ្យបានទាន់ពេលវេលាទេ។
ជាក់ស្តែង បើយោងទៅតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ងួន ផានិត ជាវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាម នៃគ្លីនិកអេម៉ាតូអុងកូ បានប្រាប់ក្រុមការងារចាបបៃតងអំពី ជំងឺឈាមសស៊ីឈាមក្រហមថា ជំងឺប្រភេទនេះ គឺជាជំងឺមួយដែលហៅជាភាសាបច្ចេកទេសថា មហារីកគ្រាប់ឈាម (Leukemia) តែជាទូទៅប្រើសម្រាប់ពន្យល់ឱ្យមនុស្សទូទៅងាយយល់ហៅថា ឈាមសស៊ីឈាមក្រហម។ ជំងឺនេះបង្កឱ្យដោយសារខួរឆ្អឹងមិនផលិតគ្រាប់ឈាមទាំង៣ តែបែរជាទៅផលិតគ្រាប់ឈាមសមិនមែនជាគ្រាប់ឈាមធម្មតាតែជាគ្រាប់ឈាមមហារីក។
លោក វេជ្ជបណ្ឌិត ងួន ផានិត បានបន្ដថា ខួរឆ្អឹង ជាធម្មតាផលិតកោសិកាគ្រាប់ឈាមទាំងអស់មាន៣ប្រភេទ គឺកោសិកាគ្រាប់ឈាមក្រហម (Red blood Cell) កោសិកាគ្រាប់ឈាមស (White Blood Cell) និងកោលិកាឈាមពណ៌លឿង ឬហៅថា ប្លាកែត (Platelets)។
ដោយឡែក នៅពេលកើត មហារីកគ្រាប់ឈាម ឬគ្រាប់ឈាមសស៊ីឈាមក្រហមនេះ គឺដោយសារខួរឆ្អឹងមានបញ្ហាមិនបានផលិតគ្រាប់ឈាមទាំង៣នេះទេបានត្រឹមត្រូវទេ តែទៅផលិតជាប្រភេទគ្រាប់ឈាមមហារីក ឬកោសិកាមហារីកវិញដែលហៅថា(Blasts) និងធ្វើឱ្យគ្រាប់ឈាមទាំង៣ចុះថយ។
វេជ្ជបណ្ឌិត ងួន ផានិត បានបន្ដប្រាប់ក្រុមការងារចាបបៃតងទៀតថា ជំងឺមហារីកគ្រាប់ឈាម ឬជំងឺឈាមសស៊ីឈាមក្រហមនេះ អាចកើតលើមនុស្សគ្រប់វ័យមិនថាកុមារ វ័យជំទង់ ឬក៏មនុស្សចាស់ឡើយ។ ទន្ទឹមនឹងនេះទៀតសោត ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលានោះទេ អាចគ្រោះថ្នាក់ខ្ពស់បំផុតដល់អាយុជីវិតអ្នកជំងឺ។
ជំងឺមហារីកគ្រាប់ឈាម ឬក៏គ្រាប់ឈាមសស៊ីឈាមក្រហមមានពីរប្រភេទគឺ Chronic Leukemia និង Acute Leukemia ដោយប្រភេទ Chronic Leukemia មានរយៈពេលរុំារ៉ៃ ពី៣ខែទៅ៦ខែ ហើយប្រភេទAcute Leukemiaវិញ គឺធ្វើទុកលឿនបំផុតជាទូទៅមិនដល់១០ថ្ងៃទេ អ្នកជំងឺចាប់ផ្ដើមធ្វើទុក ខ្លាំង និងប្រឈមជាមួយគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិត ប្រសិនបើពុំបានទៅជួបពេទ្យជំនាញព្យាបាលឱ្យទាន់ពេល។
រោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាម គឺអាស្រ័យលើទំហំដែលមហារីកគ្រាប់ឈាមបានវាយលុកទៅលើខ្លួនអ្នកជំងឺ និងកម្រិតរាលដាលទៅគ្រប់កន្លែងនៃរាងកាយតាមរយៈចរន្តឈាម។ ហើយចំពោះអាការដែលត្រូវយកចិត្តដាក់ទៅមន្ទីរពេទ្យភ្លាមៗរួមមាន៖
- ជាទូទៅគ្រាប់ឈាមក្រហមមានប្រហែល១៣ទៅ១៥ កាលណាខ្វះគ្រាប់ឈាមក្រហម បានបញ្ចេញជាអាការស្លេកស្លាំង ឆាប់ហត់ ពិបាកដកដង្ហើម ឈឺក្បាល… ជាដើម
- ក្ដៅខ្លួន បែកញើសខុសធម្មតា ឬមានមេរោគនៅក្នុងឈាម ជាសញ្ញានៃការចុះគ្រាប់ឈាមស
- ឡើងអុចក្រហមលើស្បែកខុសធម្មតា ឈាមអញ្ចាញ ឈាមច្រមុះ ជាសញ្ញានៃការចុះបរិមាណ ប្លាកែត(Platelets)
- ស្រកទម្ងន់ខុសធម្មតា
- ឡើងកូនកណ្ដុរ (lymphadenopathy) ឡើងទំហំនៃថ្លើម (liver) ឬអណ្ដើក (Spleen) ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត ងួន ផានិត ក៏បានណែនាំពីវិធីការពារ ឬបង្ការហានិភ័យកើតជំងឺមហារីកគ្រាប់ឈាម ឬគ្រាប់ឈាមសស៊ីឈាមក្រហមផងដែរ ដែលបុគ្គលគ្រប់រូបត្រូវយល់ដឹងស្ដីអំពីសុខភាពឱ្យខ្លាំង យកចិត្តទុកដាក់ថែទាំសុខភាព ជាវិធីសាស្ត្រដ៏ល្អបំផុត។
វិធីសាស្ត្រក្នុងការការពារជំងឺមហារីកគ្រាប់ឈាម ឬឈាមសស៊ីឈាមក្រហមរួមមាន៖
- កាត់បន្ថយភាពស្ត្រេស (Stress)
- បរិភោគអាហារសុខភាព (បន្លែ ផ្លែឈើ ទឹកដោះ...)
- ចៀសវាងអាហារខ្លោចពេក កាត់បន្ថយគ្រឿងស្រវឹង បារី
- ព្យាយាមហាត់ប្រាណជាប្រចាំ
- កុំប្រាស់ឱសថដោយគ្មានការណែនាំពីគ្រូពេទ្យត្រឹមត្រូវ
- កុំនៅហាលថ្ងៃយូរពេក
- ព្យាយាមកាត់បន្ថយកាំរស្មីវិទ្យុសាស្ត្រ កាំរស្មីនៃប្រព័ន្ធទូរសព្ទ Internet
- រក្សាទម្ងន់កុំឱ្យស្គមពេក ឬក៏ធាត់ពេក
- តាមដាន ពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទៀងទាត់ យ៉ាងតិចណាស់១ឆ្នាំម្តង បើទោះបីជាគ្មានជំងឺអ្វីក៏ដោយក្តី និងជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានឆាប់រហ័ស ប្រសិនបើមានបញ្ហាសុខភាពក្នុងករណីណាមួយខុសប្រក្រតី។
ជាចុងក្រោយលោក វេជ្ជបណ្ឌិត ងួន ផានិត បន្តទៀតថា បើដឹងថាខ្លួនកើតមានអាការៈទាំងអស់ដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យសុខភាពខួរឆ្អឹងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ព្រោះមានតែវិធីនេះទេ ជួយសង្គ្រោះជីវិតកុំឱ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់បានទាន់ពេលវេលា៕
អត្ថបទដោយ៖ ប៉ែត ធីតា

