ការឆបោកស្នេហាតាមអនឡាញ គឺជាប្រភេទឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលជនល្មើសប្រើប្រាស់ចិត្តសាស្ត្រក្លែងបន្លំអត្តសញ្ញាណ ដើម្បីបង្កើតមិត្តភាព ឬទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ ក្នុងគោលបំណងលួងបោកយកប្រាក់ ឬជំរិតទារប្រាក់។ សកម្មភាពនេះប្រព្រឹត្តឡើងដោយក្រុមជនល្មើសតាមរយៈល្បិចកលដូចខាងក្រោម៖
១. ការក្លែងបន្លំអត្តសញ្ញាណ (Identity Impersonation)៖ ប្រើប្រាស់ រូបថត និងអត្តសញ្ញាណរបស់អ្នកដទៃ ដើម្បីបង្កើតគណនីក្លែងក្លាយលើបណ្តាញសង្គម ក្នុងបំណងប្រស្រ័យទាក់ទងជាមួយជនរងគ្រោះ។
២. ការសាងទំនុកចិត្ត (Manipulation)៖ ព្យាយាមចំណាយពេលនិយាយផ្អែមល្ហែម លួងលោម ដើម្បីឱ្យជនរងគ្រោះលង់ស្រលាញ់ និងទុកចិត្តខ្លួន។
៣. ប្រឌិតរឿងដើម្បីបោកប្រាក់៖ ពេលជនរងគ្រោះទុកចិត្តជនល្មើសនឹងប្រឌិតរឿងហេតុអាសន្នដូចជា ជួបគ្រោះថ្នាក់រកស៊ីខាតបង់ ឬត្រូវគេលួចប្រាក់ ដើម្បីសុំខ្ចីប្រាក់បន្ទាន់។
ដើម្បីចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃឧបាយកលនេះ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តតាមវិធានការបង្ការ និងការពារ «៣កុំ»៖
១. កុំ៖ ងាយជឿទុកចិត្តលើបុគ្គលដែលស្គាល់តាមរយៈបណ្តាញសង្គម។
២. កុំ៖ ផ្ញើរូបភាព ឬវីដេអូឯកជន(អាក្រាតកាយ)ទៅនរណាម្នាក់ឡើយ។
៣. កុំ៖ ផ្តល់កម្ចីឱ្យបុគ្គលដែលពុំស្គាល់ពីសាវតារច្បាស់លាស់។
ប្រសិនបើលោកអ្នកចាញ់ឧបាយកលជនល្មើស ត្រូវបញ្ឈប់ការផ្ទេរប្រាក់ភ្លាម និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

