មនុស្សភាគច្រើន មិនសូវពូកែធ្វើទំនាក់ទំនងនិងប្រើសម្តីចងមិត្ត បន្ទាន់ចិត្តអ្នកដទៃនោះឡើយ ហើយក៏មានសាងកំហុសឆ្គង ធ្វើឱ្យការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃកាន់យឺបយ៉ឺនថែមទៀត។ យ៉ាងណាមិញបើតាមប្រភពពីសមគមន៍អភិវឌ្ឍន៍ជំនាញ Skillyouneed បានឱ្យដឹងថា កំហុសឆ្គងធំៗទាំង ៣នេះ ធ្វើឱ្យមនុស្សមិនពូកែសម្តី មិនចេះធ្វើទំនាក់ទំនង កាន់តែពិបាកចុះចំណោមជាមួយអ្នកដទៃ។
១. មិនច្បាស់ថាចង់និយាយអ្វី៖ការធ្វើទំនាក់ទំនងកសាងមិត្តភាព ភាពច្បាស់លាស់លើការនិយាយពិតជាសំខាន់។ ដូច្នេះការដែលអ្នកមិនច្បាស់ថាខ្លួននឹងនិយាយអ្វីជាមួយអ្នកដទៃ និយាយពីនេះបន្តិចពីនោះបន្តិច នឹងធ្វើឱ្យអ្នកដទៃពិបាកយល់ពីអ្នក ហើយអ្នកក៏ពិបាកយល់ពីតម្រូវការរបស់អ្នកដទៃវិញដែរ។ ហេតុនេះដើម្បីកុំឱ្យមានកំហុស និងអាចកសាងទំនាក់ទំនងឱ្យបានល្អអ្នកត្រូវប្រាកដថាអ្នកបានត្រៀមខ្លួន ដើម្បីនិយាយអំពីប្រធានបទអ្វីដែលអ្នកចង់និយាយ និងមានតម្រូវការក្នុងការនិយាយ។
២. ពូកែនិយាយកាត់អ្នកដទៃ៖ ការនិយាយកាត់អ្នកដទៃអំឡុងពេលសន្ទានា ជាទម្លាប់មួយមិនល្អនិងជាកំហុសមួយក្នុងការសាងទំនាក់ទំនង ព្រោះវាអាចធ្វើឱ្យអ្នកយល់ខុសពីខ្លឹមសារនៃការនិយាយរបស់ដៃគូម្ខាងទៀត ឬក៏ធ្វើឱ្យគេមិនចូលចិត្តនិយាយជាមួយអ្នកតែម្តង។ ដូច្នេះដើម្បីសាងទំនាក់ទំនងឱ្យបានល្អ សូមកាត់បន្ថយការនិយាយកាត់អ្នកដទៃច្រើនហួសហេតុ ហើយសូមរក្សាការស្តាប់ដៃគូម្ខាងទៀតឱ្យចប់សឹមបញ្ចេញយោបល់ ទើបការសន្ទនាមានកាន់តែប្រសើរ។
៣. មិនបើកទូលាយ៖ ការដែលមិនបើកចិត្តទូលាយគឺជាកំហុសមួយក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម ពីព្រោះថាដើម្បីឱ្យមានទំនាក់ទំនងល្អ មិនប្រាកដថាអ្នកត្រូវតែនិយាយជាមួយប្រភេទមនុស្សតែមួយ ឬជជែកពិភាក្សា តែលើប្រធានបទដែលអ្នកចូលចិត្តនោះទេ ព្រោះការទំនាក់ទំនងក្នុងសង្គមនឹងត្រូវជួបមនុស្សច្រើនប្រភេទ ជាមួយប្រធានបទខុសៗ។ ដូច្នេះដើម្បីឱ្យការធ្វើទំនាក់ទំនងបានល្អ ត្រូវប្រាកដថាអ្នកអាចបើកចិត្តទូលាយ និយាយប្រាស្រ័យជាមួយមនុស្សគ្រប់ប្រភេទ យល់ពីស្ថានភាពមនុស្សនិងការសម្របខ្លួន ទៅក្នុងកិច្ចសន្ទនានៃប្រធានបទណាមួយជាដើម។
