តាមលោក វេជ្ជ. ឃន ភារម្យ បានសរសេបង្ហោះលើបណ្តាញសង្គមថា មេរោគរលាកថ្លើមបេ មិនឆ្លងតាមរយះការញាំអាហារជុំគ្នា មិនឆ្លងតាម កែវចាន ឬស្លាព្រាទេ វាឆ្លងតាមឈាម របស់មុតស្រួច ចាក់សាក់ ការរួមភេទមិនបានការពារ ឆ្លងពីម្តាយទៅកូនកំឡុងពេលសម្រាល។ ជំងឺរលាកថ្លើមប្រភេទបេ «Hepatitis B» អាចព្យាបាលបាន ប៉ុន្តែលទ្ធផលនៃការដឹងថា "ជាសះស្បើយ" ឬអត់ គឺអាស្រ័យទៅលើស្ថានភាពជំងឺ (ឆ្លងស្រួចស្រាវភ្លាមៗ ឬរ៉ាំរ៉ៃ) និយមន័យវេជ្ជសាស្ត្រនៃការជាសះស្បើយនេះ៖
១. ករណីរលាកថ្លើមបេស្រួចស្រាវភ្លាមៗ «Acute Hepatitis B»
ភាគរយជាសះស្បើយ ខ្ពស់ណាស់។ មនុស្សពេញវ័យដែលមានសុខភាពល្អប្រហែល ៩០% ទៅ ៩៥% អាចជាសះស្បើយពីមេរោគនេះដោយខ្លួនឯង តាមរយៈប្រព័ន្ធការពាររាងកាយ (Immune system) ក្នុងរយៈពេល ៦ ខែ។ ការព្យាបាល៖ មិនត្រូវការថ្នាំប្រឆាំងមេរោគនោះទេ គឺគ្រាន់តែសម្រាក ញ៉ាំអាហារមានជីវជាតិ និងតាមដានជាមួយគ្រូពេទ្យ។ រាងកាយនឹងបង្កើត (អង់ទីគ័រ)អង្គបដិប្រាណ (Antibodies) ដើម្បីការពារកុំឱ្យឆ្លងម្តងទៀតពេញមួយជីវិត។
……….
២. ករណីរលាកថ្លើមបេរ៉ាំរ៉ៃ «Chronic Hepatitis B»
ប្រសិនបើរាងកាយមិនអាចកម្ចាត់មេរោគបានក្នុងរយៈពេលលើសពី ៦ ខែ វានឹងក្លាយជាជំងឺរ៉ាំរ៉ៃ (ភាគច្រើនកើតលើកុមារតូចៗ ឬមនុស្សពេញវ័យមួយចំនួនតូច)។ ការជាសះស្បើយដាច់ (Functional Cure): មានអត្រាទាប (ប្រហែល ១% ទៅ ២% ប៉ុណ្ណោះក្នុងមួយឆ្នាំ) ដែលអ្នកជំងឺរ៉ាំរ៉ៃអាចបាត់បង់អង់ទីហ្សែន (HBsAg) និងបង្កើត អង់ទីគ័រថ្លើមបេ Anti-HBs (ជាសះស្បើយទាំងស្រុងដោយធម្មជាតិ ឬដោយសារថ្នាំ)។
គោលបំណងនៃការដោះស្រាយ និងព្យាបាល៖ ទោះបីជាពិបាកនឹងកម្ចាត់មេរោគឱ្យអស់ពីក្នុងខ្លួន (DNA របស់មេរោគខ្លះលាក់ខ្លួនក្នុងកោសិកាថ្លើមហៅថា cccDNA) ក៏ដោយ ក៏ឱសថប្រឆាំងមេរោគនាពេលបច្ចុប្បន្ន (ដូចជា Tenofovir ឬ Entecavir) មានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការ៖
ទប់ស្កាត់មិនឱ្យមេរោគបង្កាត់ពូជ និងកាត់បន្ថយបរិមាណមេរោគនៅក្នុងឈាមឱ្យមកនៅកម្រិតទាបបំផុត (Undetectable)។
កាត់បន្ថយការរលាកថ្លើម និងជួយឱ្យមុខងារថ្លើម (ALT/AST) ត្រឡប់មកធម្មតាវិញ។
បង្ការ និងទប់ស្កាត់ការវិវត្តទៅជា ក្រិនថ្លើម (Liver Cirrhosis) និងមហារីកថ្លើម (Liver Cancer)ទៅថ្ងៃមុខ។
ជាការណែនាំ៖ បច្ចុប្បន្ននេះនៅមិនទាន់មានថ្នាំលេបឱ្យជាដាច់ភ្លាមៗនោះទេ៖ សម្រាប់អ្នកជំងឺរលាកថ្លើមបេរ៉ាំរ៉ៃ ការលេបថ្នាំគឺដើម្បីគ្រប់គ្រងមេរោគមិនឱ្យបំផ្លាញថ្លើម (ដូចជាការគ្រប់គ្រងជំងឺលើសឈាម ឬទឹកនោមផ្អែមដែរ) និងត្រូវប្រើប្រាស់យូរអង្វែង។
តើគួរធ្វើដូចម្តេច? អ្នកជំងឺត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញថ្លើម ដើម្បីធ្វើការពិនិត្យឈាមតាមដានកម្រិតមេរោគ (HBV DNA) និងពិនិត្យមើលស្ថានភាពថ្លើម (Fibroscan ឬ Ultrasound) ដើម្បីកំណត់ថាតើដល់ពេលដែលត្រូវចាប់ផ្តើមប្រើថ្នាំ ឬគ្រាន់តែតាមដានសុខភាពជាទៀងទាត់រៀងរាល់ ៣ ទៅ ៦ ខែម្តង។
