ជំងឺមហារីកពោះវៀន ជាប្រភេទជំងឺដ៏គ្រោះថ្នាក់ និងភាគច្រើនអាចកើតឡើង យ៉ាងស្ងៀមស្ងាត់ មិនងាយចេញរោគសញ្ញាច្បាស់លាស់ អាចឲ្យអ្នកជំងឺកត់សម្គាល់ និងដឹងខ្លួនជាមុននោះទេ ។ មានការសិក្សាជាច្រើន បានរកឃើញថា អ្នកដែលមានរបបចំណីអាហារ ត្រឹមត្រូវ អាចជួយកាត់បន្ថយហានិភ័យ នៃការកើតជំងឺមហារីកពោះវៀនបាន ។
យោងតាមគេហទំព័រ webmd.com មានអាហារ៨ប្រភេទ អាចជួយកាត់បន្ថយ ហានិភ័យ នៃការកើតជំងឺមហារីកពោះវៀនបាន ។
១. អាហារសម្បូរកាល់ស្យូម និងវីតាមីនD ៖ ការញ៉ាំអាហារសម្បូរកាល់ស្យូម និងវីតាមីនDដូចជាទឹកដោះគោជាដើម អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពោះវៀន។
២. ញ៉ាំគ្រាប់ធញ្ញជាតិ៖ សម្បូរដោយជាតិសរសៃ និងម៉ាញេស្យូម ដែលជួយដល់សុខភាព របស់ពោះវៀន និងងាយស្រួលរំលាយផងដែរ ។ ញ៉ាំគ្រាប់ធញ្ញជាតិ៩០ក្រាមរៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យ នៃការកើតជំងឺមហារីកពោះវៀន។
៣. ពពួកសណ្ដែក៖ សម្បូរដោយជាតិសរសៃ មានប្រូតេអីនខ្ពស់ មានផ្ទុកវីតាមីន B និងE មានផ្ទុកសមាសធាតុ flavonoids និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្មច្រើប្រភេទ ។ សារធាតុទាំងនេះ មានសមត្ថភាពជួយ កុំឲ្យដុំសាច់មហារីក អាចរីកលូតលាស់បាន និងបង្ការពីការកើតជំងឺមហារីកពោះវៀនផងដែរ ។
៤. ញ៉ាំបន្លែ និងផ្លែឈើចម្រុះ៖ លទ្ធផលនៃការសិក្សាជាច្រើន បានយល់ស្របគ្នាថា ការញ៉ាំបន្លែ និងផ្លែឈើចម្រុះ មានគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ក្នុងនោះវាក៏អាចជួយកាត់បន្ថយហានភ័យ នៃការកើតជំងឺមហារីកពោះវៀនផងដែរ ។
៥. ញ៉ាំសាច់ត្រី៖ សាត់ត្រីសម្បូដោយប្រូតេអីន និងមានផ្ទុកជាតិខ្លាញ់ល្អចំពោះសុខភាព ។ លទ្ធផលនៃការសិក្សា បានកត់សម្គាល់ឃើញថា អ្នកមានទម្លាប់ញ៉ាំសាច់ត្រីជាប្រចាំ កម្រនឹងកើតជំងឺមហារីកពោះវៀន ដូចអ្នកដែលគ្មានទម្លាប់ញ៉ាំសាច់ត្រីណាស់ ។
៦. កាត់បន្ថយការញ៉ាំសាច់៖ មានសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំសាច់ច្រើន ជាប្រចាំ គឺមានទំនាក់ទំនងជាមួយការកើតជំងឺមហារីកពោះវៀន ។ លោកអ្នកគួរទម្លាប់ញ៉ាំសាច់ឲ្យតិចជាង កន្លះគីឡូក្នុងមួយសប្ដាហ៍ ដើម្បីចៀសវាងការកើតជំងឺមហារីកពោះវៀន។
៧. កាត់បន្ថយការញ៉ាំអាហារកែច្នៃ៖ ប្រភេទអាហារទាំងនេះ សម្បូរដោយជាតិអំបិលខ្ពស់ និងត្រូវបានបន្ថែមដោយសារធាតុគីមី ។ ការមានទម្លាប់ញ៉ាំអាហារប្រភេទនេះជាប្រចាំ នឹងបង្កហានិភ័យខ្ពស់ ក្នុងការកើតជំងឺមហារីកពោះវៀន និងជំងឺមហារីកក្រពះផងដែរ ។
៨.កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង៖ ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ញឹកញាប់ អាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏មានការកើតនៃជំងឺមហារីកផងដែរ។
ក្រៅពីនេះ លោកអ្នកគួរមានទម្លាប់ហាត់ប្រាណជាប្រចាំ រក្សាតុល្យភាពទម្ងន់រាងកាយ និងកាត់បន្ថយការញ៉ាំអាហារមានជាតិស្ករខ្ពស់ ដូចជាភេសជ្ជៈផ្អែមៗជាដើម ៕
អត្ថបទដោយ៖ ហួ ភារ៉ា