Sendara Park បន្ទាប់ពីបាត់មុខពីសិល្បៈមួយរយៈ ពេលនេះនាងបានត្រឡប់ចូលមកសិល្បៈវិញជាមួយរូបរាងដ៏ស្រស់ស្អាតរបស់នាង ធ្វើឱ្យអ្នកគាំទ្រស្ទើរតែមិនជឿថាតារាស្រីកូរ៉េរូបនេះនៅតែរក្សាសម្រស់បានស្អាតដដែល ហើយថែមទាំងមកវិញលើកនេះរូបនាងចាយរាងកាន់តែស្អាតជាពីមុនថែមទៀតផង។ ចង់ថាតារាស្រីរូបនេះមានតិចនិកអ្វីខ្លះក្នុងការថែរក្សារូបរាងរបស់នាង តោះទៅអានអត្ថបទខាងក្រោម។
ជាសមាជិកម្នាក់ក្នុងក្រុម 2NE1 កញ្ញា Sendara Park ថ្មីៗនេះនាងបានផុសរូប ២ ៣ សន្លឹកនៅលើបណ្តាញសង្គម IG ដោយបានបង្ហាញពីរូបរាងដ៏ស្រស់ស្អាតរបស់នាង ធ្វើឱ្យអ្នកគាំទ្រកើតចិត្តចង់ដឹងពីការថែរក្សារាង និងវិធីសម្រកគីឡីរបស់នាង។ ពីព្រោះថាតារាស្រីរូបនេះកាលពីមុនក៏ធ្លាប់ជាអ្នកដែលមានសាច់ម្នាក់ តែពេលនេះនាងមានរាងតូងច្រឡឹង ចង្កេះអង្រ្កងខុសពីមុនឆ្ងាយណាស់។
ស្របជាមួយនិងការផុសរូបតារាស្រីរូបនេះ ក៏បានសរសេរជាសារណែនាំពីវិធីថែរក្សារាង និងសម្រកគីឡូរបស់នាងថា “ វាមិនមែនជារឿងចៃដនទេដែលនាងមានរាងស្អាតបែបនេះ ប៉ុន្តែវាជាការខំប្រឹងរបស់នាង។ នាងមានការតាំងចិត្តខ្លាំងណាស់ទម្រាំតែនាងអាចស្រកគីឡូពី ៥០ គីឡូ ចុះមកនៅត្រឹម ៤១ គីឡូនេះ។ ជារៀងរាល់ថ្ងៃនាងតែងតែមានទម្លាប់ធ្វើលំហាត់ប្រាណ Cardio ចំនួន ១ម៉ោងនៅពេលព្រឹកមុនពេលញ៉ាំអាហារ។ ការហាត់ប្រាណបែប Cardio នេះគឺមាន ១៤ ទម្រង់សំខាន់ៗដូចជា លោតខ្សែពួ រាំ ដើរឬរត់ ហែលទឹក ប្រដាល់ ចលនាដៃជើង ជិះកង់ ពាក់កងហាត់ចង្កេះ....។ Sendara Park បានប្រាប់ទៀតថា ការហាត់ប្រាណតាមបែប Cardio នេះជារៀងរាល់ថ្ងៃគឺមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយឆាប់ឃើញផលទៀតផង។
បន្ថែមពីលើនេះទៀត ក្រៅពីការហាត់ប្រាណរាល់ថ្ងៃនាងមានទម្លាប់ពិសេសមួយទៀតគឺ មុនពេលចូលគេងនាងតែងតែ ហាត់ Abs ចំនួន ៤០០ ដង។ លំហាត់ប្រាណ Abs នេះគឺជាលំហាត់ប្រាណក្បាលពោះ ដែលគេហាត់ក្នុងគោលបំណងសម្រកខ្លាញ់ក្បាលពោះ និងហាត់យកចង្កេះ។ ជាទូទៅការហាត់ប្រាណក្បាលពោះនេះមានច្រើនទម្រង់ណាស់ដែលយើងអាចធ្វើទៅបាន។
ក្រៅពីការហាត់ប្រាណ ទាំង ២ របៀបខាងលើ Sendara Park ក៏មានទម្លាប់ផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃរបស់នាងផងដែរ ដោយនាងតែងតែញ៉ាំអាហារដូចជា ទ្រូងមាន់ សាច់គោ នំបុ័ង ផ្លែក្រូច ប៊ឺរ និងបន្លែបែតង។ ហើយអាហារដែលនាងតមនោះគឺរបស់មានជាតិផ្អែមខ្លាំងដូចជា ទឹកកំប៉ុង បង្អែម និងអាហារដែលមានជាតិប្រៃ៕

