នៅក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន បានស្នើរសុំសម្រាប់កម្មការិនីដែលមានផ្ទៃពោះគឺសុំឱ្យថៅកែរោងចក្រអនុញ្ញាតចេញមុន១៥នាទី ដើម្បីសុវត្តិភាព ហើយសម្តេចបានប្រកាសថា កម្មករ-កម្មការិនីរោងចក្រ និងថៅកែ មិនអាចខ្វះ ឬកាត់ផ្តាច់ពីគ្នាបានឡើយ។
សម្តេចបានលើលឡើងថា “ខ្ញុំចង់ឱ្យស្ត្រីមានផ្ទៃពោះ(កម្មការនីរោងចក្រ) បានចេញពីធ្វើការមុន១៥នាទី។ មូលហេតុនៅត្រង់ថា ប្រសិនបើចេញព្រមគ្នាច្បាស់ណាស់នឹងមានការប្រជ្រៀតគ្នា រវាងស្ត្រីមានផ្ទៃពោះ និងស្ត្រីមិនមានផ្ទៃពោះ នឹងធ្វើឱ្យមានផលពិបាកចំពោះស្ត្រីមានផ្ទៃពោះ។ ដូច្នេះបានជាខ្ញុំស្នើរឱ្យមានការចេញមុនយ៉ាងតិច ១៥នាទី ហើយបើកន្លែងណា(រោងចក្រណា) ឱ្យចេញមុនយូរក៏មិនអី តែត្រូវធ្វើម៉េចកុំឱ្យទាបជាង១៥នាទី។”
សម្តេចបានបញ្ជាក់ផងដែរថា សូមឱ្យរោងចក្រសហគ្រាសទាំងអស់ នឹងខិតខំធ្វើការងារនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានធ្វើការអំពាវនាវឱ្យយកចិត្តទុកដាក់ទៅលើការបំពេញឱ្យគ្នា ទៅវិញទៅមក រវាងម្ចាស់រោងចក្រនិងកម្មករ កម្មការនី រឿងនេះសំខាន់ណាស់៕
អត្ថបទដោយ៖ Senghong