ធ្វើការនឿយហត់ខ្លាំងពីថ្ងៃ ទម្លាប់រស់នៅ មកពីកម្មវិធីវិញយប់ជ្រៅ កក់សក់ពេលយប់ ងងុយគេង ខ្ជិលចាំសក់ស្ងួត អាកាសធាតុក្តៅបានធ្វើឱ្យក្មេងៗយើង ពិសេសក្មេងៗនៅជនបទចូលចិត្តចូលគេងទាំងសក់ ហើយនេះជាទម្លាប់ទូទៅបំផុត ដែលនេះយូរៗទៅអាចធ្វើឱ្យពួកគេឈឺទាំងមិនដឹងខ្លួន។
ក្នុងបទសម្ភាសន៍ខ្លីជាមួយ Heathy Cambodia លោកវេជ្ជបណ្ទិតផាត គន្ធី ផ្នែកជំងឺសួតនៃមន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង បានឱ្យដឹងថា "ការគេងទាំងសក់សើមអាចប្រឈមនឹងកើតជំងឺផ្សិតស្បែកក្បាល (Fungal Infection of the Scalp)"។
លោកវេជ្ជបណ្ទិតបានបន្តថា "ជាទូទៅឳពុកម្តាយភាគច្រើនតែងប្រាប់កូនមិនឱ្យគេងជាមួយសក់សើមព្រោះវាអាចធ្វើឱ្យកូនៗគាត់ផ្តាសាយ។ តែលោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ផ្តាសាយជាបញ្ហាមួយ តែតូចទេ អ្វីដែលគ្រោះថ្នាក់គឺវាអាចបង្កើនហានិភ័យក្នុងការវិវត្តទៅជាជំងឺផ្សិតនៃស្បែកក្បាល ដោយសារការឆ្លងមេរោគ ពិសេសពីខ្នើយសើមៗ"។
ពពួកផ្សិតអាចនាំបង្កជាអង្គែស្បែកក្បាល ឬជំងឺរលាកស្បែក។ លោកបានឱ្យដឹងទៀតថា "ផ្សិតដែលមានវត្តមាននៅលើស្បែកក្បាល នោះឆ្លងពីខ្នើយដែលជាប្រភពផ្សិតស្នាក់នៅ ហើយវាលូតលាស់នៅក្នុងបរិយាកាសត្រជាក់ ហើយខ្នើយសើមកន្លែងបង្កាត់ពូជមេរោគល្អបំផុត"។
មិនតែប៉ុណ្ណោះ ការគេងទាំងខ្នើយសើមប្រឈមនឹងឆ្លងផ្សិតម្យ៉ាងឈ្មោះថា Aspergillus fumigatus ដែលជាផ្សិតអាចបង្កឱ្យមានការឆ្លងមេរោគធ្ងន់ធ្ងរចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ពីសេសសម្រាប់អ្នកកើតជំងឺហឺត វាក៏អាចធ្វើឱ្យរោគសញ្ញានៃជំងឺហឺតកាន់តែធ្ងន់ធ្ងរផងដែរ នេះបើយោងតាមលោកវេជ្ជបណ្ទិត។
ដូចនេះ សូមសម្ងួតសក់ឱ្យស្ងួតមុនពេលចូលគេង និងឧស្សាហ៍សម្អាតពួក ខ្នើយនិងកន្លែងគេងឱ្យបានស្អាតជាប្រចាំ៕
អត្ថបទដោយ ហៃ សុចិន្តា