បើឪពុកម្តាយប្រដៅកូនខុសពីក្មេង លទ្ធផលគឺកូនរបស់អ្នក រស់នៅក្នុងការខ្លាចរហូត រៀនសូត្រក៏មិនពូកែ សម្រេចចិត្តធ្វើអ្វីមួយចេះតែខ្លាចមុនខ្លាចក្រោយ និងដក់ការឈឺចាប់ក្នុងចិត្តថែមទៀត។ សូមឪពុកម្តាយធ្វើរឿង ២នេះ ធ្វើឱ្យកូនខ្វះភាពកក់ក្តៅជាមិនខានឡើយ៖
១. ធ្វើប្រៀបធៀបខ្លួនជាមួយកូនគេ៖ ការប្រៀបធៀប ជាវិធីសាស្ត្រមួយដែលឪពុកម្ដាយភាគច្រើនក្នុងប្រទេសកម្ពុជាតែងជ្រើសយកមកប្រដៅកូន ដោយពុំបានគិតពីផលវិបាកនៃការប៉ះទង្គិចខ្លាំងលើផ្លូវអារម្មណ៍ដែលធ្វើឱ្យក្មេងងាយនឹងកើតជំងឺបាក់ទឹកចិត្តលឿនបំផុត។ តាមលោកឧកញ៉ាបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា មានឪពុកម្ដាយមួយចំនួនចូលចិត្តនិយាយថា កូនខ្លួនមិនដូចកូនគេ ឬប្រើពាក្យបំបាក់មុខកូននៅចំពោះមុខអ្នកដទៃតែម្តង ដែលធ្វើឲ្យក្មេងឆាប់ចាញ់ច្រាប។ ក្នុងនោះ លោកវេជ្ជបណ្ឌិតបានបង្ហើបនូវគន្លឹះប្រើចិត្តសាស្ត្រផ្ទុយ ដោយប្រើពាក្យពេចន៍លើកសរសើរ ផ្តល់ជាកម្លាំងចិត្តវិញ ទោះបីជាគ្មានប្រសិទ្ធភាព១០០%ក្តី តែក៏ជាផ្នែកមួយជួយឱ្យក្មេងកែប្រែទម្លាប់អាក្រក់របស់គេបន្តិចៗផងដែរ។
២. គ្មានពេលវេលាឱ្យកូន៖ ពេលកូនខ្វះភាពកក់ក្តៅ និងខ្លាចច្រើន ព្រោះឪពុកម្តាយខ្វះពេលវេលាផ្តល់ក្តីស្រឡាញ់។ តាមលោកបណ្ឌិត គីម ហ៊ាង បានលើកឡើងយ៉ាងដូច្នេះថា៖ «កំហុសធំបំផុតមួយរបស់ឪពុកម្តាយ គឺបានចំណាយពេលច្រើនពេកជាមួយការងារ និងអាជីវកម្ម តែភ្លេចចំណាយពេលជាមួយកូនៗ ពិសេសនៅពេលពួកគាត់ស្ថិតនៅក្នុងកំរិតអនុវិទ្យាល័យ និងវិទ្យាល័យ»។ លោកបណ្ឌិតបានពន្យល់បន្ថែមទៀតថា៖ «ចុះបើយើងជាឪពុកម្តាយគិតថា យើងខំណាស់ រកលុយបានច្រើនណាស់ ទ្រព្យសម្បត្តិច្រើនណាស់ ធ្វើការងារធំណាស់ កូនអញថ្ងៃក្រោយដឹងតែស្រួលហើយ។ ប៉ុន្តែគាត់មិនបានពន្យល់កូនឲ្យច្បាស់ មិនបានបង្រៀនកូនឲ្យយល់ លុះកូនមិនយល់ កូននឹងដើរផ្លូវផ្សេង។ ដល់ពេញអីចឹង មានលុយច្រើន តែខូចចិត្ត»៕
