មនុស្សស្រីស្ទើរតែ ៩០% ឱ្យតែមានទម្ងន់ដឹងតែគីឡូឡើងស្រឺតៗ ធាត់ហើមដៃហើមជើង អ្នកខ្លះឆ្លងទន្លេហើយមួយឆ្នាំគីឡូមិនទាន់ស្រកផង។ ដោយឡែកបើយើងក្រឡែកមកមើលអ្នកម្តាយវ័យក្មេងរូបនេះវិញ នាងបានចែករំលែកថា នាងទើបតែឆ្លងទន្លេបាន៣ខែប៉ុណ្ណោះប៉ុន្តែរាងរបស់នាងត្រឡប់មកស្អាតវិញដូចដើម ដោយសារតែនាងមានគន្លឹះក្នុងការញ៉ាំត្រឹមត្រូវ។ ចង់ដឹងថាឆ្លងទន្លេហើយនាងញ៉ាំអ្វីខ្លះទើបរាងស្អាត?
អ្នកនាង Pantipa Arunwattanachai សព្វថ្ងៃជាអ្នកចម្រៀងនិងជាតារាម៉ូឌែលមួយរូបនៅប្រទេសថៃ នាងត្រូវបានអ្នកគាំទ្រដាក់រហ័សនាមថាជា អ្នកម្តាយសម័យថ្មី ក្រោយពីនាងបានសម្រាលកូនទីមួយរួចកាលពីខែមករាកន្លងទៅនេះ។ យោងតាមការផុសនៅលើបណ្តាញសង្គម IG របស់តារាម៉ូឌែលរូបនេះនាងបានចែករំលែកបទពិសោធន៍ថា “ ពេលនាងពពោះ នាងក៏ជាមនុស្សស្រីម្នាក់ដែលធាត់ឡើងគីឡូមិនខុសពីមនុស្សស្រីដទៃដែរ ប៉ុន្តែក្រោយពីនាងឆ្លងទន្លេរួច នាងក៏ចាប់ផ្តើមគិតគូរពីសម្រស់ឡើងមកវិញ ពីព្រោះថាមនុស្សស្រីនៅពេលមានកូន ប្រសិនជាយើងមិនបានគិតគូររឿងមើលថែសម្រស់ទេនោះ គឺយើងងាយនឹងឆាប់ចាស់បំផុត”។
គន្លឹះសំខាន់ដែលជួយឱ្យនាងទទួលបានរាងស្អាតត្រឡប់មកវិញត្រឹមរយៈពេល៣ខែ គឺនាងផ្តោតសំខាន់ទៅលើការញ៉ាំអាហារ។ ក្នុងនោះដែរនាងបានប្រាប់ថា ក្នុងមួយថ្ងៃនាងញ៉ាំបាយតែ ២ ដងប៉ុណ្ណោះគឺពេលព្រឹកនិងពេលថ្ងៃ ។ ចំពោះរបៀបនៃការញ៉ាំបាយ គឺនាងបានកំណត់យ៉ាងជាក់លាក់ថា ក្នុង១ដងនាងញ៉ាំបាយតែមួយដុំតូចប៉ុណ្ណោះ ហើយញ៉ាំជាមួយនឹងសាច់ទ្រូងមាន់ស្ងោរ ឬចៀន។ សួរថាបើញ៉ាំបាយម្តងតែ១ដុំតូចបែបនេះ ធ្វើយ៉ាងម៉េចឆ្អែត? អ្នកម្តាយវ័យក្មេងបាននិយាយថា យើងមិនមែនញ៉ាំដើម្បីឆ្អែតនោះទេ តែញ៉ាំដើម្បីស្រូបយកជីវជាតិពីបាយ ពីព្រោះថាបាយបើកាលណាយើងញ៉ាំវាឆ្អែតគ្រប់ពេល នោះវាជាភ្នាក់ងារមួយដ៏សំខាន់ធ្វើឱ្យយើងធាត់ឡើងគីឡូដោយមិនដឹងខ្លួន។
ក្រៅពីការកាត់បន្ថយការញ៉ាំបាយ Pantipa បានផ្លាស់ប្តូរទម្លាប់ ៣៦០ ដឺក្រេពីមនុស្សដែលចូលចិត្តញ៉ាំអាហារ Fat Food បែរជាមកញ៉ាំអាហារបែបសុខភាព និងសម្រស់។ ជារៀងរាល់ថ្ងៃនាងតែងតែញ៉ាំ ត្រីសាលម៉ុង សាច់គោជាប់ខ្លាញ់ ទ្រូងមាន់ និងសាច់ត្រីជាដើម។ លើសពីនេះទៀត អាហារសំខាន់ដែលនាងមិនអាចខ្វះបាននោះគឺ អាហារខូឡាជែនដែលមានដូចជា ផ្លែល្ហុង ប៉ោម ក្រូច ស្រ្តប៊េរី និងផ្លែប៊ឺរ ពីព្រោះអាហារទាំងនេះវាធ្វើឱ្យស្បែកផលិតខូឡាជែនបានច្រើន ស្បែកតឹងណែន ហើយវាក៏ជាប្រភេទផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃដែលជំនួយទៅដល់ការបន្ទោបង់បានល្អថែមទៀតផង។
លើសពីនេះទៀត ក្រោយពីឆ្លងទន្លេរួចអាហារដែលអ្នកម្តាយគ្រប់រូបមិនអាចខ្វះបាននោះគឺទឹកដោះគោ អ្នកនាង Pantipa នាងបានជ្រើសរើសទឹកគោដែលមានឈ្មោះថា lucamilky មិនផឹកជាប្រចាំនៅពេលព្រឹក ហើយនាងបានប្រាប់ការញ៉ាំទឹកដោះគោនេះគឺជួយបំពេញជីវជាតិនៅក្នុងខ្លួន និងជួយស្តារសភាពស្បែក ក៏ដូចជាស្នាមជ្រីវជ្រួញនៅលើខ្លួនរបស់យើង ឱ្យត្រឡប់មកជាតឹងណែនវិញម្តងទៀត។
សរុបមកក្បួនថែរក្សារាងក្រោយសម្រាល គឺការផ្លាស់ប្តូររបបអាហារពីញ៉ាំច្រើនមកញ៉ាំតិច ពីញ៉ាំអាហារធាត់ មកញ៉ាំអាហារបែបសុខភាព។ ដូច្នេះហើយប្រសិនជាអ្នកម្តាយគ្រប់រូបចង់ឱ្យខ្លួនឯងមានរូបរាងស្រស់ស្អាតបន្ទាប់ពីសម្រាលកូនហើយ គឺយើងត្រូវតែគិតគូរឱ្យបានដិតដល់ទៅលើរបបអាហារប្រចាំថ្ងៃ មួយវិញទៀតកុំចេះតែញ៉ាំអាហារផ្តេសផ្តាស ព្រោះយើងនៅសរសៃខ្ចីអាចទៅជាទាស់បាន៕