ជំងឺ
ប្រយ័ត្នឱ្យមែនទែន! ពេទ្យជំនាញ ប្រាប់ពីកត្តាធំៗ៣ធ្វើឱ្យក្មេងៗខូចក្រលៀនរហូតត្រូវលាងឈាម ប៉ាម៉ាក់គួរដឹង
Senghong Kong
July 20 2023
29.4 K views

មួយរយៈចុងក្រោយមកនេះ ប្រហែលជាបងប្អូនបានឃើញមានព័ត៌មានច្រើនទាក់ទងនឹងលាងខូចក្រលៀនឬតម្រងនោម រហូតត្រូវមានការលាងឈាមជារៀងរាល់សប្ដាហ៍ សូម្បីតែក្មេងៗតូចៗក៏ត្រូវរងគ្រោះព្រោះជំងឺនេះដែរ មិនមែនមានតែមនុស្សចាស់នោះទេ។ ក្រុមការងារចាបបៃតងក៏បានស្កាត់ទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីឱ្យដឹងថាតើជំងឺខូចក្រលៀនកើនឡើងពិតឬទេ? ហើយមូលហេតុ ឬកត្តាអ្វីខ្លះដែលធ្វើឱ្យក្មេងៗសោះឈឺធ្ងន់ដល់ថ្នាក់លាងឈាម?

ជាការពិត ផ្អែកតាមការចែករំលែកពីវេជ្ជបណ្ឌិត វេជ្ជ. ហួត ចាន់ផូ ឯកទេសជំងឺទូទៅនិងតម្រងនោម និងជាសហស្ថាបនិក បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឡាវី ព្រមទាំងជាអនុប្រធានមន្ទីរពហុព្យាបាល និងសម្ភព ថ្មគោលសិរីមង្គល បានឱ្យដឹងថាបើតាមបទពិសោធន៍ជួបផ្ទាល់ក្មេងៗពិតជាមានបញ្ហាលើសជាតិស្ករក្នុងឈាម វិវត្តទៅជាជំងឺទឹកនោមផ្អែមច្រើន ខ្សោយ ខូចក្រលៀនកើនឡើងច្រើនពិតមែន។

ដោយឡែកវេជ្ជបណ្ឌិត បានឱ្យដឹងថាបច្ចុប្បន្ននេះកត្តាគ្រោះថ្នាក់សម្រាប់កុមារគឺការផឹកពពួកភេសជ្ជៈគ្រឿងកំប៉ុងរាល់ថ្ងៃ។ ក្នុងភេសជ្ជៈកំប៉ុងផ្អែមៗ តែមានផ្ទុកអាស៊ីតផូស្វរិក ដែលជាសារធាតុរំខានខ្លាំងដល់តម្រងនោម ជាទូទៅក្នុងមនុស្សម្នាក់តម្រូវឱ្យមានជាតិអាស៊ីតផូស្វរិកនេះ ត្រឹមតែ២៥០ក្រាមក្នុង១ថ្ងៃប៉ុណ្ណោះ។ ធម្មតា រាងកាយរបស់យើងទទួលបានពីចំណីអាហារដែលយើងញ៉ាំប្រចាំថ្ងៃ គ្រប់ហើយ នៅពេលយើងផឹកគ្រឿងកំប៉ុងបន្ថែមទៀត វាក្លាយទៅជាចំនួនដែលលើសខ្លាំង។

ពេលដែលលើសមុខងារតម្រងនោមនឹងចាប់ផ្ដើមសំអាតមិនអស់ កំហាប់កាល់ស្យូមក្នុងឆ្អឹងចាប់ផ្ដើមបំបែកចេញ វាបោះទៅតម្រងនោមក្លាយជាក្រួសតម្រងនោម នឹងចាប់ផ្ដើមធ្វើឱ្យសរសៃឈាមតូចៗក្នុងតម្រងនោមចាប់ផ្ដើមមានបញ្ហា។ ហេតុនេះប្រសិនបើទទួលទានគ្រឿងកំប៉ុង១ទៅ២កំប៉ុង ប្រចាំថ្ងៃ បូករួមថែមទាំងកត្តាប្រឈមទាំង៤ផ្សេងទៀត ដូចជាកត្តារបបអាហារប្រចាំថ្ងៃមិនត្រឹមត្រូវ មានក្រុមគ្រួសារកើតទឹកនោមផ្អែម មិនសូវមានសកម្មភាពរាងកាយ មិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ថែមទៀតនោះ មិនយូរមិនឆាប់កុមារនឹងកើតជំងឺទឹកនោមផ្អែម ក៏វាក៏ជាកត្តាដែលវិវត្តទៅធ្វើឱ្យខូចតម្រងនោមផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា រាល់គ្រប់អាហារកំប៉ុងទាំងអស់គឺសុទ្ធតែមានអាស៊ីតផូស្វរិក ដើម្បីអាចរក្សាទុកបានយូរ គ្រាន់តែតិចឬច្រើនទៅតាមថ្ងៃផុតកំណត់របស់ផលិតផល។ បើផលិតផលមានថ្ងៃបំផុតលឿន អាស៊ីតផូស្វរិកតិច បើផលិតផលមានថ្ងៃផុតកំណត់យូរអាស៊ីតក៏ច្រើនទៅតាមនោះដែរ។ មួយវិញទៀត ស្ករដែរប្រើប្រាស់ក្នុងភេសជ្ជៈកំប៉ុង ជាស្ករដែលមានកំហាប់ក្រាស់មិនងាយរំលាយដូចជាស្ករធម្មជាតិឡើយ ជាទូទៅគេមិនណែនាំឱ្យក្មេងៗក្រោម១៨ឆ្នាំផឹកនោះទេ ជាពិសេសពពួកភេសជ្ជៈប៉ូវកម្លាំង។ ជារឿងគួរឱ្យសោកស្ដាយមែនទែន ដែលក្មេងៗតូចៗនៅកម្ពុជាបច្ចុប្បន្ននេះ ផឹកភេសជ្ជៈទាំងនេះជាប្រចាំទៅវិញ។ សម្រាប់ការទទួលទានយូរៗម្ដងមិនប៉ះពាល់ខ្លាំងទេ ប៉ុន្តែបើទទួលទានជាប្រចាំថ្ងៃទោះជាទទួលទានម្ដងបន្តិចក៏ប៉ះពាល់ដល់សុខភាពដែរ។

ជាមួយគ្នានេះ កត្តា២ផ្សេងទៀត មានដូចជាកុមារគាត់មានគីសលើតម្រងនោមតាំងពីកំណើត ដែលឳពុកម្ដាយមិនបានដឹង។ គីសតម្រងនោមនេះ ជាជំងឺតពូជប្រចាំបើសមាជិកគ្រួសារណាម្នាក់កើត ដូចជាឳពុកកើត ឬម្ដាយកើត ឬមានកូនណាម្នាក់កើត សមាជិកគ្រួសារទាំងអស់គឺត្រូវតែទៅអេកូពិនិត្យមើលដូចជាថាមានគីសដែរឬអត់។ ដើម្បីបានដឹងមុន ក្រុមគ្រូពេទ្យនឹងប្រាប់ពីវិធីបង្ការ ឬរបៀបរស់នៅធ្វើឱ្យយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ដល់តម្រងនោមនៅថ្ងៃមុខ។

កត្តាមួយទៀតដែលជួបច្រើនដូចគ្នា គឺកុមារគាត់មានក្រលៀនឬតម្រងនោមតែ១ប៉ុណ្ណោះតាំងពីកំណើត។ ហេតុនេះ ក្រលៀនមានតែមួយ វាច្បាស់ជាត្រូវធ្វើការខ្លាំងជាមានក្រលៀន២ បើបូករួមនឹងរបបអាហារមិនល្អ និងផឹកភេសជ្ជៈផ្អែមជាប្រចាំថែមទៀត ក្រលៀននឹងខូចលឿនបំផុត។ ហេតុនេះហើយ ទើបមានការណែនាំឱ្យឳពុកម្ដាយ គួរតែនាំកូន ក៏ដូចជាខ្លួនឯងផ្ទាល់ត្រូវត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីអាចបង្ការហានិភ័យបាន កុំឱ្យគិតថាមិនកើតអ្វីសោះ ដល់ធ្លាក់ខ្លួនឈឺខូចក្រលៀនតែម្ដង តាមពិតមកពីរាងកាយរបស់យើងមានបញ្ហាស្រាប់ទៅហើយ។

វេជ្ជបណ្ឌិត ក៏បានផ្ដាំថាបើឃើញកូនៗ មើលទៅអស់កម្លាំង ខ្សោយៗ លើសគីឡូ មានស្នាមខ្មៅនៅត្រង់ក ក្លៀក មើលទៅដូចជាក្អែលដុះមិនជ្រះ គួរតែនាំកូនទៅពេទ្យពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាម ព្រោះទាំងនេះអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម។ ក្មេងៗមួយចំនួន ទៀតដែលមកជួបគ្រូពេទ្យពួកគាត់ចេះតែចុក រោយ ស្ពឹកៗជើងពេលយប់ មកតេស្ដឃើញមានជាតិស្ករលើសខ្លាំងរហូតដល់៦០០ក៏មាន ហេតុនេះកុំចេញតែផ្សំថ្នាំឱ្យគាត់លេប ត្រូវនាំពួកគាត់ទៅជួបពេទ្យជំនាញឱ្យបានច្បាស់លាស់។

គួរឱ្យដឹងផងដែរ វេជ្ជបណ្ឌិត ហួត ចាន់ផូ ជាវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅនិងតម្រងនោម និងជាជាសហស្ថាបនិក បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឡាវី។ អាចទំនាក់ទំនង ឬណាត់ជួបវេជ្ជបណ្ឌិតបានតាមរយៈ ទំនាក់ទំនង : 077 43 66 99 ឬផេក បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឡាវី-La VIE Cabinet

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia