នៅប៉ុន្មានឆ្នាំចុងក្រោយនេះ របបអាហារដាក់លក់លើទីផ្សារយ៉ាងសម្បូរបែបណាស់ ដែលមនុស្សគ្រប់គ្នាញុំាច្រើន មិនចេះគិតពីសុខភាពឡើយ។ ភាគច្រើនអាហារទាំងនោះច្រើនតែធ្វើឱ្យមនុស្សឡើងគីឡូ អ៊ីចឹងហើយនៅពេលឡើងគីឡូចាប់ផ្ដើមប្រើប្រាស់ក្បួនសម្រកគីឡូ ហើយក្បួនសម្រកភាគច្រើន គឺជាកាត់បន្ថយអាហារ តមញុំា តមគ្រប់យ៉ាង។ ការតមអាហារចំពោះមនុស្សធំមិនជាបញ្ហាអ្វីឡើយ ប៉ុន្តែបើចំពោះមនុស្សកំពុងតែលូតលាស់ ទើបជាបញ្ហា។
មែនហើយ បើយោងតាមប្រភព CHOC បានលើកឡើងថា ការតបអាហារក៏មិនត្រូវណែនាំដល់មនុស្ស៥ក្រុមនេះទេរួមមានជំងឺទឹកនោមផ្អែមកំពុងប្រើប្រាស់ថ្នាំ អ្នកមានប្រវត្តិញុំាខុសប្រក្រតី ក្មេងកំពុងលូតលាស់ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូនដោយទឹកដោះ។ ផ្ទុយទៅវិញ ចំពោះកុមារ និងមនុស្សពេញវ័យជំទង់ គួរតែអនុវត្តគន្លឹះទាំងនេះ ដើម្បីជួយឱ្យកូនអ្នក ក៏ដូចជាមនុស្សវ័យជំទន់អាចគ្រប់គ្រងទម្ងន់បានល្អ និងមានសុខភាពល្អរួមមាន៖
- រៀបចំអាហារនៅផ្ទះដោយខ្លួនឯង និងរៀបចំអាហារសម្រន់សម្រាប់ពេលពេញមួយថ្ងៃចំពោះក្មេង ដើម្បីគ្រប់គ្រងការអត់ឃ្លានរបស់ក្មេង និងការទិញអាហារពីប្រភពក្រៅមកញុំា ដែលយើងមិនដឹងថា អាហារទាំងនោះមានជាតិផ្អែមតិច ឬច្រើន។
- កាត់បន្ថយ ឬលុបបំបាត់ភេសជ្ជៈមានជាតិផ្អែមពីបញ្ជីមុខម្ហូបរបស់កូនតូច និងកូនវ័យជំទង់របស់អ្នក។ ពីព្រោះអ្នកគ្រប់គ្នាដឹងហើយថា ជាតិផ្អែមអាចជាអាវុធសម្ងាត់បង្កឱ្យក្មេងកើតរោគទឹកនោមផ្អែម រោគធាត់ និងរោគផ្សេងៗទៀត។
- ផ្ដល់ឱ្យកូននូវអាហារសម្បូរជីវៈជាតិ និងសារធាតុចិញ្ចឹមរួមមាន ផ្លែឈើ គ្រាប់ធញ្ញជាតិ និងបន្លែស្លឹកយ៉ាងតឹចចំនួន០៥ដងក្នុងមួយថ្ងៃ។
- ឪពុកម្ដាយត្រូវកំណត់អាហារដោយយកចិត្តទុកដាក់ ពីព្រោះវាជាគន្លឹះក្នុងការលើកកម្ពស់សុខភាពកូនវ័យជំទង់របស់អ្នក ការញុំាដែលប្រកបដោយសុខភាព គឺជាកើតចេញពីការរៀបចំរបស់ឪពុកម្ដាយជាមុន ដើម្បីឱ្យកូនទម្លាប់ញុំាអាហារល្អ មិនបង្កឱ្យឡើងគីឡូ ឬកើតជំងឺនានា។
- ឪពុកម្ដាយត្រូវបង្កើកឱកាសញុំាអាហារជុំគ្រួសារឱ្យបានរៀងរាល់ថ្ងៃ ដើម្បីឱ្យកូនៗទទួលបាននូវសេចក្ដីសុខ និងទទួលបាននូវអាហារល្អៗពីគ្រួសារ ចៀសវាងការដែលពួកគេទៅញុំាអាហារក្រៅផ្ទះ ដែលជាហានិភ័យនាំឱ្យពួកគេធាត់ ឬឡើងគីឡូ។
បើទោះបីជាយ៉ាងនេះក្ដី អ្នកកុំភ្លេចនាំកូនរបស់អ្នកធ្វើលំហាត់ប្រាណជាប្រចាំ ពីព្រោះថាលំហាត់ប្រាណ គឺជាធាតុផ្សំដ៏សំខាន់នៃការអភិវឌ្ឍន៍របស់កុមារ វាជួយកាត់បន្ថយការលើសទម្ងន់ ការធាត់ និងធ្វើឱ្យប្រព័ន្ធរាងកាយរឹងមុំា។ អ្នកគួរតែនាំកូនអ្នកហាត់ប្រាណរយៈពេល៦០នាទីក្នុងមួយថ្ងៃ។