ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរ ពេទ្យរ៉ូយ៉ាល់ ភ្នំពេញ (RPH)។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីមួយដែលមានការអញ្ជើញចូលរួមដោយលោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងលោកវេជ្ជបណ្ឌិត Attapoom Susupaus ជានាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។
នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសលើសេវាវេជ្ជសាស្ត្រ ដែលបង្កើនលទ្ធភាពឱ្យពួកគេទទួលសេវាថែទាំសុខភាពប្រកបដោយគុណភាព។ អតិថិជនទាំងអស់នឹងរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១៥% លើកញ្ចប់ពិនិទ្យសុខភាពទូទៅ (general health check-up) និងរហូតដល់ 15% លើការថតកាំរស្មី X តម្លៃបន្ទប់ ការស្កេនCT ការស្កេនMRI និងសេវាជាច្រើនទៀត។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការគាំទ្រតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា និងការផ្តល់នូវផលិតផលហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាពដូចជាប័ណ្ណហត្ថា វីសា និងហត្ថាម៉ូបាល ជាដើម។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានលើកឡើងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍លើសពីសេវាធនាគារ និងការលើកកម្ពស់សុខុមាលភាពរបស់អតិថិជន។
លោក សុផា ក៏បានបន្ថែមថាធនាគារ ហត្ថា មិនត្រឹមតែមានជំនាញក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនតែអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងលើកកម្ពស់សុខុមាលភាពសង្គមរបស់ប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រផ្សេងៗ ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចូលសេវាហិរញ្ញវត្ថុ និងសេវាថែទាំសុខភាព ជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។ ទាំងធនាគារ ហត្ថា និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីផ្តល់នូវសេវាកម្ម និងតម្លៃដ៏ប្រសើរដល់អតិថិជនរបស់ខ្លួន។
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។
អំពី មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ
មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក ប្រទេសថៃ និងជាសមាជិកនៃក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏មានកិត្យានុភាពបំផុតមួយនៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ត្រូវបានទទួលស្គាល់ដោយ JCI (ជាអង្កការត្រួតពិនិ្យគុណភាពមន្ទីរពេទ្យអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក) ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧។
យើងជាមន្ទីរពេទ្យដែលមានស្តង់ដារស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូវគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុងស្រុក និងក្រៅប្រទេស។ មន្ទីរពេទ្យផ្តល់ការបណ្តុះបណ្តាល BLS ដល់គ្រប់មន្ទីរពេទ្យផ្សេងៗ និង ATLS សម្រាប់ភាពជាអ្នកដឹកនាំរបស់គ្រូពេទ្យនៅក្នុងក្រុមវេជ្ជសាស្ត្រ។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្តលើកកម្ពស់គុណភាពនៃការថែទាំ ហើយនឹងបន្តធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាព ដើម្បីធានាគុណភាពជីវិត និងទទួលបាននូវចំណេះដឹង និងរួមចំណែកសម្រេចបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។