រដូងត្រជាក់ធ្លាក់ខ្យល់ ងាយនឹងធ្វើឱ្យមនុស្សគ្រប់គ្នាឆ្លងជំងឺ គ្រុន ផ្ដាសាយ គ្រុនក្ដៅញឹកញាប់ និងជំងឺជាច្រើនទៀត ដែលអាចប៉ះពាល់ដល់ផ្លូវដង្ហើម ក៏ដូចជាសួតរបស់អ្នកបាន។ ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យភាពស៊ាំរាងកាយធ្លាក់ចុះ ហេតុនេះត្រូវការឱ្យអ្នកយកចិត្តទុកដាក់ជាពិសេសលើសុខភាពខ្លួនឯង។ អាហារជាផ្នែកធំមួយនៃជីវិត ដែលអាចជួយឱ្យយើងមានសុខភាពល្អបាន។ ខាងក្រោមនេះជាផ្លែឈើ៣ប្រភេទ ដែលសម្បូរវីតាមីនC ជួយប្រឆាំងអុកស៊ីតកម្ម រក្សាកម្ដៅនៅក្នុងរាងកាយ និងជួយពង្រឹងភាពស៊ាំរបស់អ្នកបានផងដែរ។
១ ផ្លែប៉ោម៖ ផ្លែប៉ោមជាប្រភេទផ្លែឈើរដូចត្រជាក់។ ផ្លែប៉ោមមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើអោយប្រសើរឡើងនូវសុខភាពសរសៃប្រសាទ និងកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង។ ផ្លែឈើរដូវរងានេះ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារវាមានសារធាតុChlorogenic acid ដែលជួយបន្ថយជាតិសស្ករក្នុងសរសៃឈាម នេះបើតាមការឱ្យដឹងពីប្រភពHealthline។ ផ្លែប៉ោមល្អបំផុតគួរទទួលទាន១ថ្ងៃ១ផ្លែ នៅពេលព្រឹកបន្ទាប់ពីក្រោកពីគេង១ម៉ោង។
២ ផ្លែក្រូច៖ ផ្អែមតាមប្រភពHealthshots បានឱ្យដឹងថាក្នុងផ្លែក្រូច១០០ ក្រាម មានកាឡូរី៤៧ក្រាម ជាតិទឹក៨៧ក្រាម ប្រូតេអ៊ីន០.៩ក្រាម កាបូអ៊ីដ្រាត ១១.៨ក្រាម ស្ករ ៩.៤ក្រាម ជាតិសរសៃ ២.៤ក្រាម និង៧៦%នៃវីតាមីន C ។ សម្បូរទៅដោយសារធាតុចិញ្ចឹម ជាតិសរសៃ និងវីតាមីនCខ្ពស់ ដូច្នេះទទួលទានក្រូចក្នុងបរិមាណសមល្មមល្អសម្រាប់សុខភាព។ ប៉ុន្តែសូមកុំញ៉ាំក្រូចលើសទី៤ទៅ៥ផ្លែក្នុងមួយថ្ងៃ ហើយក៏មិនគួរទទួលទានផ្លែក្រូចពេលពោះទទេទេ វាអាចបង្កផលរំខានដល់សុខភាពអ្នក។
៣ ផ្លែទំពាំងបាយជូរ៖ ជាផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយជួសជុលដល់កោសិកាដែលខូចខាត។ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានក្នុងផ្លែទំពាំងបាយជូរ ក៏ជួយការងារជំងឺបេះដូង និងមហារីកបានផងដែរ។ សារធាតុ Resveratrol ដែលមាននៅក្នុងទំពាំងបាយជូរ វាជ្រាបចូលទៅក្នុងរបាំងស្បែក និងបង្កើនកំហាប់ខូឡេជែន ក៏ដូចជាការពារពីការខូចខាតកាំរស្មី UV ពីការប៉ះនឹងពន្លឺព្រះអាទិត្យ ហើយខូឡេជែនក៏ជួយព្យាបាលមុខរបួសឱ្យឆាប់ជាងឡើងវិញបានផងដែរ។
ជាថ្មីម្ដងទៀត ចង់បានចង់ភាពល្អ ភាពស៊ាំរឹងមាំ ប្រឆាំងនឹងជំងឺនារដូវត្រជាក់នេះ លោកអ្នកអាវជ្រើសយកការទទួលទានផ្លែប៉ោម ក្រូច និងទំពាំងបាយជូរ ជំនួសឱ្យភេសជ្ជៈកំប៉ុង ឬអាហារវិចខ្ចប់មួយចំនួន ដែលមិនល្អសម្រាប់សុខភាពបាន៕
អត្ថបទដោយ៖ Senghong