អាហារ
ធ្មេញស្អាតមុខស្អាត! តែបើអស់ធ្មេញអាយុ២០ដូច៣០ ដូច្នេះ អាហារបំផ្លាញធ្មេញទាំងនេះ កាន់តែចៀសកាន់តែជួយ ធ្មេញនៅមាំស្អាត
Thida Pet
December 16 2022
2.8 K views

ធ្មេញ សំខាន់សម្រាប់មនុស្សគ្រប់គ្នា យើងសាកស្រមៃមើល ប្រសិនណាសុខៗបាក់ធ្មេញខូចអស់​ទាំងធ្មេញមុខ ធ្មេញក្រោម ថ្គាមជាដើម តើអ្នកមានអារម្មណ៍យ៉ាងណា? តើអ្នកដឹងទេ ធ្មេញគឺបានជួយលើសសម្រស់របស់អ្នកឱ្យស្អាតផងដែរ ក្រៅពីការទំពារអាហារ។ មួយវិញទៀតប្រសិនណាធ្មេញខូច តម្លៃនៃការធ្វើធ្មេញក៏មិនអន់ដែរ ហើយមិនល្អដូចធ្មេញធម្មជាតិទៀត ។

ជាការពិតណាស់ បើដឹងពីបញ្ហានេះហើយ ហេតុអ្វីអ្នកនៅតែ ប្រឹងញុំាអាហារបំផ្លាញធ្មេញទៀត? នេះបើយោងតាមរយៈគេហទំព័រ healthline បានណែនាំឱ្យបានដឹងថា ក្រុមអាហារទាំងនេះ​ បើញុំាមិនគិត ញុំាហើយមិនចេះសម្អាត ឱ្យបានត្រឹមត្រូវ ដូចដុតធ្មេញឱ្យខ្លោច ពុក សិករិចរិល ស្ដើងទៅ ដង្កូវស៊ីពេញមាត់មិនខាន ។

ចំពោះក្រុមអាហារបំផ្លាញធ្មេញឱ្យពុក ឱ្យដង្កូវស៊ីពេញមាត់ នាំឱ្យខូចធ្មេញអស់ទាំងនៅអាយុមិនទាន់២០ក្រាស គួរតែដឹង ហើយប្រសិនណាបានញុំា គួរតែចេះថែរក្សាធ្មេញផងដែរ ព្រោះអាហារទាំងនេះ មានហានិភ័យ ខូចធ្មេញជាងអាហារផ្សេងៗ។

១.គ្រឿងស្រវឹង៖ តើអ្នកដឹងទេ គ្រឿងស្រវឹងគឺមានហានិភ័យខ្លាំងដល់សុខភាពរបស់ធ្មេញ និងមាត់ធ្មេញ ការផឹកគ្រឿងស្រវឹងជាប្រចាំ អាចនាំឱ្យមាត់ស្ងួត កាលណាមាត់ស្ងួត គឺបាត់បង់ការបញ្ចេញទឹកមាត់ សារប្រយោជន៍នៃទឹកមាត់នេះបានជួយ ដល់ធ្មេញនិងអញ្ចាញធ្មេញឱ្យមាន សុខភាពល្អ ការពារការឆ្លងរោគពីខាងក្រៅ ជួយសម្អាតកាកសំណល់ចេញពីធ្មេញ ជួយការពារធ្មេញពីការពុកផុយ នាំឱ្យធ្មេញរឹងមាំ ដូច្នេះ អ្នកដែលចូលចិត្តញុំាស្រាច្រើន​ ការខូចធ្មេញនៅថ្ងៃមុខ ក៏ច្រើនដូចគ្នា គឺធ្មេញងាយនឹងពុកឡើងមក ដូច្នេះកាត់បន្ថយកាន់តែច្រើនកាន់តែល្អសម្រាប់ធ្មេញ។

២.ញុំាអាហាររឹងៗ៖ ប្រភេទអាហាររឹងៗដូចជា ទំពារទឹកកក  សាច់ស្វីត គ្រាប់ធញ្ញជាតិរឹងៗ ជាដើម​ គឺប៉ះពាល់ដល់ធ្មេញខ្លាំង អាចបណ្ដាលឱ្យធ្មេញ​ឆាប់ ប្រេះ បែក ស្ដើង ឬក៏ងាយនឹងបាក់ឡើងមក ដូច្នេះកុំសូវចូលចិត្តទំពារប្រភេទអាហាររឹងៗខ្លាំងពេក។ ទោះថ្ងៃនេះធ្មេញមិនបាក់ មិនខូចតែថ្ងៃក្រោយ ប្រាកដជាបាក់​មិនខាន បើមិនចង់បាក់សម្រស់ ហើយអស់លុយច្រើន សូមប្រយ័ត្នជាមួយអាហារឹងឱ្យមែនទែន។

៣.ផ្លែក្រូចឆ្មារ៖ យើងដឹងហើយថា​ ក្នុងផ្លែក្រូចឆ្មារ សម្បូរដោយ វីតាមីនស៊ី និងអាស៊ីត ហើយជាតិអាស៊ីត អាចប៉ះពាល់ ធ្វើឱ្យធ្មេញខូច ធ្មេញស្ដើងឡើងមកបាន ដូច្នេះកុំសូវទទួលទានផ្លែក្រូចឆ្មារច្រើន តែប្រសិនណាអ្នកទទួលទានគួរតែ ផឹកទឹកធម្មតា លាងជម្រះមាត់តាមក្រោយផងដែរ ដើម្បីលាងជាតិអាស៊ីតដែលបានមកពីក្រូចឆ្មារចេញពីមាត់។

មួយវិញទៀត​តាមរយៈការចែករំលែករបស់ទន្តបណ្ឌិត​ ផាន់ ណារិន ក៏បានលើកឡើងពីបញ្ហារបបអាហារដែលធ្វើឱ្យធ្មេញ ងាយពុក​ខូច​មានដង្កូវស៊ីត ធ្មេញសិករិចរិលផងដែរ។

មូលហេតុទី១៖ ដោយសារអាហារយើងបរិភោគជាប្រចាំថ្ងៃសម្បូរជាស្ករ ច្រើន ព្រោះនៅពេលដែលបាក់តេរីនៅក្នុងមាត់ បម្លែងជាតិស្ករនោះឱ្យក្លាយជាអាស៊ីតក៏ ជាតិអាស៊ីតក៏បានទៅបំផ្លាញជាលិកាស្រទាប់ធ្មេញដែលជាដើមហេតុនាំឱ្យធ្មេញពុក ដូច្នេះគួរតែប្រយ័ត្នជាមួយអាហារផ្អែមៗដែលអ្នកញុំាចូលរាល់ថ្ងៃ។

មូលហេតុទី២៖ ទាក់ទងនឹងប្រភេទទឹក ក្រៅពីទឹកសុទ្ធចំពោះទឹកដែលអាចផ្ទុកសារជាតិ សូដ្យូមខ្ពស់ ជាតិអាល់កុល និង អាស៊ីតខ្ពស់ទាំងនេះ គឺបង្កើនរោគពុកធ្មេញ លឿន និង ធ្វើអោយកាចាធ្មេញរបស់យើងមានសំណឹកក៏បណ្ដាលឱ្យធ្មេញងាយសឹករិចរិល ពុកឡើងមកដូចគ្នា។

មូលហេតុទី៣៖ សម្រាប់អ្នក មិនដុសសម្អាតធ្មេញឱ្យបានស្អាត និងទៀងទាត់ គឺពិតជាមានហានិភ័យខ្លាំងណាស់​ពីព្រោះរាល់ថ្ងៃមិនដឹងថាយើងញុំាអាហារ​ប្រភេទណា ចូលខ្លះ ផ្អែម ប្រៃ ខ្លាញ់…ជាដើម ។ ប្រសិនណាមិនបានដុសសម្អាតធ្មេញ បង្កឱ្យធ្មេញ ពុក ដោយសារមានសម្បូរដោយជាតិអាស៊ីត និងការចុះអន់ថយនៃសារជាតិភ្លុយអរ ​ នាំឱ្យធ្មេញឆាប់ពុកខូចឡើងមក។

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia