ពិតប្រាកដណាស់! គ្រប់ជីវិតដែលកើតមកនៅក្នុងផែនដីនេះ គង់មានថ្ងៃរលត់ទៅវិញដូចៗគ្នា ហេតុនេះហើយពេលវេលាដែលមានសម្រាប់រស់នៅ គួរតែជាពេលវេលាដែលមានអត្ថន័យបំផុត។ ប៉ុន្តែអ្វីទៅគឺជាអត្ថន័យនៃជីវិត? អ្វីទៅជាគោលបំណងនៃការរស់នៅ? សំនួរនេះមានមនុស្សមិនតិចលាននាក់នោះទេដែលរកចម្លើយមិនឃើញ ជាហេតុនាំឱ្យពួកគេមានទុក្ខច្រើន មិនសប្បាយចិត្ត មិនរីករាយក្នុងជីវិត។ អ្នកនិពន្ធសង្ឃឹមថាអ្នកអានគ្រប់រូបនឹងអាច ប្រើខ្លឹមសារនៅក្នុងអត្ថបទដ៏ខ្លីមួយនេះ ដើម្បីទៅរកអត្ថន័យនិងគោលបំណងនៃជីវិតខ្លួនកាន់តែច្បាស់ ដើម្បីឱ្យជីវិតរស់ជាមួយនឹងអត្ថន័យ មានក្តីសុខឱ្យបានច្រើនជាងទុក្ខ។
យោងតាមការសិក្សាចេញពីអ្នកជំនាញ Verywellmind បានឱ្យដឹងថា មានវិធីខ្លះៗយ៉ាងដូចខាងក្រោម ដែលមនុស្សគ្រប់រូបអាចសាកល្បងដើម្បីរកអត្ថន័យជីវិតឱ្យខ្លួនឯងបាន។
ការបរិច្ចាគ: មិនថាទ្រព្យសម្បត្តិ ពេលវេលា អារម្មណ៍ ឬជំនាញអ្វីក៏ដោយ នៅពេលដែលអ្នកផ្តល់ឱ្យអ្នកដទៃដោយមិនរំពឹងផលតបស្នងតាមរយៈការបរិច្ចាគ អ្នកនឹងបានដឹងជម្រៅបេះដូងខ្លួនឯងកាន់តែច្បាស់។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Florida State និង Stanford បានរកឃើញថា សុភមង្គល និងអត្ថន័យជីវិត មានលក្ខណៈស្រដៀងគ្នាប៉ុន្តែខុសគ្នាដាច់, ខណៈសុភមង្គលគឺជាអារម្មណ៍ដែលអ្នកទទួលបានអ្វីមួយ មានអារម្មណ៍ចំណែកអត្ថន័យជីវិត ភាគច្រើនកើតមានលើអ្នកដែលចូលចិត្តផ្តល់ឱ្យ។ មានន័យថា អ្នកដែលចូលចិត្តផ្តល់ឱ្យអ្នកដទៃ ច្រើនជាងចាំតែទទួល នឹងទទួលបានអត្ថន័យជីវិតកាន់តែច្រើន។
ស្តាប់យោបល់អ្នកដទៃ: ជួនកាល ការស្វែងរកអត្ថន័យជីវិតខ្លួនឯងកើតចេញពីពាក្យ យោបល់អ្នកដទៃ។ មនុស្សនៅជុំវិញខ្លួនអ្នក ប្រហែលជាធ្លាប់សរសើរឬបញ្ចេញយោបល់ឱ្យអ្នកដូចជា “អ្នកចូលចិត្តជួយគេ” “អ្នកពូកែនិយាយ” “អ្នកមើលទៅមានក្តីសុខពេលធ្វើនេះធ្វើនោះជាដើម” ពាក្យទាំងអស់នេះ ជួនកាលអ្នកអាចភ្លេច ឬមើលរំលង តែមនុស្សក្បែរខ្លួនគេនឹងសង្កេតឃើញ។ អ្នកអាចយកពាក្យទាំងអស់នេះមកគិតបន្ថែម ប្រហែលជាអាចជួយឱ្យអ្នករកអត្ថន័យជីវិតឃើញ និងអាចរកអ្វីដែលអ្នកចង់ធ្វើក្នុងជីវិតនេះក៏ថាបាន។
ដាក់ខ្លួនឯងនៅក្បែរមនុស្សវិជ្ជមានជានិច្ច: គ្រួសារ និងមិត្តរួមការងារ គឺក្រុមមនុស្សដែលអ្នកត្រូវតែជួប ដូចនេះអ្នករើសមិនបានទេ ប៉ុន្តែក្រៅពីនេះ ពេលវេលាដែលអ្នកចំណាយនៅខាងក្រៅគប្បីចំណាយជាមួយមនុស្សវិជ្ជមានឱ្យបានច្រើន។ ដូចពាក្យគេថា នៅក្បែរអ្នកណា, អ្នកនឹងមានលក្ខណៈស្រដៀងអ្នកនោះ នៅក្បែរមនុស្សវិជ្ជមាន និយាយរឿងវិជ្ជមានគេនឹងជួយឱ្យអ្នកមានថាមពលវិជ្ជមានច្រើននៅក្នុងជីវិត។
ជួបមនុស្សថ្មី: ជំនួសឱ្យការអូសបណ្តាញសង្គម នៅពេលចេញទៅក្រៅឬទំនេរៗអ្នកគួរតែចាប់ផ្តើមនិយាយជាមួយមនុស្សថ្មីខ្លះ។ ទោះបីជាវាមានអារម្មណ៍ថាប្លែកៗបន្តិចដំបូងៗតែជួនកាលអ្នកអាចផ្លាស់ប្តូរគំនិតជាមួយមនុស្សថ្មី ជួយឱ្យអ្នកមានគំនិតថ្មី គិតអ្វីបានថ្មីៗជាច្រើនទៀតក៏ថាបាន។
លើសពីនេះទៅទៀត អ្នកអាចសាកល្បងក្នុងការស្វែងរកអ្វីថ្មីៗសម្រាប់ធ្វើ, សាកគិតអ្វីថ្មីដែលមិនធ្លាប់គិតពីមុនមក ហើយធ្វើវាម្តងបន្តិចៗ ជួនកាលអត្ថន័យនៃជីវិតអ្នកអាចកំពុងកប់នៅក្នុងជម្រៅបេះដូងដែលអ្នកមិនទាន់គាស់ចេញក៏ថាបាន។ ឧទាហរណ៍ថា អ្នកចូលចិត្តតន្រី្តខ្លាំង វាអាចបង្ហាញថាអ្នកមានជំនាញអ្វីមួយជាប់ជំពាក់នៅក្នុងតន្ត្រីដែលអ្នកអាចកសាងជំនាញនៅក្នុងវិស័យតន្រ្តីបានល្អទៀតផងក៏មិនដឹង។ ជាចុងក្រោយ មិនថាអ្វីក៏ដោយ សូមលើកទឹកចិត្តឱ្យទាំងអស់គ្នា ហ៊ានសាកល្បង។ ជីវិតគឺជាការសាកល្បង បើយើងមិនទាន់រកអត្ថន័យជីវិតឃើញទេ សាករហូត សាកទាល់តែឃើញ៕
អត្ថបទដោយ៖ កញ្ញា លីហួយ