ជាទូទៅសារពាង្គរបស់មនុស្សយើងត្រូវការសារធាតុកាឡូរីដើម្បីចូលទៅជួយទ្រទ្រង់សរីរាង្គទាំងមូលជាប្រចាំ ហើយសារធាតុកាឡូរីនេះ គឺយើងទទួលបានមកពីអាហារដែលទទួលជារៀងរាល់ថ្ងៃ។ ក្នុង១ថ្ងៃរាងកាយរបស់មនុស្ស ត្រូវកាឡូរីចន្លោះពី ១២០០ទៅ២៥០០កាឡូរី (តម្រូវទៅតាមវ័យ) ដោយ កុមារ ត្រូវការចន្លោះពី(១២០០-១៤០០ កាឡូរី) ស្ត្រី និងមនុស្សចាស់ត្រូវការចំនួនចន្លោះពី (១៥០០-១៨០០ កាឡូរី) និងបុរសត្រូវការចន្លោះពី (២០០០-២៥០០ កាឡូរី)។ តែប្រសិនណាបើអ្នកញ៉ាំលើសបរិមាណទាំងនេះ នោះសារធាតុដែលសេសសល់នឹងបង្ករទៅជាខ្លាញ់លើស ឬបង្កើតជាជំងឺហានិភ័យផ្សេងៗ។
ទាក់ទិនជាមួយនឹងបញ្ហារបបអាហារមិនត្រឹមត្រូវខាងលើ ថ្ងៃនេះ Healthy Cambodia សូមពាំនាំនូវរបបអាហារសុខភាពញ៉ាំ៥ពេលក្នុង១ថ្ងៃ តែមិនបង្ករឱ្យកើតជំងឺ ឬធាត់ឡើយ ថែមទាំងបាននូវរាងស្អាត និងសម្រស់ក្មេងជាងវ័យទៀត នេះបើយោងទៅតាមការប្រភពគេហទំព័រ eatingwell.com ៖
អាហារពេលព្រឹក៖ ប្រភេទអាហារញ៉ាំនាពេលព្រឹកភាគច្រើនក្រុមអ្នកជំនាញណែនាំឱ្យចន្លោះពី (៣00ទៅ៥០០កាឡូរី)
១. នំបុ័ងស្រូវសាលីជាមួយនឹងផ្លែបឺរ
២. អាហារគ្រាប់ធញ្ញជាតិ (Oatmeal) អាចបន្ថែមផ្លែឈើ
៣. នំផេនខេកជាមួយទឹកឃ្មុំ
៤. សាឡាដបន្លែ លាយសាច់ទ្រូងមាន់
៥. ស៊ុតជាមួយសាច់ចៀន
អាហារសម្រន់ចន្លោះពេលព្រឹក និងពេលថ្ងៃ៖ ញ៉ាំត្រឹមកម្រិត៣០០កាឡូរីចុះក្រោម
១. ផ្លែឈើសម្បូរទៅដោយសារធាតុទឹក និងវីតាមីន (ប៉ោម ក្រូច សារី ឪឡឹក...)
២. យ៉ាអួ ឬទឹកផ្លែឈើស្រស់( ទឹកដូង ទឹកអំពៅ...)
៣. គ្រាប់អាល់មុន គ្រាប់ចន្ទី សណ្តែកដី...
៤. នំស្រូវសាលី
៥. បន្លែ ជាមួយនឹងទឹកម៉យាណេស (ត្រសក់ ការ៉ុត ប៉េងបោះ ផ្កាខាត់ណាខៀវ...)
អាហារពេលថ្ងៃ៖ ត្រូវការកាឡូរីចន្លោះពី(៣០០ទៅ៤០០)
១. បាយអង្ករសម្រូប ជាមួយនឹងសាច់មាន់ លាយបន្លែ ២. ស៊ាំងវិច ៣. បាយ ត្រីចៀន និងបន្លែ ៤. ស៊ុប ៥. អាហារសាឡាដ...
អាហារសម្រន់ចន្លោះពេលថ្ងៃ និងល្ងាច៖ ត្រូវញ៉ាំឱ្យក្រោម២០០កាឡូរី
១. ផ្លែឈើ ឬបន្លែ ២. ដំណាប់ផ្លែឈើ ៣. សូកូឡាខ្មៅ ៤. នំស្រូវលាលី ៥. ទឹកដោះគោជូ...។
អាហារពេលល្ងាច៖ ញ៉ាំចន្លោះម៉ោង៥-៦ កម្រិតកាឡូរីត្រឹម ៥០០ចុះក្រោម
១. អាហារសាឡាដ ២. ម្ហូបធ្វើពីសាច់ត្រី ទ្រូងមាន់ ៣. បាយអង្ករសម្រូប ៤. ស្ពាហ្គាទី ៥. ផ្លែឈើ ជាមួយទឹកដោះគោជូ...។
គូសបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ក្រុមអាហារដែលបានរៀបរាប់ខាងលើនេះ លោកអ្នកអាចជ្រើសយក១ណាមកធ្វើជារបបអាហារប្រចាំពេលក៏បាន ដោយហេតុថា អាហារខាងលើនេះសុទ្ធសឹងតែជាអាហារជំនួយសុខភាព។ ជាការណែនាំបន្ថែម លោកអ្នកគួរជ្រើសយកតិចនិកញ៉ាំរបស់ជនជាតិជប៉ុន (ញ៉ាំ៨០%មានអារម្មណ៍ថាឆ្អែត) និងបន្ទាប់ពីការទទួលទានអាហាររួចគេពុំអនុញ្ញាតឱ្យគេងភ្លាមៗទេ រង់ចាំរយៈពេល៣០នាទីសិន ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយដំណើរការបានល្អ៕

