កាហ្វេជាភេសជ្ជៈដ៏ពេញនិយម ដែលត្រូវបានមនុស្សប្រើប្រាស់និងផឹកច្រើនបំផុតនៅលើពិភពលោក។ ជាពិសេសគឺកាហ្វេខ្មៅ ដែលវាមានផ្ទុកជាមួយសារធាតុ polyphenols ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារថ្លើម កាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។
ជាការពិតណាស់យោងតាមការបញ្ជាក់ពីគេហទំព័រ eatthis និង healthline បានឱ្យដឹងថា ការសិក្សាថ្មីធ្វើឡើងនៅសាកលវិទ្យាល័យ Southern Medical University ក្នុងទីក្រុង Guangzhou ប្រទេសចិនបញ្ជាក់ឱ្យដឹងថា កាហ្វេមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ជាពិសេសគឺកាហ្វេខ្មៅ។ មនុស្សពេញវ័យទាំងស្រីនិងប្រុសដែលផឹកកាហ្វេ១.៥ពែង ទៅ ៣.៥ ពែងក្នុងមួយថ្ងៃ ធ្វើឱ្យមានអាយុវែង និងកាត់បន្ថយការស្លាប់។ ទាំងកាហ្វេផ្អែមដាក់ស្ករ និងកាហ្វេមិនដាក់ស្ករ គឺមានអត្ថប្រយោជន៍ធ្វើឱ្យមនុស្សមានអាយុវែងប្រហាក់ប្រហែសគ្នា។
ក្នុងនោះបើតាមការបញ្ជាក់ច្បាស់ៗពីប្រភពទាំង២ខាងលើបានប្រាប់ថា អ្នកផឹកកាហ្វេ មិនដាក់ស្ករ ១.៥ ទៅ ៣.៥ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយការស្លាប់បាន ២០%។ ដោយឡែកចំពោះអ្នកដែលផឹកកាហ្វេដាក់ស្ករវិញគឺអាចកាត់បន្ថយការស្លាប់បាន ៣០%។ សរុបមកវិញរវាងការផឹកកាហ្វេដាក់ស្ករនិងមិនដាក់ស្ករ គឺអ្នកដែលផឹកកាហ្វេដាក់ស្ករអាចកាត់បន្ថយការស្លាប់បានច្រើនជាង និងល្អជាងមិនដាក់សោះ។
ទន្ទឹមនឹងនេះដែរ ចំពោះការដាក់ស្ករនៅក្នុងកាហ្វេ ក៏អ្នកត្រូវកំណត់ឱ្យបានច្បាស់លាស់និងទៀងទាត់ដែរ យល់ល្អកុំផឹកកាហ្វេមួយថ្ងៃផ្អែមខ្លាំង មួយថ្ងៃមិនផ្អែម ពីព្រោះការផឹកមិនទៀងទាត់បែបនេះមិនល្អសម្រាប់សុខភាពទេ។ ហើយចំពោះបរិមាណស្ករដែលស្ករ ដែលត្រូវដាក់ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពគឺ ក្នុងកាហ្វេមួយពែងអ្នកគួរដាក់ស្ករ១ស្លាបព្រាកាហ្វេ។ ជាតិស្ករក្នុងបរិមាណនេះ គេសិក្សាមិនថាមិនធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែមនោះទេ ពីព្រោះក្នុងរាងកាយមនុស្សម្នាក់ៗសុទ្ធតែត្រូវការជាតិស្ករ បើគ្មានជាតិស្ករក៏គ្មានកម្លាំងដែរ។ ករណីពិសេស៖ ចំពោះអ្នកដែលកំពុងមានជំងឺទឹកនោមផ្អែមនៅក្នុងខ្លួនស្រាប់ អ្នកគួរតែផឹកកាហ្វេខ្មៅមិនបាច់ដាក់ស្ករនោះទេ។
ការពិសោធន៍មួយផ្សេងទៀត រកឃើញថាមនុស្សចូលចិត្តកាហ្វេ ហើយផឹកកាហ្វេរាល់ថ្ងៃធ្វើឱ្យអាយុវែងនោះមកពី នៅពេលដែលផឹកកាហ្វេម្តងៗធ្វើឱ្យអារម្មណ៍សប្បាយចិត្ត ស្រស់ស្រាយ មានអារម្មណ៍ថាជីវិតមានន័យ។ សុខភាពផ្លូវចិត្តរបស់មនុស្សគឺសំខាន់បំផុត កាលណាយើងបានញ៉ាំនូវអ្វីដែលយើងចូលចិត្ត គឺធ្វើឱ្យអារម្មណ៍សប្បាយភ្លេចទុក្ខ កាលណាមនុស្សម្នាក់មានផ្លូវចិត្តសប្បាយគឺធ្វើឱ្យពួកគេអាយុវែង និងគ្មានជំងឺផងដែរ។
តាមការឱ្យដឹងរបស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ទោះបីកាហ្វេផ្ដល់គុណប្រយោជន៍ចំពោះសុខភាព ប៉ុន្តែវាក៏ផ្ដល់ផលអវិជ្ជមានមួយចំនួនចំពោះសុខភាពដែរ។ ប្រសិន បើអ្នកមានរោគស្លន់ស្លោ ឬជ្រួលច្របល់ រោគផ្លូវចិត្ត ហើយទៅផឹកកាហ្វគឺវាកាន់តែធ្វើឱ្យធ្ងន់ធ្ងរលើសដើម។ មិនតែប៉ុណ្ណោះប្រសិនជាអ្នកមាន ជំងឺទឹកនោមផ្អែម ជំងឺរាករូស ឡើងឈាម ក៏គេឱ្យកាត់បន្ថយការទទួលទានកាហ្វេដែរ។
គូសបញ្ជាក់ផងដែរថា ពេលវេលាផឹកកាហ្វេដែលល្អ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងអាយុវែងគឺញ៉ាំនៅពេលព្រឹកមុនឬក្រោយអាហារពេលព្រឹក ញ៉ាំពេលថ្ងៃក្រោយអាហារ និងពេលរសៀល ប៉ុន្តែហាមញ៉ាំនៅពេលយប់ និងហាមញ៉ាំបន្ទាប់ពីម៉ោង៣រសៀសព្រោះជាតិកាហ្វអ៊ីនដែលមាននៅក្នុងកាហ្វេអាចធ្វើឱ្យអ្នកពិបាកគេង និងគេងមិនលក់នៅពេលយប់៕