គ្មានអ្នកណាចង់មានស្បែកខ្មៅស្រអាប់ មានមុន ស្ងួតគ្មានសំណើមឡើយ តែដោយសារកត្តា ធម្មជាតិរួមផ្សំជាមួយការញុំាអាហារមិនល្អចូលជាប្រចាំថ្ងៃធ្វើឱ្យមនុស្សចាស់មុនអាយុភាគច្រើន។ ដូច្នេះហើយដើម្បីការពារនិងថែរក្សាស្បែកឱ្យមានសុខភាពល្អរបៀបរបបទទួលទានអាហារនេះជាចំនុចសំខាន់ជាងគេ។
ដោយយោងតាមរយៈគេហទំព័រfulcompany បានណែនាំប្រភេទភេសជ្ជៈមិនត្រឹមតែមានរសជាតិឆ្ញាញ់ ថែមទាំងជួយថែសម្រស់អ្នកទទួលទានបានទៀត ភេសជ្ជៈទាំងនោះមានដូចជា៖
១.ទឹកផ្លែទទឹម៖ ផ្លែទទឹមសម្បូរដោយវីតាមីន អេ អឺ និងវីតាមីនស៊ី ដែលល្អសម្រាប់ជួយបំបាត់និងកាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែក ជួយឱ្យស្បែករឹងណែន ភ្លឺរលោង ជម្រុះកោសិកាចាស់ៗរបស់ស្បែកចេញ។
២.តែបៃតង៖ គឺជាប្រភេទភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចកាហ្វេដែរ តែបៃតងមានសមត្ថភាពជួយពន្យឺតភាពចាស់របស់រាងកាយ ថែមទាំងជួយទៅគ្រប់គ្រងជាតិស្ករនៅក្នុងឈាមផងដែរ ប្រសិនបើអ្នកមិនសូវជាចេះផឹកកាហ្វេអ្នកអាចផឹកតែបៃតងជំនួសបានព្រោះវាមានជាតិកាហ្វេអ៊ីនទាបជាងកាហ្វេ ដើម្បីចៀសផុតពីអាការញ័រដៃជើង ឈឺក្បាលបាន។
៣. ទឹកអំពៅជាប្រភពដ៏ល្អបំផុតដើម្បីព្យាបាលមុន ជួយឱ្យស្បែកមានជាតិទឹក មានសំណើម ភ្លឺរលោងពីខាងក្នុង៖ ពីព្រោះទឹកអំពៅមានផ្ទុកជាតិអាស៊ីត glycolic, alpha-hydroxy (AHA) ដែលជាតិអាស៊ីតទាំងនេះមាននាទីបង្កើនការផលិតកោសិកា ប្រឆាំងទៅនឹងមុន ក៏ដូចជាការពារកុំឱ្យកើតមុនផងដែរ។ ពិសេសទៅទៀតនោះវាជួយក្នុងការជម្រុះកោសិកាស្បែកចាស់ និងបណ្តុះកោសិកាថ្មី បំពេញជាតិទឹកដល់ស្បែក ជួយឱ្យស្បែកភ្លឺថ្លាពីខាងក្នុង។
ពេលវេលាល្អសម្រាប់អ្នកផឹកទឹកអំពៅក្នុងមួយថ្ងៃមានដូចជា៖
· ផឹកមុនថ្ងៃត្រង់គឺចន្លោះម៉ោង៩ទៅម៉ោង១០ ជួយឱ្យរាងកាយស្វាហាប់ ស្រស់ស្រាយ និងរាងជម្រះជាតិពុលពីក្នុងខ្លួនផងដែរ
· ផឹកពេលរសៀលចន្លោះម៉ោង២ទៅម៉ោង៣ ជួយបំពេញជាតិទឹកដល់រាងកាយ ជំនួយស្បែក ប្រឆាំងនឹងការកើតមុន ព្រមតាំងព្យាបាលមុនផងដែរ
មួយវិញទៀតដើម្បីជួយឱ្យស្បែកសស្អាតមានសុខភាពល្អ អ្នកគួរតែមានទម្លាប់ហាត់ប្រាណប៉ុន្មានក្បូននេះជាប្រចាំ ធានាថាស្បែកភ្លឺស្អាតដូចលាបឡេ
-ហាត់បែបយូហ្គា៖ លំហាត់ប្រាណយូហ្គា ត្រូវបានគេចាត់ទុកជាលំហាត់ប្រាណមួយដែលជួយលើកសម្រស់ ជាពិសេសគឺសុខភាពស្បែក ជួយឱ្យស្បែកសភ្លឺរលោង ជួយចរន្តឈាមឱ្យដើរបានល្អសព្វរាងកាយ។ លំហាត់ប្រាណយូហ្គាមានច្រើនរបៀបខុសៗគ្នា អ្នកអាចជ្រើសរបៀបដូចរូបខាងក្រោមមួយណាក៏បានដើម្បីហាត់។ ហាត់១ដងត្រឹមរយៈពេល១៥ ទៅ៣០នាទីបានហើយ ព្យាយាមហាត់ឱ្យទៀងរាល់ថ្ងៃ។

-ធ្វើលំហាត់ប្រាណបែប Cardio៖ លំហាត់ប្រាណ Cardio ជាលំហាត់ប្រាណប្រភេទស្រាលដូចយូហ្គាដូចគ្នា វាជួយប្រយុទ្ធប្រឆាំងនឹងជាតិខ្លាញ់ ធ្វើឱ្យបេះដូងផលិតឈាមទៅកាន់រាងកាយ និងដុតបញ្ឆេះកាឡូរី សម្រកជាតិខ្លាញ់។ តាមការសិក្សាបានរកឃើញថាបែប Cardio នេះបើហាត់បានរយៈពេល ១៥០ទៅ២០០នាទីក្នុងមួយសប្តាហ៍ គឺជួយឱ្យចរន្តឈាមដំណើរការបានល្អ និងជួយស្បែកឱ្យមានសភាពភ្លឺថ្លាពីខាងក្នុងផងដែរ។ លំហាត់ប្រាណបែប Cardio មានច្រើនរបៀបដូចរូបខាងក្រោម អ្នកអាចជ្រើសរបៀបណាមកហាត់ក៏បាន។
![]()
ប្រភពបន្ថែម៖everydayhealth
អត្ថបទដោយ៖ប៉ែត ធីតា

