ទម្លាប់នៃការញ៉ាំកាហ្វេ បានក្លាយជារឿងធម្មតាទៅហើយ សម្រាប់ស្ថានភាពរស់នៅក្នុងពេលបច្ចុប្បន្ននេះ ។ កន្លងមក មានការសិក្សាមួយចំនួន បានរកឃើញពីគុណប្រយោជន៍ នៃការញ៉ាំកាហ្វេចំពោះសុខភាព ជាបន្តបន្ទាប់ ខណៈពេលដែល មានមនុស្សមួយចំនួនផ្សេងទៀត ជឿថាការញ៉ាំកាហ្វេ បានធ្វើឲ្យមានផលប៉ះពាល់ចចំពោះសុខភាពទៅវិញ ដូចជា ការធ្វើឲ្យបេះដូងដើរញាប់ជាងធម្មតាជាដើម ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ www.eatthis.com បានលើកឡើងពីលទ្ធផលនៃការសិក្សា៣ផ្សេងៗគ្នា ស្ដីពីគុណប្រយោជន៍ នៃការញ៉ាំកាហ្វេ គឺបានជួយមនុស្សយើង ឲ្យមានអាយុវែង និងជួយកាត់បន្ថយការកើតជំងឺកាចសាហាវមួយចំនួនផងដែរ ។
លទ្ធផលនៃការសិក្សា៣ដាច់ដោយឡែកពីគ្នា ត្រូវបានបញ្ហាញជូនតាមរយៈទិវាវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៧១ នៃវិទ្យាស្ថានស្រាវជ្រាវជំងឺបេះដូងរបស់សហរដ្ឋអាមេរិក បានរកឃើញដូចគ្នាថា ការញ៉ាំកាហ្វេចន្លោះពី ២ទៅ៣កែវក្នុងមួយថ្ងៃ មិនត្រឹមតែបានជួយ កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងបានច្រើនប្រភេទនោះទេ ប៉ុន្តែថែមទាំងជួយឲ្យលោកអ្នកមានអាយុវែងផងដែរ។
ឆ្លើយនឹងសំនួរ ហេតុអ្វីកាហ្វេអាចជួយធ្វើឲ្យមនុស្សមានអាយុវែង? គ្រូពេទ្យជំនាញ បានពន្យល់ថា ការហ្វេមានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងសារធាតុប្រឆាំងការរលាកក្នុង ដែលជួយរក្សាតុល្យភាពទម្ងន់រាងកាយ និងទប់ស្កាត់មិនឲ្យពោះវៀន ធ្វើការបឺតស្រូបជាតិខ្លាញ់មិនល្អចំពោះសុខភាព ព្រមទាំងសម្រួលដល់ចង្វាក់បេះដូងទៀតផង ។ ក្រៅពីនេះ កាហ្វេមានតួនាទីជួយដល់មុខងារថ្លើម និងទប់ស្កាត់ពីការកើតជំងឺទឹកនោមផ្អែមផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកអ្នកគួរប្រយ័ត្នចំពោះការញ៉ាំកាហ្វេ ច្រើនហួសហេតុ ការបន្ថែមជាតិស្ករ និងគ្រីមក្នុងការហ្វេ ព្រោះសារធាតុទាំងនេះ អាចប៉ះពាល់ដល់សុខភាព។ការញ៉ាំកាហ្វេខ្មៅ សុទ្ធ មិនបន្ថែម ស្ករ និងគ្រីម ឬសារធាតុផ្សេងៗ គឺជាជម្រើសដ៏ល្អ ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.eatthis.com