កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមចំពោះមនុស្សពេញវ័យនៃសម័យសតវត្សន៍ទី២១នេះ ដែលត្រូវបានគេសិក្សាឃើញថា ទទួលស្គាល់ទាំងរស ក្លិន និងអត្ថប្រយោជន៍ធំៗចំពោះសុខភាព។ តួយ៉ាង បើយើងក្រឡេកទៅមើលពីប្រជាជនអាមេរិក មានប្រមាណជាង ៦៤% បានផឹកកាហ្វេជាប្រចាំថ្ងៃ ក្នុងនោះដែរហើយអ្នកជំនាញបានរកឃើញថា «ការផឹកកាហ្វេ ២ពែងក្នុងមួយថ្ងៃ ជួយឱ្យមានកាត់បន្ថយហានិភ័យ ៤៤%នៃការវិវត្តទៅជាជំងឺក្រិនថ្លើមថ្លើម» (នេះបើតាមរយៈសារព័ត៌មាន Reuters)។
យ៉ាងណាមិញ នៅជុំវិញបញ្ហាទទួលទានកាហ្វេនេះ ក៏មានចម្ងល់មួយបានលើកឡើងថា តើគួរធ្វើឱ្យការញ៉ាំកាហ្វេនេះ ទើបអាចមានប្រសិទ្ធិភាព និងជះឥទ្ធិផលល្អដល់រាងកាយដូចដែលអ្នកជំនាញបានលើកឡើងមែននោះ?
ជាចម្លើយដ៏ល្អសម្រាប់ឆ្លើយតមនឹងសំណួរខាងលើ ថ្ងៃនេះ Healthy Cambodia នឹងបានឆ្កឹះយកនូវល្បិច ញ៉ាំកាហ្វេចំនួន៣ដោយផ្អែកតាមការចុះផ្សាយរបស់ cnbc.com៖
១. កុំផឹកកាហ្វេភ្លាមៗនៅពេលអ្នកភ្ញាក់ពីគេង
ការផឹកកាហ្វេភ្លាមៗបន្ទាប់ពីអ្នកភ្ញាក់ពីគេងអាចកាត់បន្ថយកម្រិតថាមពលធម្មជាតិរបស់រាងកាយអ្នក។ អ្នកជំនាញខាងផ្នែកគ្រប់គ្រង និងអាកប្បកិរិយា លោក Daniel Pink បានពិនិត្យមើលវិទ្យាសាស្រ្តនៃពេលវេលា និងរបៀបដែលវាអាចប៉ះពាល់ដល់ផលិតភាពការងារប្រចាំថ្ងៃ។ ផ្អែកលើការសិក្សាជាច្រើនកន្លងមករបស់លោក Pink ស្តែងឱ្យដឹងថា ពេលវេលាដ៏ល្អបំផុតដើម្បីញ៉ាំកាហ្វេនាព្រឹកព្រលឹម គឺប្រហែល ៦០-៩០នាទី បន្ទាប់ពីអ្នកភ្ញាក់ពីគេង។ នោះដោយសារតែជាតិកាហ្វេអ៊ីនរំខានដល់ការផលិតអរម៉ូន cortisol ដែលជាអរម៉ូនដែលផ្តល់សញ្ញាឱ្យរាងកាយភ្ញាក់ និងឆ្លើយតប។
ជាមួយគ្នានេះដែរ កាលពីកន្លងមក វេជ្ជបណ្ឌិត Steven Miller ជាអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Geisel ក្នុង Dartmouth បង្ហាញពីដំណើរអន្តរកម្មបែបជីវសាស្ត្ររវាងការផឹកកាហ្វេ និងចង្វាក់ circadian របស់រាងកាយឆ្លើយតបទៅនឹងពន្លឺ និងភាពងងឹតក្នុងកំឡុងវដ្ត ២៤ ម៉ោង។ នៅពេលអ្នកភ្ញាក់ពីព្រលឹមចង្វាក់ circadian របស់អ្នកបញ្ជាឱ្យផលិតអរម៉ូន cortisol កើនឡើង ៥០% ដូច្នេះប្រសិនបើអ្នកទទួលទានកាហ្វេនៅពេលព្រឹកពេកបន្ថែមទៀត សារធាតុកាហ្វេនឹងចូលទៅដាស់អរម៉ូន cortisol ឱ្យធ្វើការបន្ថែមកាន់តែខ្លាំង ជាហេតុធ្វើឱ្យដំណើរការនៃសារពាង្គកាយរបស់យើងប្រែក្លាយជាឆាប់ធ្លាក់ចុះខ្សោយទៅវិញ។
២. ជ្រើសរើសគ្រឿងផ្សំត្រឹមត្រូវ
គ្រាប់កាហ្វេមានកម្រិតជាតិកាហ្វេអ៊ីនខុសៗគ្នា អាស្រ័យទៅលើរបៀបលីញ ដែលគេបែងចែកចេញជា៣កម្រិតធំៗ គឺ ស្រាល មធ្យម និងខ្មៅខ្លាំង។ ការទទួលទានកាហ្វេអ៊ីនក៏ត្រូវដឹងពីកម្រិតសុខភាពរបស់ខ្លួនផងដែរថា តើអាចទ្រាំទ្រនឹងការញ៉ាំកាហ្វេកម្រិតណា? ម្យ៉ាងវិញទៀត ក្រៅពីជម្រើសគ្រាប់កាហ្វេនោះ គឺអាស្រ័យទៅរបៀបឆុង ដោយវាស់ទៅលើសីតុណ្ហភាពទឹកក្តៅ (ជាទូទៅទឹកក្នុងកម្រិតសីតុណ្ហភាពចន្លោះពី ៩០,៥ ទៅ ៩៦,១ អង្សារសេ)។
៣. ក្បួន Nappucinos
Nappucinos មកពីពាក្យ Coffee + Afternoon nap ដែលក្បួននេះត្រូវបានអ្នកជំនាញកំណត់ទៅលើ ការគេងថ្ងៃ ដោយគេជឿថា ការញ៉ាំកាហ្វេហើយគេងរយៈពេល២០នាទី នឹងជួយបង្កើនផលិតភាពការងារ ពង្រឹងការផ្តោតអារម្មណ៍ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីភ្ញាក់មកវិញ។ លោកវេជ្ជបណ្ឌិត Pink បានណែនាំ ថា ក្បួន Nappucinos គួរធ្វើនៅចន្លោះម៉ោង ២ និង ៤ រសៀល ជាពេលវេលាកម្រិត cortisol ធ្លាក់ចុះ និងត្រូវការឱ្យខួរក្បាលសម្រាក។
អ្នកជំនាញក៏បានបន្ថែមយុទ្ធសាស្ត្រមួយចំនួនទៀតផងដែរ ដោយឱ្យទទួលទានទឹកឱ្យបានគ្រប់គ្រាន់ កំណត់ការទទួលទានជាតិកាហ្វេអ៊ីន ព្រោះសារធាតុនេះអាចរំញោចដល់ប្រព័ន្ធប្រសាទនៃសរីរាង្គរំខានដល់គុណភាពដំណេក ហេតុនេះគួរជៀសវាងការ ជាតិកាហ្វេអ៊ីនក្នុងរយៈពេល៥ម៉ោងមុនចូលគេង ប្រសិនបើអាចមិនគួរទទួលទានកាហ្វេចាប់ពីម៉ោង៥ល្ងាចទៅ៕