បញ្ហារំលូតកូន គឺជារឿងឈឺចាប់បំផុតសម្រាប់ស្រីៗយើងដែលអ្នកខ្លះគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តធ្វើបែបនេះ ទោះបីមានការប៉ះទង្គិចផ្លូវកាយ និងផ្លូវចិត្តជាខ្លាំង ហើយនឹងអ្នកខ្លះទៀតរំលូតកូនដោយចៃដន្យ ឬអចតេនា ជួបគ្រោះថ្នាក់ ជាយថាហេតុណាមួយដោយមើលមិនឃើញ។
ជាក់ស្ដែងដោយផ្អែកលើប្រភពវែបសាយ verywellfamily បានលើកឡើងថា ក្រោយពេលស្រ្ដីគ្រប់រូបរំលូតកូនគួរណាស់តែទុកពោះឲ្យបាន៦ខែឡើងទៅសឹមយកកូនម្ដងទៀត ព្រោះថាបើយកកូនក្រោមអំឡុងពេល៦ខែម្ដងទៀតវានឹងបណ្ដាលឲ្យយើងជួបរឿងអវិជ្ជមានមានហានិភ័យរំលូតកូនម្ដងទៀតជាក់ជាមិនខាន។
អង្គការសុខភាពពិភពលោក (WHO) បានស្នើឲ្យស្រ្ដីគ្រប់រូបគួរតែរង់ចាំពេលវេលាឲ្យបាន៦ខែ ឬក៏យូរជាងនេះក្រោយពេលរំលូតកូនដោយបង្ខំ ឬក៏ការរំលូតកូនដោយគ្រោះថ្នាក់ណាមួយ ទើបអាចមានផ្ទៃពោះម្តងទៀត។ សម្រាប់ហេតុផលនេះគឺដើម្បីកាត់បន្ថយហានិភ័យនៃលទ្ធផលអវិជ្ជមានម្ដងទៀត។
ជាហេតុផលក្នុងន័យ៦ខែនេះអាស្រ័យលើកាលៈទេសៈនៃការរំលូតកូនរបស់មនុស្សស្រីម្នាក់ៗ គ្រូពេទ្យបានណែនាំថាជាឧទាហរណ៍ ប្រសិនបើស្រ្ដីរូបណាជួបប្រទះការបាត់បង់ឈាមច្រើនក្នុងពេលរំលូតកូន រយៈពេល៦ខែនេះគឺជាពេលវេលាដែលយើងត្រូវផ្ដល់ឲ្យរាងកាយជាសះស្បើយ និងបង្កើតឃ្លាំងផ្ទុកជាតិដែកនៅក្នុងឈាមឡើងវិញ។ លើសពីនេះ ក្នុងអំឡុងពេល៣ ទៅ៤ខែគឺជាការផ្តល់ពេលវេលាឲ្យស្បូន និងអ័រម៉ូនរបស់យើងជាសះស្បើយ ហើយត្រឡប់ទៅរកកម្រិតមូលដ្ឋានវិញ មុនពេលព្យាយាមមានផ្ទៃពោះម្តងទៀត។
អ្នកគ្រូ សាត់ ស្រីពៅ ជាអគ្គនាយិកាគ្លីនិក និងក្រុមហ៊ុន SP ធ្លាប់បានលើកឡើងថា ក្រោយពេលរំលូតកូនហើយមិនត្រូវយកកូនភ្លាមៗនោះទេ យ៉ាងហោចណាស់ត្រូវតែ៦ខែទៅ១ឆ្នាំសឹមអាចយកកូនបានទៀត។ មូលហេតុមកពីក្នុងរយៈពេលហ្នឹងយើងត្រូវតែថែរក្សាស្បូនរបស់យើងឲ្យមានសុខភាពល្អឡើងវិញ ព្រោះថាកាលណាដែលសុខភាពស្បូនយើងមានសុខភាពមិនល្អ ខ្សោយវានឹងបង្កទៅជាមេរោគក្នុងស្បូនដែលយើងមិនបានព្យាបាលត្រឹមត្រូវ។
ជាមួយគ្នានេះផងដែរវេជ្ជបណ្ឌិតក៏បានណែនាំឲ្យស្ដ្រីដែលទើបតែរំលូតកូនរួចគួរតែចៀសវាងផឹកស្រា ផឹកកាហ្វេលើសពី២កែវក្នុង១ថ្ងៃ ប្រើគ្រឿងញៀន លើករបស់ធ្ងន់ៗ ឬក៏ធ្វើសកម្មភាពហួសពីកម្លាំង។ ព្រោះកត្តាទាំងនេះអាចបង្កឲ្យធ្លាក់ឈាម និងអាការៈផ្សេងទៀតកាន់តែធ្ងន់ធ្ងរដែលអាចឈានដល់ការស្លាប់ក៏ថាបាន ៕
អត្ថបទដោយ៖ ស្រីណុច