កាលពីខែទៅមួយមានកុមារម្នាក់ក៏បានស្លាប់ដោយសារនេះដែរ។ តាមក្រសួងសុខាភិបាលបានលើកឡើងថា មានការសោកស្តាយ និងសូមចូលរួមមរណទុក្ខជាមួយ មាតាបិតានិងក្រុមគ្រួសារ ចំពោះការស្លាប់របស់កុមារា អាយុ ៣ឆ្នាំ ៦ខែ... ដោយសារជំងឺផ្តាសាយបក្សី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទោះជាក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យប្រឹងប្រែងជួយសង្គ្រោះអស់ពីសមត្ថភាពក៏ដោយ។
ពេលនេះ ក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេត តាមដាន ស្រាវជ្រាវ យ៉ាងសកម្មនៅកន្លែងកើតហេតុដោយយកសំណាក លើប្រជាជនដែលប៉ះពាល់ជាមួយអ្នកជំងឺ និងបន្តស្វែងរក ករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងបានព្យាបាល បង្ការបន្ទាន់ដោយឱសថតាមីហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំ ណែនាំ ដល់ប្រជា ពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ដើម្បីបង្ការការឆ្លងជំងឺផ្តាសាយបក្សី។
របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាល ផងដែរ។
៤របៀបបង្ការជំងឺផ្តាសាយបក្សី H5N1
១. កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម
២. ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជា ពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
៣. ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
៤. ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការ ស្លាប់ជាយថាហេតុ។