ការងារច្រើន ស្រ្តេសច្រើន បូករួមទាំងវ័យកាន់តែចាស់ ធ្វើឱ្យសុខភាពខួរក្បាលចាប់ផ្ដើមថយចុះ ភ្លេចភ្លាំងច្រើន មិនរហ័សរហួន គិតអ្វីថ្មីៗមិនចេញដូចមុន។ ប្រសិនបើយើងបណ្ដោយស្ថានភាពបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ខួរក្បាលកាន់តែខ្សោយៗ ជាហេតុអាចបង្កជាជំងឺ ការភ្លេចភ្លាំងមុនអាយុជាដើម។ មិនថាខួរក្បាលរបស់អ្នកធ្លាក់ចុះសមត្ថភាពក្នុងកម្រិតធ្ងន់ឬស្រាលនោះទេ របបអាហារប្រចាំថ្ងៃគឺជាថ្នាំប៉ូវចាំបាច់បំផុតដែលអ្នកគួរតែយកចិត្តទុកដាក់។
តាមការណែនាំក្នុងប្រភពEatthis,Notthat វេជ្ជបណ្ឌិត Kiran F. Rajneesh ឯកទេសខាងសរសៃប្រសាទនៅសាកលវិទ្យាល័យ Ohio State University Wexner Medical Center សាស្ត្រាចារ្យរងនៅនាយកដ្ឋានសរសៃប្រសាទនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Ohio State បានចែករំលែកពីអាហារពេលព្រឹក៤មុខ ដែលអាចបំប៉នសមត្ថភាពខួរក្បាលបានយ៉ាងល្អ មានដូចជា៖
- ត្រី ៖ របាយការណ៍ឆ្នាំ2020 មួយនៅក្នុង Frontiers in Aging Neuroscience បានរកឃើញថា ការញ៉ាំត្រីអាចជួយបង្កើនការចងចាំ និងការបង្កើនការយល់ដឹងជាទូទៅចំពោះបុគ្គលដែលមានសុខភាពល្អ។ វេជ្ជបណ្ឌិត Kiran F. Rajneesh បានមានប្រសាសថា ហោចណាស់ញ៉ាំត្រី២ដងក្នុង១សប្ដាហ៍ ល្អបំផុតក្នុងការជំនួយខួរក្បាល។ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារសមុទ្រ មិនគួររំលងការទទួលទានត្រីនោះទេ ជាពិសេសប្រភេទត្រីដែលមានខ្លាញ់ និងអូមេហ្គា ដូចជាសាល់ម៉ុន ធូណា ត្រីប្រាធូ។ល។
- គ្រាប់ធញ្ញាជាតិ៖ តាមការសិក្សាបានរកឃើញថា សិស្សនិសិត្សដែលញ៉ាំប្រភេទ Walnut ៦០ក្រាមជារៀងរាល់ថ្ងៃ ខួរក្បាលដំណើរការល្អ ចាប់បានការយល់ដឹងលឿន សមត្ថភាពខួរក្បាលត្រឹះរិះពិចារណា បានល្អជាងអ្នកដែលមិនបានញ៉ាំ។ ហេតុនេះបើចង់បានខួរក្បាលល្អឡើងវិញ អ្នកអាចញ៉ាំប្រភេទគ្រប់ធញ្ញជាតិ លាយជាមួយទឹកដោះគោបាន។
- រមៀត៖ វេជ្ជបណ្ឌិត Rajneesh មានប្រសាសន៍ថា "សារធាតុសកម្មរបស់រមៀត (curcumin) ត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងភាពចាស់ ប្រឆាំងនឹងជំងឺមហារីក និងមានប្រយោជន៍សម្រាប់ការថែរក្សាការចងចាំ"។ អ្នកអាចបន្ថែមរមៀតទៅក្នុងអាហារពេលព្រឹករបស់អ្នក អាចយកម្សៅរមៀតឆុងជាតែក្ដៅៗទទួលទានពេលព្រឹក ឬលាយម្សៅរមៀតជាមួយទឹកដោះគោទទួលទាននៅពេលព្រឹក។
- ក្រុមប៊ឺរី៖ ទទួលទានផ្លែឈើ និងបន្លែស្រស់ៗជារៀងរាល់ថ្ងៃ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិត Rajneesh ណែនាំដល់អ្នកជំងឺរបស់គាត់ ពីព្រោះអាហារទាំងនេះជាច្រើន "មានវីតាមីន C ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ក្នុងការជួសជុលជាលិកាខួរក្បាល និងភ្នាសកោសិកា"។ ជាពិសេសពពួកផ្លែប៊ឺរី មានមីក្រូសារជាតិ និងសារធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់ ដែលមានប្រយោជន៍ក្នុងការជួសជុល និងស្តារមុខងារខួរក្បាលឡើងវិញ"។
អត្ថបទដោយ៖ Senghong