អបអរសាទរកីឡាករ សុខ លឹមហេង បានជាប់ចំណាត់ថ្នាក់លេខ១ដោយដណ្ដើមបានមេដាយមាសដំបូង លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្តជនបុរស៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីព្រឹកថ្ងៃទី៦ ខែឧសភានេះ។
ជាមួយគ្នានេះផងដែរផ្អែកតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ ទទក លោក សុខ លឹមហេង ស្តេចអុកអង្គរសង្រ្កាន្តឆ្នាំ២០២៣ បានបង្កើន កំណត់ត្រាថ្មីមួយទៀតហើយ ដោយ ដណ្តើមបានមេដាយមាស ជាមួយកំណត់ត្រា ស្មើ១ប្រកួត និង ឈ្នះ៦ ប្រកួតជាប់គ្នា ដណ្តើមមេដាយមាសជាលើកដំបូងក្នុងប្រភេទកីឡាអុកចត្រង្គ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។
ការប្រកួតក្នុងពូល A សុខ លឹមហេង ប្រកួតស្មើកីឡាករថៃ TUPFAH KHUMNORKAEW ឈ្នះកីឡាករឡាវ បន្តយកឈ្នះកីឡាករ មីយ៉ាន់ម៉ា និងឈ្នះម្ចាស់មេដាយប្រាក់ វៀតណាម QUANG TRUNG NGUYEN មុនយកឈ្នះកីឡាករហ្វីលីពីន ក្នុងវគ្គសន្សំពិន្ទុ។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាករ សុខ លឹមហេង ចំណាយពេលត្រឹមសរុប ១.៤០ វិនាទីក្នុងការប្រកួត ពិក្តារ (ក្តាទី១ចំណាយពេល ១.១៨ វិនាទី និងក្តារទី២ ចំណាយពេល ០.២២ វិនាទី) ។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាម ដែលមកពីពូលជាមួយគ្នា ក្នុងក្តារទី១ ដោយចំណាយពេល ៣.២៣ វិនាទី និងស្មើក្នុងក្តារទី២។
ដោយឡែកស្ដេចអុកប្រចាំស៊ីហ្គេមលើកទី៣២នេះបានបង្ហាញចំណាប់អារម្មណ៍យោងតាមបទសម្ភាសមួយកីឡាករ សុខ លឹមហេង បាននិយាយថា៖ មុនចាប់ផ្ដើមប្រកួតលោកមានអារម្មណ៍ភ័យរៀងខ្លាំងដែរ ដោយលោកបារម្ភថាមិនអាចធ្វើបានល្អជូនជាតិ ប៉ុន្តែក្រោយបានយកឈ្នះនៅក្ដារទី១មក លោកកាន់តែជំនឿចិត្តយកឈ្នះមេដាយមាសកាន់តែខ្លាំងថែមទៀត ដោយលោកបានយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ទាំង២ក្ដារដែលប្រើពេលមិនដល់៥នាទីផង ខណៈយុទ្ធសាស្រ្ដនេះគឺគេហៅថាយុទ្ធសាស្រ្ដសម្លាប់ដៃគូរ។
គួររំលឹកដែលថា កាលពីឆ្នាំ២០២០ កីឡាករ សុខ លឹមហេង ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់លេខ១ពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ លុះមកឆ្នាំបន្តបន្ទាប់ទឿត សុខ លឹមហេង ក៏ជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតនានា នាពេលកន្លងមកដែរ។ រួចមកដល់ឆ្នាំ២០២៣ លោកបានក្លាយជាស្តេចអុកអង្គរសង្ក្រាន្ត ខណៈលោកបានផ្ដួលកីឡាករ ឈាវ បូរ៉ា ដែលជាស្តេចអុកកាលពីឆ្នាំ២០១៤ និង ២០១៥ ៕