ចិត្តសាស្ត្រ
តើអ្វីទៅជាជំងឺអារម្មណ៍ពីរ?តើអាការៈនៃជំងឺនេះមានសញ្ញាដូចម្ដេច?
Phoak Mary
August 23 2020
634 views

គ្រូពេទ្យឯកទេសផ្លូវចិត្ត ហួត លីនណា បានឱ្យនិយមន័យ ជម្ងឺអារម្មណ៍ពីរ គឺជាជម្ងឺផ្លូវចិត្តនិងខួរក្បាល ម្យ៉ាង ដែលមានអាការៈរោគ ប្រែប្រួល ម្តងមានអារម្មណ៍បាក់ស្រុតទឹកចិត្តខ្លាំង ឬ អារម្មណ៍ពិបាកចិត្តខ្លាំង រួចប្រែទៅជា មានទឹកចិត្តឡើងខ្ពស់ឬ សប្បាយចិត្តជ្រុល ហើយបន្ទាប់មក ទឹកចិត្តក៏ធ្លាក់ស្រុតមកវិញ ហើយចេះតែបន្តឡើងចុះទៀត។

ជម្ងឺ អារម្មណ៍ពីរ ជាជំងឺផ្លូវចិត្តនិងខួរក្បាលប្រភេទធ្ងន់ និងរុំារ៉ៃមួយ ដែលកើតឡើង ហើយអាចលាប់មកវិញ ប្រសិនបើ មិនបានទទួលការព្យាបាលត្រឹមត្រូវ។

ប្រភេទនៃជម្ងឺអារម្មណ៍ពីរ

ជម្ងឺ អារម្មណ៍ពីរ ក៏ត្រូវបានចែកចេញជាច្រើនប្រភេទដូចតទៅ៖

១. ជម្ងឺ អារម្មណ៍ពីរ ប្រភេទទី១

អ្នកជំងឺមាន ទឹកចិត្តឡើងកំរិតខ្ពស់ មានអារម្មណ៍សប្បាយខ្លាំងជ្រុល ឆ្លាស់គ្នាជាមួយនិងការធ្លាក់ស្រុតទឹកចិត្តកំរិតល្មម មានអារម្មណ៍ពិបាកចិត្តកំរិតល្មម

២. ជម្ងឺ អារម្មណ៍ពីរ ប្រភេទទី២

អ្នកជំងឺមានការធ្លាក់ស្រុតទឹកចិត្តកំរិតខ្លាំង មានអារម្មណ៍ពិបាកចិត្តខ្លាំង ឆ្លាស់គ្នាជាមួយនិង ទឹកចិត្តឡើងកំរិតទាប សប្បាយតិចតួច

៣. ជម្ងឺ អារម្មណ៍ពីរ ប្រភេទទី៣៖ ជាទម្រង់ស្រាលរបស់ ជម្ងឺ អារម្មណ៍ពីរ ដែលអារម្មណ៍ប្រែប្រួលឡើងចុះ ក្នុងកំរិតទាប។

៤. ជម្ងឺ អារម្មណ៍ពីរ ប្រភេទប្រែប្រួលញឹកញាប់៖

ជាទម្រង់មួយដែល ទឹកចិត្តឡើង អារម្មណ៍សប្បាយ និងទឹកចិត្តស្រុតចុះ អារម្មណ៍ពិបាកចិត្ត ប្រែប្រួលឡើងចុះ ញឹកញាប់ យ៉ាងតិច បួនដងក្នុងមួយឆ្នាំ ហើយ រយៈពេលដែលទឹកចិត្តឡើង ឬ ចុះ ក៏ខ្លីដែរ។

៥. ជម្ងឺអារម្មណ៍ពីរ ប្រភេទផ្សេងៗ៖

ជម្ងឺអារម្មណ៍ពីរ ប្រភេទនេះ ទាក់ទងនឹង ការសេពគ្រឿងញៀន ឬ គ្រឿងស្រវឹង ឬ ជម្ងឺផ្លូវកាយ។

មូលហេតុបង្កជំងឺ

មូលហេតុពិតប្រាកដនៃជម្ងឺនេះ នៅមិនទាន់រកឃើញ នៅឡើយទេ។ ប៉ុន្តែ គេឃើញមានកត្តាចូលរួមជាច្រើន ដូចជា៖

• តំណពូជ

• អតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទ

• បរិយាកាស (ស្រេ្តស ឬ បាក់ទឹកចិត្ត)

• ថាមវន្តចិត្តសាស្ត្រ ៖

ជាលក្ខខណ្ឌមួយដែលខួរក្បាលធ្វើការឆ្លើយតបដើម្បីការពារខ្លួននៅពេលមានជំងឺធ្លាក់ស្រុតទឹកចិត្ត

• ឱសថមួយចំនួន ៖

ឱសថមួយចំនួន បង្កឱ្យកើតជម្ងឺអារម្មណ៍ពីរ ដូចជា ឱសថព្យាបាលជំងឺធ្លាក់ទឹកចិត្ត និង ឱសថផ្សេងទៀត។

រោគសញ្ញា

ក្នុងដំណាក់កាល ធ្លាក់ស្រុតទឹកចិត្តអ្នកជំងឺអាចមានអាការៈដូចខាងក្រោម៖

• ពិបាកចិត្ត ឆាប់យំ ឆាប់ស្រក់ទឹកភ្នែក

• គេងមិនលក់ ឬ គេងច្រើនពេក

• ញុំាអាហារមិនបាន ឬ ញុំាមិនឆ្ងាញ់

• មានអារម្មណ៍ធុញថប់ មិនចង់ជួបគេជួបឯង

• បាត់បង់ចំណង់ចំណូលចិត្ត មិនចង់ធ្វើអ្វីឡើយ ដូចជា មិនចង់ធ្វើការ មិនចង់រកសុី មិនចង់រៀន ។ល។

• អារម្មណ៍មិនស្រួលខ្លួន ជាពិសេស ពេលព្រឹក

• ឆាប់អស់កម្លាំង ឆាប់ភ្លេច ឆាប់មួរម៉ៅ

• អារម្មណ៍ផ្លូវភេទ ចុះខ្សោយ ឬ គ្មានតែម្ដង

• គ្មានអារម្មណ៍សប្បាយចិត្ត

• អស់សង្ឃឹម

• គិតអ្វីមិនចេញ

• ធ្វើការ ឬ រៀនសូត្រ មិនកើត

• ចង់ធ្វើអត្តឃាត។

ក្នុងដំណាក់កាល ទឹកចិត្តឡើងខ្ពស់ អ្នកជំងឺអាចមានអាការៈដូចខាងក្រោម៖

• ចង់តែសប្បាយ ប្លែកពីធម្មតា

• មិនចង់ គេងច្រើន

• និយាយច្រើនអួត អ្វីៗសុទ្ធតែងាយស្រួល

• និយាយញាប់ លឿន ប្លែកពីមុន

• ឡេះឡះ នៅមិនស្ងៀម ចេះតែចង់ធ្វើនេះ ធ្វើនោះ មិនចង់ឈប់

• មានអារម្មណ៍ ឆាប់ប្រកាន់ខឹង

• គំនិតលោតផ្លោះ ហោះហើរ

• ចេះតែចង់ចាយលុយ ឬ ទិញរបស់របរ ដោយមិនគិតមុខក្រោយ

• អារម្មណ៍ផ្លូវភេទ កើនឡើងខ្លាំង

• ពិបាកផ្ចង់អារម្មណ៍

• ធ្វើការ ឬ រកសុី ឬ រៀនសូត្រ មិនកើត

កត្តាហានិភ័យ

កត្តាមួយចំនួនដែល ចូលរួម ឬ ជំរុញ ឱ្យកើតជម្ងឺអារម្មណ៍ពីរ មានដូចខាងក្រោម៖

១. មាន ឳពុក ឬ ម្ដាយ ឬ បងប្អូនបង្កើត ឬ បងប្អូនសាច់ញាតិ កើតជម្ងឺអារម្មណ៍ពីរ

២. មានស្ត្រេស ខ្លាំង ដូចជា មាន មនុស្សជាទីស្រឡាញ់ស្លាប់ ឬ ជួបហេតុការណ៍មិនល្អក្នុងជីវិត

៣. ប្រើប្រាស់ច្រើនជ្រុលពេក នូវគ្រឿងញៀន ឬ គ្រឿនស្រវឹង

ផលវិបាក

បើមិនបានព្យាបាលទេ ឬ ទទួល ការព្យាបាលមិនត្រឹមត្រូវ អ្នកជម្ងឺនឹងជួបផលវិបាកដូចខាងក្រោម៖

១. អាចធ្លាក់ខ្លួនប្រើគ្រឿងញៀន ឬ គ្រឿងស្រវឹង

២. ធ្វើអត្តឃាត

៣. អាចជួបបញ្ហា ខាងផ្លូវច្បាប់ ឬ ខាងថវិការ

៤. ធ្វើការងារ ឬ រកសុី ឬ រៀនសូត្រ មិនកើត ឬ មិនបានលទ្ធផលល្អ

ការបង្ការ

គ្មានវិធីប្រាកដប្រជាណាមួយ ដែលអាចបង្ការកុំឱ្យកើតជម្ងឺអារម្មណ៍ពីរ បានទេ។

ប៉ុន្តែ មានវិធីជាច្រើនដូចខាងក្រោម ដើម្បីបង្ការកុំឱ្យជម្ងឺអារម្មណ៍ពីរ នេះ ចេះតែធ្ងន់ទៅ ឬ លាប់ឡើងវិញ៖

១. ប្រញាប់ទៅទទួលការព្យាបាល នៅពេលទើបនឹងឈឺ

២. ជៀសវាងគ្រឿងញៀន ឬ គ្រឿងស្រវឹង

ការប្រើប្រាស់គ្រឿងញៀន ឬ គ្រឿងស្រវឹង ធ្វើឱ្យ ជម្ងឺ ធ្ងន់ជាងមុន ឬ លាប់ឡើងវិញ។

៣. ទទួលការព្យាបាលតាមវេជ្ជបញ្ជា

* កុំបញ្ឈប់ការព្យាបាល ឬ បន្ថយកំរិតថ្នាំ ឬ លេបថ្នាំមិនទៀងទាត់ ដោយចិត្តខ្លួនឯង ឬ ដោយជឿតាមគេ។

* ត្រូវតមតាមវេជ្ជបញ្ជា ឱ្យបានដាច់ខាត។

ព័ត៌មាននេះ គ្រាន់តែជាការផ្ដល់ ចំណេះដឹងខ្លះៗ ផ្នែកជម្ងឺផ្លូវចិត្តនិងខួរក្បាល ជូនលោកអ្នក តែប៉ុណ្ណោះ។

ប្រសិនបើលោកអ្នកគិតថា លោកអ្នក ឬ បងប្អូនញាតិមិត្តរបស់លោកអ្នក កើតជម្ងឺខាងលើនេះ សូមលោកអ្នកប្រញាប់អញ្ជើញទៅ ឬនាំគាត់ទៅ ជួបពិគ្រោះជាមួយ វេជ្ជបណ្ឌិតជំនាញផ្លូវចិត្តនិងខួរក្បាល៕

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតមានការផ្លាស់ប្តូរ ហើយចិត្តរីករាយ អ្នកត្រូវគិត ៣នេះ
Tror Sopheap
May 28 2026
85 views

#ចិត្តសាស្ត្រ

រៀនពីកំហុសទាំង ៣នេះ នាំឱ្យអ្នកខ្សោយទំនាក់ទំនង ហើយមិនហ៊ាននិយាយជាមួយអ្នកដទៃទៀត
Tror Sopheap
May 27 2026
51 views

#ចិត្តសាស្ត្រ

អ្នកមានសញ្ញាទាំង ៤នេះ ជាមនុស្សឆ្លាត ជាមនុស្សមានសមត្ថភាពពូកែ អត់ដឹងខ្លួនទេ
Tror Sopheap
May 26 2026
1.1 K views

#ចិត្តសាស្ត្រ

ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ
Tror Sopheap
May 21 2026
4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតអាយុ ១០០ឆ្នាំណែនាំច្បាប់មាស ២នេះ នាំឱ្យជីវិតអ្នករស់មានក្តីសុខបំផុត
Tror Sopheap
May 19 2026
1.3 K views

#ចិត្តសាស្ត្រ

គ្រូពេទ្យណែនាំ ១វិធីកុំឱ្យខួរក្បាលអ្នកគិតច្រើន ហើយឆាប់គេងលក់លឿន
Tror Sopheap
May 18 2026
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia