ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាព នៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់ សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។
១. ជាមួយគ្នានោះដែរ បើអ្នកជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានសេវាបង្ការសុខភាព ដែលរួមមាន៖
១. សេវាចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួត
២. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺឆ្កែឆ្កួត
៣. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺតេតាណូស
៤. សេវាចាក់សេរ៉ូម ប្រឆាំងពិសពស់
៥. សេវាពិនិត្យឈាមរកជំងឺពក ក
៦. សេវាពិនិត្យឈាមកំណត់អបោធាតុមហារីកក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយចាក់គីមី និង/ឬក្រោយការព្យាបាលជំងឺមហារីក ដោយបាញ់កាំរស្មីអ៊ិច។
២. ការផ្តល់សេវាចំពោះជំងឺរ៉ាំរ៉ៃ ត្រូវធ្វើឡើងតែក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ នឹងត្រូវប្រើប្រាស់ឱសថសារវន្ដតែប៉ុណ្ណោះ។
ចំពោះឱសថព្យាបាលក្រៅពីបញ្ជីថ្នាំនៅក្នុងមន្ទីរពេទ្យអ្នកជំងឺត្រូវបង់ថ្លៃថ្នាំដោយខ្លួនឯង លើកលែងតែថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលមិនមាននៅក្នុងមន្ទីរពេទ្យ និងការព្យាបាជំងឺមហារីកដោយសារធាតុគីមី
ត្រូវទូទាត់ថ្លៃតាមសេវាព្យាបាលនីមួយៗ។
ប្រភេទជំងឺរ៉ាំរ៉ៃទាំងនេះមានដូចជា៖
១. ជំងឺខ្សោយបេះដូង
២. ជំងឺសាច់ដុំបេះដូង
៣. ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ
៤. ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ
៥. ជំងឺតម្រងនោមរ៉ាំរ៉ៃ
៦. ជំងឺក្រិនថ្លើម
៧. ជំងឺសរសៃឈាមក្រហមបេះដូង
៨. ជំងឺវិបត្តិចង្វាក់បេះដូង
៩. ជំងឺក្រិនសរីរាង្គ
១០. ជំងឺវិកលចរិក
១១. ជំងឺលុយពុស
១២. ជំងឺតាឡាសសឺមី
គួរជម្រាបថា សេវាបង្ការដែលបានកំណត់ខាងលើនេះត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារណៈតែប៉ុណ្ណោះ។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូម ទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦៕
