ខេត្តបាត់ដំបង – ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ – លោក ផាប្លូ កាង ភារធារីប្រចាំស្ថានទូតអូស្ត្រាលី បានអញ្ជើញមកធ្វើទស្សនកិច្ចនៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិនៅខេត្តបាត់ដំបង ដើម្បីបញ្ជាក់ពីកិច្ចសហការរវាងរដ្ឋាភិបាលអូស្ត្រាលី និង អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ព្រមទាំងសិទ្ធិរបស់ស្ត្រី នៅព្រះរាជាណាចក្រកម្ពុជា។
ទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី គ្លីនិកម៉ារីស្តូបសាខាបាត់ដំបងចូលរួមជួយដល់សហគមន៍ដោយផ្តល់នូវសេវាសុខភាពបន្តពូជ និងមធ្យោបាយពន្យារកំណើតប្រកបដោយសមភាព គុណភាពនិងតម្លៃសមរម្យ។
គម្រោងទាំងនេះមិនត្រឹមតែធានានូវនិរន្តរភាពគ្លីនិកប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ស្រ្តីក្នុងការជ្រើសរើសអនាគតតាមរយៈការពង្រីកវិសាលភាពនៃការផ្តល់សេវាសុខភាព ទំនើបកម្មបរិក្ខារនិងពិសោធន៍វេជ្ជសាស្រ្ត ព្រមទាំងការកសាងសមត្ថភាពបុគ្គលិកក្នុងការផ្តល់សេវា។
គំនិតផ្តួចផ្តើមគួរជាទីកត់សម្គាល់មួយនៅក្នុងភាពជាដៃគូនេះគឺ ការពង្រីកសេវាថែទាំវេជ្ជាសាស្រ្តពីចម្ងាយ។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាកំពុងខិតខំដករបាំង ដែលជាឧបសគ្គរារាំងការមកទទួលសេវាថែទាំសុខភាព ដោយផ្តល់នូវការបណ្តុះបណ្តាលដល់បុគ្គលិកមណ្ឌលព័ត៌មានទាក់ទងនឹងការផ្តល់ការប្រឹក្សាគ្រប់ជ្រុងជ្រោយអំពីសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ការរំលូតដោយប្រើឱសថ និងមធ្យោបាយពន្យារកំណើតរយៈពេលខ្លី។ ការពង្រីកសេវាថែទាំវេជ្ជសាស្រ្តពីចម្ងាយគឺដើម្បីធានាថា ស្ត្រីនៅតំបន់ដាច់ស្រយាលក៏អាចទទួលបានការថែទាំសុខភាព និងការគាំទ្រដែលពួកគាត់ត្រូវការ។
លោក ផាប្លូ កាង ភារធារីប្រចាំស្ថានទូតអូស្ត្រាលី បានថ្លែងនៅក្នុងឱកាសនោះផងដែរថា៖ “សុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាព មានសារៈសំខាន់ណាស់ចំពោះសុខុមាលភាពរបស់ស្ត្រី។ វាជាមូលដ្ឋានគ្រឹះសម្រាប់ជម្រើស និងការសម្រេចចិត្តចំពោះជីវិតរបស់ពួកគាត់ រួមទាំងពេលវេលាសមស្របដើម្បីពិចារណាក្នុងការមានកូនតាមប្រាថ្នា"។
ដោយសម្របខ្លួនទៅតាមទិដ្ឋភាពជាក់ស្តែងនៃតម្រូវការសេវាថែទាំសុខភាព បណ្តាញគ្លីនិករបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានពង្រីកការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យឬរើសអើងសម្រាប់ស្ត្រីគ្រប់វ័យ។ សេវាទាំងនោះរួមមាន៖មធ្យោបាយពន្យារកំណើត រំលូតដោយសុវត្ថិភាព ការប្រឹក្សាអំពីបញ្ហារដូវ ការចាក់វ៉ាក់សាំងការពារជំងឺមហារីកប្រដាប់បន្តពូជស្រ្តី-បុរស ការពិនិត្យព្យាបាលជំងឺកាមរោគ ការប្រឹក្សានិងធ្វើតេស្តរកមេរោគអេដស៍ ការថែទាំផ្ទៃពោះមុនពេលសម្រាល ការគាំទ្រក្រោយពេលអស់រដូវ និងការថែទាំបឋមសម្រាប់ជនរងគ្រោះដោយអំពើហិង្សាយេនឌ័រ។
សម្រាប់ជំនួយក្នុងការប្រឹក្សានិងការមកទទួលសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ សូមទាក់ទងមកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា៖
• សូមផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកម៉ារីស្តូប៖ Marie Stopes Cambodia
• រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច
• ទូរស័ព្ទ៖ 012 999 002 ឬ 098 999 102
• កម្មវិធីផ្ញើសារ LINE Viber WhatsApp WeChat Telegram៖ 093 24 08 23
#CSurge
#WomensRights4Health
#AustralianAid
#AustralianEmbassyCambodia
#ANCP