ពេទ្យប្រាប់! ខ្វះគ្រាប់ឈាមក្រហមអាចជារោគសញ្ញាជំងឺសាហាវៗទាំងប៉ុន្មានមុខនេះ
ជាការពិតណាស់មានបងប្អូនជាច្រើននៅមិនទាន់ដឹងច្បាស់ថាហេតុអ្វីខ្វះគ្រាប់ឈាមក្រហម រួមទាំងសារប្រយោជន៍របស់គ្រាប់ឈាមក្រហមប៉ុន្មាននោះទេ ជាពិសេសគឺអើពើឬក៏ភ័យព្រួយពេលដឹងថាខ្លួនកំពុងតែខ្វះឈាមក៏ដោយ
ក៏ប៉ុន្ដែជំងឺខ្វះគ្រាប់ឈាមក្រហមគឺពិតជាបង្កជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាយុជីវិតរបស់អ្នកជាពិសេសកុមារ មនុស្សស្រី ឬក៏ស្រ្តីកំពុងតែពពោះតែមិនយកចិត្តទុកដាក់ការពារទុកមុន។
អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតងចែករំលែកទាក់ទងនឹងប្រធានបទសំខាន់១នេះ តាមរយៈការបកស្រាយរបស់ វេជ្ជបណ្ឌិត ងួន ផានិតជាវេជ្ជបណ្ឌិត ឯកទេសជំងឺមហារីក និងជំងឺគ្រាប់ឈាមក្រហម ។ ដូច្នេះសូមបងប្អូនអាចអត្ថបទនេះដោយយកចិត្តទុកដាក់ នឹងសង្ឃឹមថា អានហើយបងប្អូន នឹងយល់ដឹងកាន់តែច្បាស់ពីជំងឺខ្វះគ្រាប់ឈាមក្រហម រួមទាំងវិធីការពារជំងឺនេះឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិត។
ចូលមកប្រធានបទរបស់យើងវិញ លោកវេជ្ជបណ្ឌិត ងួន ផានឹត បានបកស្រាយជំងឺខ្វះគ្រាប់ឈាមក្រហមគឺជាជំងឺដែលអត្រា អេម៉ូក្លូប៊ីននៅក្នុងគ្រាប់ឈាមក្រហមធ្លាក់ចុះ កាលណាអេម៉ូក្លូប៊ីននៅក្នុងឈាមធ្លាក់ចុះអ្នកជំងឺនឹងជួប ហានិភ័យដូចជា ភាពស្លេកស្លាំង ដូចជាស្លេកនៅតាមត្របកភ្នែក បបូរមាត់ ពិបាកផ្ចង់អារម្មណ៍ ឈឺក្បាល វិលមុខជាដើម។ ក្នុងនោះចំពោះកត្តាដែលធ្វើឱ្យគ្រាប់ឈាមក្រហមធ្លាក់ចុះគឺមានច្រើន ដូចជា អ្នកជំងឺមានការហូរឈាមច្រើន តាមរយៈការរងរបួសផ្សេងៗ ឬក៏មានជំងឺរលាកក្រពះ រលាកពោះរៀន ជំងឺមហារីកគ្រាប់ឈាម ជំងឺតម្រងនោម ឬក៏បង្កមកពីកត្តាខ្វះចំណីអាហារប្រចាំថ្ងៃដូចជាបរិភាគមិនបានដិតដល់។
ដូច្នេះហើយវេជ្ជបណ្ឌិតបានបញ្ជាក់ថាកត្តាដែលខ្វះគ្រាប់ឈាមក្រហមគឺអាចបង្កមកពីជំងឺផងដែរ។ បែបនេះហើយ បងប្អូនត្រូវប្រយ័ត្ន ការខ្វះគ្រាប់ឈាមក្រហមក៏អាចជាសញ្ញានៃជំងឺសាហាវផ្សេងៗផងដែរ ដែលបញ្ចេញជារោគសញ្ញាខ្វះគ្រាប់ឈាមក្រហមឡើងមក។ ក៏ប៉ុន្ដែប្រសិនណាបងប្អូនមានបញ្ហាខ្វះគ្រាប់ឈាមក្រហមហើយ សូមកុំទាន់អាលសន្និដ្ឋានថាខ្លួនមានជំងឺផ្សេងៗបូករួម ឬក៏សន្និដ្ឋានថាខ្លួនឯងខ្វះគ្រាប់ឈាមក្រហមដោយសារអ្វី? ជាដំបូងអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ជំនាញជាឯកទេសជំងឺគ្រាប់ឈាមក្រហម ដើម្បីឱ្យគ្រូពេទ្យពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា។
ទាក់ទងនឹងការព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហមវិញវេជ្ជបណ្ឌិត ងួន ផានឹត បានបកស្រាយថា គឺព្យាបាលអាស្រ័យលើមកត្តាដែលធ្វើឱ្យគាត់ខ្វះគ្រាប់ឈាម ។ ជាឧ.សម្រាប់បងប្អូនដែលគាត់ខ្វះគ្រាប់ឈាមក្រហមព្រោះខ្វះជាតិដែក បង្កមកពីរបបអាហារប្រចាំថ្ងៃដែលបានញុំាចូល។ ដូច្នេះការព្យាបាលគឺតម្រូវឱ្យញុំាអាហារប្រចាំរបស់គាត់ឱ្យមានតុល្យភាព មានន័យថាញុំាអាហារឱ្យបានគ្រប់គ្រានទាំងសាច់ បន្ថែ ផ្លែឈើ ញុំាកុំសាបពេក កុំប្រៃពេក កុំផ្អែមពេក និងញុំារបបអាហារដែលជំនួយដល់ការផលិតគ្រាប់ឈាមក្រហមបានលឿន មានដូចជា ថ្លើមសាច់ ត្រីសម្បូរខ្លាញ់ល្អ ដូចជាត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើចម្រុះ រួមទាំងមានដូចជាពពួកស៊ុត ពពួកសណ្ដែក ពពួកគ្រឿងសមុទ្រ...ជាដើម ។
អ្វីដែលពិសេសមួយទៀត ត្រូវតែធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវ និងចៀសវាងរបបអាហារដែលបង្កឱ្យអ្នកប្រឈមបាត់បង់គ្រាប់ឈាមកាន់តែខ្លាំង។
ជាចុងក្រោយ ប្រសិនណាអ្នកកំពុងតែមានជំងឺខ្វះគ្រាប់ឈាមក្រហម សូមប្រញាប់ទៅជួនវេជ្ជបណ្ឌិតជំនាញផ្អែមគ្រាប់ឈាមក្រហមឱ្យបានលឿន ដើម្បីបង្ការការខ្វះគ្រាប់ឈាមកាន់តែខ្លាំង និងអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកកាន់តែខ្លាំងព្រោះជំងឺអាចវិវត្តិទៅជាធ្ងន់ធ្ងរបាន៕
អត្ថបទដោយ៖ ប៉ែត ធីតា