កង្វះគ្រាប់ឈាមក្រហម(Anemia) គឺជាមូលហេតុ ដែលអាចប៉ះពាល់ដល់បញ្ហាសុខភាព ហើយក៏អាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតផងដែរ។ គ្រាប់ឈាមក្រហម មានមុខងារដឹកអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹងខ្នង ក្រោមឥទ្ធិពលនៃការរួមផ្សំរបស់ អ័រម៉ូន និងអង់ស៊ីម មួយចំនួនដែលមាននៅក្នុងសរីរាង្គផ្សេងៗ យោងតាមការចែករំលែកពីមន្ទីរពេទ្យកាល់ម៉ែត។ ហេតុនេះប្រសិនបើលោកអ្នកមានសញ្ញាដូចខាងក្រោមនេះ គួរតែមានការប្រុងប្រយ័ត្ន ព្រោះអាចជារោគសញ្ញានៃការខ្វះឈាមក្រហម៖
- ស្លេកស្លាំងខុសពីធម្មតា
- ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
- ឧស្សាហ៍វិលមុខ ធីងធោង ឈឺក្បាល
- ហ៊ឹងត្រចៀក
- ស្រវាំងភ្នែក
- ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
- ដង្ហក់ ឆាប់ហត់ខុសធម្មតា
ការបាត់បង់គ្រាប់ឈាមក្រហម ឬការផលិតគ្រាប់ឈាមក្រហមថយចុះ អាចកើតឡើង ដោយសារកត្តាដូចជា៖
- កង្វះអាហាររូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។
- ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុងនិងក្រៅខ្លួន។
- ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើឱ្យគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
- ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សិត
- ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើឱ្យមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
- ស្ត្រីមានគភ៌។ល។
ជាមួយគ្នានេះ ផ្អែកតាមគេហទំព័រ Healthline បានឱ្យដឹងថា អ្នកដែលខ្វះគ្រាប់ឈាមក្រហមគួរទទួលទាន អាហារជាតិដែកឱ្យបានច្រើន ជារៀងរាល់ថ្ងៃសម្រាប់មនុស្សពេញវ័យដែលមានអាយុពី១៩ទៅ៥០ឆ្នាំ ចំពោះបុរសជាគួរទទួលទានជាតិដែក ឱ្យបាន៨មីលីក្រាម ស្ត្រី១៨មីលីក្រាម អំឡុងពេលមានផ្ទៃពោះ២៧មីលីក្រាម ពេលបំបៅដោះកូន៩មីលីក្រាម និងមនុស្សវ័យលើស៥០ឆ្នាំ ៨មីលីក្រាម ក្នុង១ថ្ងៃ។ ដែរជាតិដែក អាចទទួលបានរបបអាហារមួយចំនួនដូចជា សាច់ក្រហម សាច់គោ សាច់មាន់ ស៊ុត សណ្ដែក គ្រាប់ធញ្ញជាតិមួយចំនួនផងដែរ។ ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរប្រញាប់ជួបពិនិត្យនិងប្រឹក្សាជាមួយគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយសម្រាប់សុខភាពអ្នកឱ្យបានទាន់ពេលវេលា៕
អត្ថបទដោយ៖ Senghong