ជំងឺអាឡែហ្សីច្រមុះ គឺជាជំងឺមួយដែលមិនអាចព្យាបាលជាឡើយ នេះបើតាមសម្ដីរបស់ អ្នកឱកញា វេជ្ជបណ្ឌិត គួចម៉េងលី តែជំងឺអាឡែហ្សីច្រមុះមានវិធី អាចកាត់បន្ថយរោគសញ្ញាកុំឱ្យខ្លាំងបាន។ តាមរយៈការញុំាអាហារដែលសមស្របនឹងជំងឺ រួមផ្សំជាមួយការថែទាំ ញុំាថ្នាំ តាមការណែនាំពីគ្រូពេទ្យជំនាញត្រឹមត្រូវ នោះស្ថានភាពជំងឺអាឡែហ្សីច្រមុះ មិនសូវធ្វើទុក្ខឡើយ។ ទោះជាយ៉ាងនេះក្ដី ចូលដល់ខែចុះត្រជាក់បែបនេះ អ្នកមានបញ្ហាអាឡែហ្សីច្រមុះ អាចពិបាកខ្លាំង ព្រោះច្រមុះធ្វើទុក្ខ ដូចនេះអាហារទាំងនេះសមស្របជាមួយខែត្រជាក់អ្នកអាឡែហ្សីច្រមុះមិនគួររំលងសោះឡើយ។
នេះបើយោងតាមរយៈគេហទំព័រ healthline បានធ្វើការលើកឡើងឱ្យដឹងថា ក្រុមអាហារទាំងនេះគឺ អ្នកមានបញ្ហា អាឡែហ្សីច្រមុះ គួរញុំាដើម្បីជួយឱ្យស្ថានភាពជំងឺប្រសើរឡើង កាត់បន្ថយការធ្វើទុក្ខ ដូចជារលាកច្រមុះខ្លាំង ហៀរសំបោរ កណ្ដាស់មិនឈប់ ឈឺក្នុងច្រមុះជាដើម។
អាហារទាំងប៉ុន្មានមុននោះត្រូវញុំាឱ្យបានត្រឹមត្រូវ នឹងត្រូវប្រាកដខ្លួនឯងថា អាចញុំាបាន មិនមានបញ្ហាអាឡែហ្សីមក១តង់ទៀត បើមិនអញ្ចឹងទេ អាចធ្វើទុក្ខបន្ថែមជាមិនខានឡើយ។
១.ក្រូចឆ្មារ៖ ចូលដល់ខែត្រជាក់អាឡែហ្សីច្រមុះអាចនិងកើតឡើងខ្លាំង ជាពិសេសអ្នកមានជំងឺនេះផ្ទាល់កាន់តែធ្វើទុក្ខក្នុងច្រមុះ អាចពិបាក ដកដង្ហើម ហៀរសំបោរ កណ្ដាស់ជាប់ៗគ្នាមិនឈប់ ដូច្នេះ គួរតែឧស្សាហ៍ញុំាអាហារសម្បូរវិតាមីនស៊ី ឱ្យបានច្រើនដូចជាពពួកក្រូចឆ្មារ ក្រូចថ្លុង ជាដើម។
២.លម្អងឃ្មុំ៖ នៅក្នុងលម្អងឃ្មុំសម្បូរដោយ អង់ស៊ីម ក្រមួន មានទឹកឃ្មុំផងដែរ តាមការសិក្សឃាច្រើនបាននិយាយថា គេច្រើនយកលំអងឃ្មុំនេះ ទៅព្យាបាលជំងឺគ្រុនក្ដៅបានផងដែរ មិនត្រឹមតែប៉ុណ្ណឹង លំអងឃ្មុំមានសមត្ថភាព រារាំងនឹងការពារការកើតឡើងអាឡែហ្សីផងដែរ ។
៣.ផ្លែប៉េងប៉ោះ៖ ក៏សម្បូរវីតាមីនស៊ី ល្អសម្រាប់អ្នកមានបញ្ហាអាឡែហ្សីច្រមុះគួរតែញុំា ដូចគ្នា ការញុំានេះបានជួយឱ្យ អាការហៀរសំបោរ កណ្ដាស់បានធូរស្បើយជាងមុន មួយវិញទៀតផ្លែប៉េងប៉ោះក៏សម្បូរដោយ សារធាតុLycopene ដែលមាននាទីជួយកាត់បន្ថយការរលាកមាននៅក្នុងរាងកាយ។
ជាចុងក្រោយសូមបងប្អូនដែលមានបញ្ហា អាឡែហ្សីច្រមុះ ថែរក្សាសុខភាព ទាំងរបបអាហារគឺជារឿងមួយសំខាន់ ត្រូវដឹងអាហារបែបណាគួរញុំា អាហារបែបណាគួរចៀសវាង ដូចជាពពួក អាហារផ្អាប់ កែច្នៃ ត្រីងៀត ប្រហុក ផ្អក គួរតែកុំញុំា ឬព្យាយាមកាត់បន្ថយឱ្យបានច្រើនកាន់តែល្អសម្រាប់សុខភាព៕
អត្ថបទដោយ៖ ប៉ែត ធីតា