ជំងឺប្រព័ន្ធផ្លូវដង្ហើមជាជំងឺមួយ ដែលបានបង្កផលប៉ះពាល់សម្រាប់មនុស្សគ្រប់វ័យ គ្រប់ជាតិសាសន៏ ដោយសារមនុស្សគ្រប់គ្នា រស់នៅត្រូវការការដង្ហើម។ នៅក្នុងប្រទេសកម្ពុជាក៏ដូច្នោះដែរ ជំងឺប្រព័ន្ធផ្លូវដង្ហើម បានធ្វើឱ្យប្រជាជនជាច្រើនរងគ្រោះសុខភាព ខ្លះទៀតត្រូវបាត់បង់អាយុជីវិតព្រោះតែជំងឺនេះ។ កាន់តែធ្ងន់ជាងនេះ និន្នាការជំងឺកូវីដ១៩រាតត្បាត រឹតតែធ្វើឱ្យ អ្នកជំងឺប្រព័ន្ធផ្លូវដង្ហើមមានការកើនឡើងកាន់តែច្រើន ផ្អែកតាមការឱ្យដឹងពីវេជ្ជបណ្ឌិត ឆន សុធារី។
ដោយសម្លឹងឃើញដូចនេះ បូករួមទាំងក្ដីស្រមៃចង់ឃើញវិស័យសុខាភិបាលកម្ពុជាកាន់តែរីកចម្រើន ជឿនលឿន មានទំនុកចិត្ត និងផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ ទើបលោកវេជ្ជបណ្ឌិត វ៉ា ម៉េង ចិញ្ចឹមចិត្តបង្កើតគ្លីនិកឯកទេសដ៏ទំនើបមួយជួយសង្គ្រោះផ្លូវដង្ហើមរបស់ប្រជាជនខ្មែរ។ គោលបំណងនេះ បានដកជាប់ក្នុងចិត្តចាប់តាំងពី ឆ្នាំ២០១៧អំឡុងពេលនៅបន្តការសិក្សាជានិស្សិតអាហារូបករណ៍ដែលផ្ដល់ដោយ សម្តេច អគ្គមហាសេនាបតិតេជោ ហ៊ុន សែន ផ្នែកឯកទេសផ្លូវដង្ហើមនិងសួត រហូតដល់ទៅបន្តការសិក្សានៅប្រទេសបារាំង ក៏លោកវេជ្ជបណ្ឌិត នៅតែទន្ទេញក្ដីស្រឡាញ់នេះជាប់ជានិច្ច។
បេសកកម្មដ៏ធំមួយនេះ លោកមិនអាចសម្រេចតែម្នាក់ឯងបានឡើង លោកវេជ្ជបណ្ឌិត ក៏បានមូលគំនិតគ្នាកាន់តែស៊ីជម្រៅ ជាមួយរៀមច្បង ដែលមានចក្ខុវិស័យរួមតែមួយ គឺអ្នកគ្រូវេជ្ជបណ្ឌិត ឆន សុធារី និងមិត្តរួមជំនាន់ ដែលជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ម្នាក់ទៀត។ ក្រោយពីបញ្ចប់ការសិក្សា ចេញបម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាង២ឆ្នាំ រួមផ្សំការរៀបចំផែនការរួមគ្នាជាយូរឆ្នាំណាស់មកហើយ ក្ដីស្រម៉ៃបានក្លាយជាការពិត លេចចេញជារូបរាង មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ដែលមានឈ្មោះជាភាសសាអង់គ្លេសថា AIR Plus Clinic ឡើង នៅក្នុងឆ្នាំ២០២២នេះ។
បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ជាវេជ្ជបណ្ឌិតឯកទេសផ្លូវដង្ហើមនិងសួត ព្រមទាំងជាសហស្ថាបនិក និងអគ្គនាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ផងដែរ។ ចក្ខុវិស័យរបស់មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស គឺអាចផ្ដល់ សេវាសុខភាពយ៉ាងល្អទៅប្រជាជន ចូលរួមកាត់បន្ថយចំណាយសម្រាប់ប្រជាជាតិដែលជារៀងរាល់ឆ្នាំត្រូវមានលំហូរសាច់ប្រាប់ជាច្រើនទៅវិស័យសុខាភិបាលក្រៅប្រទេស និងប្រមូលផ្ដុំគ្រូពេទ្យឯកទេសកម្ពុជាផ្ដល់នូវសេវាសុខភាពយ៉ាងមានស្ថិរភាព មិនមែនដើម្បីតែអាជីវកម្មតែមួយមុខ។
មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ក៏មានវេជ្ជបណ្ឌិតជំនាញជាច្រើនរូប និងធ្វើរោគវិនិច្ឆ័យបានយ៉ាងលំអិត ច្បាស់លាស់ មានតាមប្រព័ន្ធអង់ដូស្តុប (Endoscopic) ដែលជាការឆ្លុះទងសួត ក្រពះ ពោះវៀន និងឫសដូងបាត ព្រមទាំងមានគ្រឿងបរិក្ខាពេទ្យទំនើបៗផ្សេងទៀត។ មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ផ្ដោតធំជាចម្បងលើសុខភាពផ្លូវដង្ហើមនិងសួត ឯកទេសវិកលវិទ្យា(ជំងឺផ្លូវចិត្ត) រួមទាំងសកម្មភាពបន្ទាប់បន្សំផ្សេងទៀតមានទាំងឯកទេសបេះដូង ក្រពះពោះវៀន តម្រងនោម វះកាត់ និងសង្គ្រោះបន្ទាន់កម្រិតធ្ងន់ផងដែរ។
លោកវេជ្ជបណ្ឌិត បានប្រាប់មកចាបបៃតងទៀតថា លោកចង់បង្ហាញឱ្យឃើញថាគ្រូពេទ្យឬយុវជនជំនាន់ថ្មី មានសមត្ថភាព មានការប្តេជ្ញាចិត្តរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាកាន់តែទំនើបនិងជឿនលឿន ឱ្យដូចនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅថ្ងៃខាងមុខ។ លោកវេជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើទៅប្រជាជនគ្រប់រូប ត្រូវយកចិត្តទុកដាក់ជាមួយសុខភាពផ្លូវដង្ហើម ព្រោះប្រទេសកម្ពុជាមានអាកាសធាតុក្ដៅហើយសើម ហេតុនេះងាយនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម គួរតែឧស្សាហ៍ពិនិត្យសុខភាព ១ឬ២ដងក្នុងមួយឆ្នាំ ចៀសវាងការជួបនិងជំងឺធ្ងន់ធ្ងរដោយមិនដឹងខ្លួន ដូចជាខូចសួត ក្រិនឬកំពិតសួត ដូចដែលធ្លាប់ជួបអ្នកជំងឺកន្លងមកជាដើម។
ជំងឺដែលប៉ះពាល់សាច់សួតទាំងអស់ មិនមានការបង្ហាញចេញរោគសញ្ញាមកក្រៅឱ្យដឹងនោះទេ ហេតុនេះនៅពេលហត់ ក្អក ពិបាកដកដង្ហើម ឬថប់ទ្រូង គួរតែស្វែងរកគ្រូពេទ្យឯកទេសដើម្បីប្រឹក្សាឱ្យបានច្បាស់។ ការត្រួតពិនិត្យសុខភាពគ្មានខាតបង់អ្វីទេ ឱកាសជាសះស្បើយកាន់តែខ្ពស់នៅពេលដែលស្វែងរកការព្យាបាលទាន់ពេលវាលា ប្រសិនបើទុកជំងឺកាន់តែយូរមិនស្វែងការព្យាបាល ឱកាសជាសះស្បើយនឹងកាន់តែទាប៕
អត្ថបទដោយ៖ Senghong-សេងហុង