មុនគ្មាននរណាហាមមិនឱ្យកើតបាននោះទេ តែអាចកាត់បន្ថយមិនឱ្យកើតច្រើន ទោះកើតមុនក៏ងាយបាត់វិញ។ នាពេលបច្ចុប្បន្ននេះមិនថាស្រីឬក៏ប្រុសកំពុងជួបប្រទះបញ្ហាកើតមុនមិនបាត់ កើតស្ទើរតែគ្មានសល់កន្លែងធ្វើមិចក៏មិនបាត់ដែរ។
អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតង សូមលើកយកមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកកើតមុនកប់ មុនផ្ទុះ មុនរោលគ្មានថ្ងៃបាត់នេះបើយោងតាមរយៈប្រភព mayoclinic.org។ មូលហេតុធំ១នោះគឺមិនសម្អាតមុខ និងប្រើប្រាស់ផលិតផលឱ្យបានត្រឹមត្រូវ មូលហេតុនេះគឺសំខាន់ខ្លាំងណាស់ព្រោះថាការសម្អាតមុខអាចជួយកាត់បន្ថយការកើតមុនបានច្រើនបំផុត ជួយកម្ចាត់មេរោគ បាក់តែរីដែលជាហេតុធ្វើឱ្យអ្នកប្រឈមកើតមុន។ ចំណែកឯការប្រើប្រាស់ផលិតផលក៏កាន់តែសំខាន់ កុំប្រើប្រាស់តាមគេផ្ដេសផ្ដាស ងាយនឹងប្រឈមកើតមុនកាន់តែខ្លាំង និងពិបាកក្នុងការព្យាបាលទៀត។ យល់ល្អគួរតែប្រើប្រាស់តាមពេទ្យជំនាញផ្នែកសើរស្បែកវិញល្អជាង។ មូលហេតុទី២នោះគឺរបបអាហារប្រចាំថ្ងៃគឺសំខាន់ដូចគ្នា ប្រសិនណាអ្នកកំពុងតែកើតមុន ឬក៏មិនទាន់កើតគួរតែប្រយ័ត្នជាមួយអាហារផ្អែមៗ ខ្លាញ់ ហឹរ អាហារកែច្នៃ ចៀន បំពង…និងមានទម្លាប់ញុំាបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់ ផឹកទឹកឱ្យគ្រប់ចំនួនលីត្រដែលគេបានណែនាំ។ មូលហេតុទី៣ការប្រែប្រួលអរម៉ូន Androgens គឺជាប្រភេទអរម៉ូនដែលកើតមានលើមនុស្សស្រីនិងមនុស្សប្រុសពេលដែលពេញវ័យ។ ដូច្នេះប្រសិនណាអរម៉ូននេះមានកាន់តែច្រើនជាហេតុធ្វើឱ្យក្រពេញ sebaceous កាន់តែរីកធំ បណ្ដាលឱ្យកើតមានខ្លាញ់ជាច្រើនបង្កជាការកលតមុនឡើងមក។មួយវិញទៀត វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត សន បូរល័ក្ខណ ឯកទេសផ្នែកសើរស្បែកនិងសម្រស់នៅគ្លីនិក Ella Dermatology & Aesthetic បានបញ្ជាក់បន្ថែមថា កត្តាដែលធ្វើឱ្យក្រពេញខ្លាញ់ផលិតជាតិខ្លាញ់លើសនៅលើស្បែកមុខ គឺវាអាចបណ្តាលមកពីកត្តាជាច្រើនដូចជា អ្នកដែលមានស្បែកមុខខ្លាញ់ស្រាប់ ហើយគាត់ទៅប្រើប្រាស់ផលិតផល Skin care ចំប៉ះផលិតផលបង្កើនខ្លាញ់ទៀតនោះ កាន់តែធ្វើឱ្យមុខគាត់លើសជាតិខ្លាញ់។ មួយទៀត គឺអាចបណ្តាលមកពីកត្តាចំណីអាហារ ក្រុមអាហារដែលនាំឱ្យក្រពេញខ្លាញ់របស់អ្នកផលិតខ្លាញ់អាក្រក់ច្រើនមានដូចជា ស៊ុត ទឹកដោះគោស្រស់(ផលិតចេញពីសត្វគោ) អាហារលើសជាតិផ្អែម អាហារលើសជាតិខ្លាញ់ គ្រឿងស្រវឹង...អាហារទាំងអស់នេះជាកត្តាបង្កធំក្នុងការធ្វើឱ្យមុខរបស់អ្នកកើតមុនមិនចេះបាត់។
ដូច្នេះដើម្បីការពារកុំឱ្យមានការស្ទះរន្ធញើសនៅលើស្បែក និងចៀសវាងកុំឱ្យក្រពេញខ្លាញ់ផលិតខ្លាញ់អាក្រក់បង្កទៅជាមុន អ្នកត្រូវ៖
១. ចៀសវាងកុំញ៉ាំ ស៊ុត ទឹកដោះគោស្រស់ អាហារលើសជាតិផ្អែល ជាតិខ្លាញ់ គ្រឿងស្រវឹង..ទាំងអស់នេះគួរកាត់បន្ថយឬគួរកាត់ផ្តាច់តែម្តង
២. ប្រើទម្លាប់ថែរក្សាស្បែកមុខឱ្យបានត្រឹមត្រូវ។
មូលហេតុទី៤នោះកត្តាស្រ្តេសក៏ជាមូលហេតុសំខាន់មួយ ព្រោះថាមនុស្សគ្រប់រូបគ្មាននរណាមិនចេះស្រ្តេសនោះទេ។ ក៏ប៉ុន្ដែ ការស្រ្តេសរុំារ៉ៃ អាចធ្វើឱ្យអ្នកងាយនឹងកើតមានមុនឡើងមក។ ដូច្នេះប្រសិនណាអ្នកចេះតែគិតថា ខ្លួនឯងចេះតែកើតមុនរហូត កើតមិនបាត់រាប់ឆ្នាំមកហើយ គួរតែពិនិត្យមើលមូលហេតុ៤ខាងលើ ហើយព្យាយាមកែប្រែទម្លាប់អាក្រក់របស់អ្នកចោល។ ចំណុចពិសេសមួយទៀតទៅជួបពេទ្យជំនាញផ្នែកសើរស្បែកផ្ទាល់ដើម្បីទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលាកំណត់៕
អត្ថបទដោយ៖ ធីតា