មុខស្អាតភ្លឺរលោង គ្មានមុនគ្មានស្នាម តឹងណែន តើនរណាមិនប្រាថ្នាចង់បាននោះ? បើមែនទែនទៅមានបងប្អូនជាច្រើនកំពុងតែមានបញ្ហាកើតមុនពេញមុខ ដោយសារតែញុំាអីផ្ដេសផ្ដាស មិនតែប៉ុណ្ណោះ មុនដែលបានកើតមកហើយមិនងាយទាំងបាត់ទៅវិញនោះទេ ប្រសិនបាត់ក៏បន្សល់ទុកស្នាមពេញមុខអាក្រក់លើសដើមផងដែរ។
យ៉ាងណាមិញ ថ្ងៃនេះផងដែរ ក្រុមការងាចាបបៃតង សូមលើកយកពីអាហារដែលញុំាទៅជួយកម្ចាត់មុន បំបាត់ស្នាមបានលឿនចំនួន៦មុខ ដោយដកស្រង់ចេញពីការចុះផ្សាយរបស់គេហទំព័រ healthline បានបង្ហាញរួមមានដូចជា៖
១. ប្រភេទដំឡូង៖ ដំឡូងជ្វា ឬដំឡូងផ្សេងៗជាច្រើនប្រភេទទៀត សុទ្ធតែសម្បូរទៅដោយ វីតាមីនអេ ដែលល្អសម្រាប់ប្រឆាំងនឹងការកើតមុន និងការពារភាពជ្រីវជ្រួញនៃស្បែក។ វីតាមីនអេ នេះមានលក្ខណៈសម្បត្តិដែលដើរតួយ៉ាងសំខាន់ជារបាំងការពារស្បែកប្រឆាំងនឹងការប្រែពណ៌ រលាក និងស្ទះរន្ធញើស។
២. ទឹកក្រូចឆ្មា៖ ប្រភេទក្រូចឆ្មារស្រស់មានប្រសិទ្ធភាពប្រៀបដូចជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិ និងកម្ចាត់បាក់តេរីមិនល្អក្នុងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គេបានមិនណែនាំឱ្យប្រើក្រូចឆ្មារនៅលើស្បែកនោះទេ ព្រោះទឹកក្រូចឆ្មារ មានជាតិអាស៊ីតខ្លាំង អាចបំផ្លាញរបាំងស្បែក ដូច្នេះបងប្អូនអាចជ្រើសយក ទឹកក្រូចឆ្មារទៅធ្វើជាភេសជ្ជៈ ឬបន្ថែមក្នុងអាហារ ដើម្បីឱ្យវាព្យាយាមពីខាងក្នុងសរីរាង្គមកវិញ។
៣.សណ្ដែក៖ សណ្តែកសៀង សណ្តែកដី សុទ្ធសឹងជាគ្រាប់ធញ្ញជាតិ មានជាតិស្ករទាប និងកាត់បន្ថយការកើតមុន។ ការស្រាវជ្រាវបង្ហាញថា ការញុំាអាហារដែលមានជាតិស្ករខ្ពស់នៅពេលព្រឹក នេះមិនត្រឹមតែនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ទេមានទាំង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលទេ វាក៏អាចប៉ះពាល់ដល់ស្បែកផងដែរ ហេតុនេះហើយការញុំាក្រុមប្រភេទសណ្តែក នឹងក្លាយទៅជារបបអាហារល្អក្នុងការជួយទប់ជាតិស្ករក្នុងខ្លួន។
៤.ផ្លែល្ហុង៖ ផ្លែល្ហុង មានអង់ស៊ីមរំលាយអាហារមួយហៅថា papain អង់ស៊ីមនេះ មានថាមពលគ្រប់គ្រាន់ ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ បង្រួមរន្ធញើស បំបាត់ស្នាមមុន ផ្តល់សំណើមដល់ស្បែក ការពារការស្បែក អាចជួយទប់ស្កាត់ស្នាមជ្រួញ ។
៥.ខាត់ណា៖ បន្លែនេះមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឡើងពណ៌ស្បែក ដែលជាគន្លឹះធ្វើឱ្យស្បែករបស់អ្នកមានពណ៌ស្រស់ថ្លា។ វីតាមីនស៊ីនៅក្នុងបន្លែប្រភេទនេះ ក៏ជំរុញការបង្កើតកូឡាជែន ជួយជួសជុលស្លាកស្នាមមុនបានលឿនដែរ។
៦.ល្ពៅ៖ ល្ពៅមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនA វីតាមីនC វីតាមីនE វីតាមីន B2 ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស ប៉ូតាស្យូម និងបេតាការ៉ូទីន...។ ដោយសារធាតុស័ង្កសី និងអាស៊ីតអាល់ហ្វាអុ៊កស៊ី(alpha hydroxy acids) ដែលមាននៅក្នុងល្ពៅអាចធ្វើឱ្យស្បែកទន់រលោង ម៉ត់ និងស្តារនូវតុល្យភាព pH ឡើងវិញ។ សារធាតុទាំង២ខាងលើនេះត្រូវបានគេរកឃើញជាច្រើននៅក្នុងផលិតផលគ្រឿងសម្អាង។
គួរបន្ថែមដែរថា ក្រៅពីទម្លាប់នៅក្នុងការញុំាអាហារទាំងអស់នេះ បងប្អូនត្រូវមានទម្លាប់ញុំាទឹកឱ្យច្រើន ព្យាយាមគេងឱ្យបានគ្រប់គ្រាន់ ព្រោះប្រសិនបើទឹកក៏ផឹកមិនបានគ្រប់ គេងក៏មិនគ្រាន់ ទោះបងប្អូនខំញុំាអាហារល្អប៉ុណ្ណាក៏ស្បែកមិនស្រស់ថ្លាមុខក៏មិនបាត់មុនដែរ មានតែឡើងថែមមិនខានឡើយ៕
អត្ថបទដោយ៖ប៉ែត ធីតា

