នៅពេលដែលសម្រេចចិត្តចង់ធ្វើអ្វីមួយ តែបែរជាមិនធ្វើដោយសារពាក្យថាអ្នកដទៃនិយាយបង្អាក់។ ភ័យខ្លាចការបរាជ័យពេក ហើយតែងតែបន្ទោសផ្ដោតលើអ្វីដែលខ្លួនឯងធ្វើមិនបានល្អ។ គិតច្រើនខូចចិត្តនឹងអ្វីដែលខ្លួនឯងមិនមាន ហើយមិនដែលសាទរនូវអ្វីដែលមានស្រាប់។ ចង់ចាប់ផ្ដើមជំហានធ្វើរឿងថ្មីដើម្បីអភិវឌ្ឍខ្លួនឯង បែរគ្មានកម្លាំងចិត្តគ្មានការគាំទ្រពីមនុស្សជុំវិញខ្លួន សូម្បីតែខ្លួនឯងក៏មិនផ្ដល់ឱ្យខ្លួនឯង។ បញ្ហាទាំងអស់នេះសុទ្ធសឹងតែ កើតឡើងព្រោះពាក្យថា “គ្មានជំនឿចិត្ត មិនជឿជាក់លើខ្លួនឯង”។
ប្រសិនបើអ្នកកំពុងជួបបញ្ហាទាំងអស់នេះ ខាងក្រោមនេះជាមេរៀន៥យ៉ាង ដែលអ្នកត្រូវចាំនិងនឹកដល់នៅពេលដែលអ្នកមានអារម្មណ៍ថាបាត់បង់ទំនុកចិត្ត មិនមានភាពក្លាហានសម្រេចក្ដីស្រម៉ៃរបស់ខ្លួន ដែលចែករំលែកដោយអ្នកគ្រូ Jade Nyx ជាគ្រូបង្វឹកលើកទឹកចិត្ត បង្រៀនមនុស្សរស់ក្នុងភាពវិជ្ជមាន ដើម្បីឱ្យពិភពលោកក្លាយជាកន្លែងដែលប្រសើរឡើង ៖
១ ចាំថាសម្ដីរបស់អ្នកដទៃគ្រាន់តែជាមតិមិនមែនជាការពិតនោះទេ៖ អ្នកគ្រូ Jade Nyx បានចែករំលែកជាមួយគេហទំព័រ Lifehack ថា ចំណុចមួយនៃជីវិត គឺអ្នកត្រូវជឿជាក់លើខ្លួនឯង ហើយត្រូវតែមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យ។ សម្ដីអ្នកដទៃនិយាយពេលខ្លះចង់ឱ្យអ្នកល្អ តែពេលខ្លះដូចជាការបំបាក់ទឹកចិត្ត ធ្វើឱ្យមានភាពឈឺចាប់ ផ្ដល់តែភាពអវិជ្ជមានដល់ជីវិត។ គេមានសឹទ្ធក្នុងការនិយាយ ហើយយើងក៏មានសឹទ្ធនៅក្នុងការមិនទទួលយក។ ចូរចាំថាមតិយោបល់ របស់អ្នកដទៃវាមិនមែនជាការពិតនោះទេ មិនមែនមានន័យថាគេប្រាប់អ្នកថាអ្នកមិនស័ក្តសមនិងសម្លៀកបំពាក់ពណ៌ខ្មៅមិនគួរពាក់ ហើយអ្នកក៍មិនស្លៀកពាក់តាមពាក្យគេថា ទាំងដែលវាជាអ្វីដែលអ្នកស្រឡាញ់នោះទេ។ មនុស្សម្នាក់មិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាទេ ហេតុនេះកុំព្យាយាមអី បើវាធ្វើឱ្យអ្នកឈឺចាប់។
២ ភាពរីកចម្រើនត្រូវការពេលវេលា៖ នៅពេលដែលអ្នកធ្វើអ្វីមួយមិនបានសម្រេច មិនដូចបំណងសូមកុំពិបាកចិត្តពេកអី។ ដើមឈើត្រូវការពេលវេលារបស់វាទម្រាំនឹងធំធាត់មានផ្លែផ្កា ជីវិតក៏ដូចគ្នា។ អ្នកទើបតែចាប់ផ្ដើមកសាងជីវិតខ្លួនឯងឱ្យរីកចម្រើន រមែងមានខុសខ្លះ ត្រូវខ្លះ បរាជ័យខ្លះ ជារឿងធម្មតា។ អនុញ្ញាតឱ្យខ្លួនឯងបានសម្រាកបន្តិច ហើយបោះបង់គំនិតថាធ្វើអ្វីដំបូង ត្រូវតែបានល្អឥតខ្ចោះ ត្រូវគ្រប់រឿង ត្រូវតាមពេលដែលអ្នកកំណត់។ រំពឹងខ្ពស់ខ្លាំងពេក វាអាចក្លាយជាសម្ពាធ ពេលធ្វើមិនបានសម្រេច បែរជាលែងជឿជាក់លើខ្លួនឯង។ បរាជ័យគ្រាន់តែជាព្រឹត្តការណ៍មួយ មិនមែនជាលក្ខណៈកំណត់ថាអ្នកត្រូវតែដួលរហូតទេ។ ទទួលយក ហើយរៀនសូត្របន្ត ចាត់ទុកថាជាបរាជ័យជាកាំជណ្ដើរមួយ ឱ្យអ្នកឈានទៅរកអនាគតដែលអ្នកប្រាថ្នា។
៣ ការភ័យខ្លាច មិនអាចបញ្ឈប់គោលដៅអ្នកទេ៖ ការភ័យខ្លាច ជាឈ្លើងជញ្ជក់ឈាមនៃភាពជោគជ័យរបស់អ្នក។ មានមនុស្សច្រើនណាស់ទៅមុខមិនរួចព្រោះពាក្យថាខ្លាច ខ្លាចភាពបរាជ័យ ខ្លាចគេរិះគន់ ខ្លាចគេសើច ខ្លាចធ្វើមិនបាន ខ្លាចរៀនមិនចេះ ទាំងអស់នេះវាបានកាត់ផ្ដាច់ជំនឿចិត្តរបស់អ្នក។ អ្នកដទៃអាចមិនជឿជាក់អ្នក ប៉ុន្តែអ្នកខ្លួនឯងត្រូវតែជាមនុស្សម្នាក់ដែលរុញខ្លួនឯងទៅមុខជានិច្ច ក្លាហានផ្សងព្រេង ដើម្បីស្វែងរកនិងសម្រេចអ្វីដែលខ្លួនចង់បាន។
៤ អ្នកប្លែកពីគេ ៖ មនុស្សគ្រប់គ្នាមានចំណង់ចំណូលចិត្តខុសៗពីគ្នា។ កុំបោះបង់ចោលក្ដីស្រម៉ៃ របស់ខ្លួនឯងព្រោះតែអ្នកដទៃមិនយល់ពីអ្នក។ អ្នកមិនចាំបាច់ត្រូវការការគាំទ្រ ដើម្បីឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯងទេ តែអ្នកត្រូវធ្វើវាតាមអ្វីដែលអ្នកជឿនិងធ្វើវា។ គាំទ្រខ្លួនឯងហើយជឿជាក់វា នោះអ្នកនឹងសម្រេចបានគ្រប់កិច្ចការទាំងអស់ដែលអ្នកចង់ធ្វើ។
៥ អ្នកមានសមត្ថភាពចាប់ផ្ដើមជាថ្មី ៖ នៅធ្វើអ្វីមួយបរាជ័យឬរកស៊ីបរាជ័យ ហើយមិនហ៊ានក្នុងការចាប់ផ្ដើមអាជីវកម្មថ្មី នោះហើយជាភាពបរាជ័យពិតប្រាកដ។ បើដួលហើយទទួលយករាល់ពាក្យរិះគន់ បញ្ហា ការឈឺចាប់ ដែលខ្លួនឯងទទួលបានទាំងអស់ ហើយកំណត់ផែនការឡើងវិញ ចាប់ផ្ដើមចាក់គ្រឹះជាថ្មី បរាជ័យម្ដងបានធ្វើឱ្យអ្នកដឹងថាផ្លូវណាមានគ្រោះ ផ្លូវណាបានសុខ៕
អត្ថបទដោយ៖ Senghong
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022
សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022 ដើម្បីទទួលព័ត៌មានបន្ថែម!