ការជ្រើសរើសអាហារ គឺជារឿងសំខាន់ ប្រសិនបើអ្នកជ្រើសរើសអាហារខុស អាហារដែលសម្បូរកាឡូរីច្រើនលើសលប់ ប្រាកដណាស់គោលដៅយកចង្កេះរាងអក្សរ S របស់អ្នកលែងបានដូចចិត្តទៀតហើយ។ ថ្ងៃនេះយើងនឹងរៀបរាប់នូវអាហារធម្មជាតិចំនួន៥ដែលជួយឱ្យអ្នកទទួលបានចង្កេះរាងអក្សរS ហើយក្បាលរៀបស្មើទៀត នេះបើយោងតាមការចុះផ្សាយរបស់ Time of India។
-គ្រាប់អាល់ម៉ុន៖ លោកវេជ្ជបណ្ឌិត Rohini Patil ឯកទេសផ្នែកអាហាររូបត្ថម្ភ និងជានាយកប្រតិបត្តិរបស់ Nutracy Lifestyle បានមានប្រសាសន៍ថា គ្រាប់អាល់ម៉ុនសម្បូរប្រូតេអ៊ីន និងសារជាតិខ្លាញ់ល្អច្រើន បើប្រៀបធៀបជាមួយគ្រាប់ធញ្ញជាតិដទៃទៀត។ លើសពីនេះ នៅក្នុងគ្រាប់អាល់ម៉ុនសម្បូរទៅដោយសារធាតុវីតាមីនE ម៉ង់ហ្គាណែស ម៉ាញេស្យូម ទង់ដែង ផូស្វ័រ និងជាតិសរសៃ។ ពេទ្យក៏បានរកឃើញថា គ្រាប់អាល់ម៉ុនមានអត្ថប្រយោជន៍ជួយដល់សុខភាពបេះដូង ការពារភាពធាត់ និងជំងឺកាចៗនានា។
-បន្លែធម្មជាតិជ្រលក់ទឹកម៉ាយ៉ាណេស៖ ការទទួលបន្លែធម្មជាតិបានច្រើនជួយការពារការកើតជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។ ផ្លែត្រសក់ ដើមប្រូខូលី មើមការ៉ុត និងម្ទេសប្លោកមានកាឡូរីទាប និងមានជាតិសរសៃខ្ពស់។ ដូច្នេះអ្នកអាចធ្វើការជ្រើសរើសប្រភេទទឹកជ្រលក់ម៉ាយ៉ាណេសដែលមានជាតិខ្លាញ់ទាប រួចយកផ្លែត្រសក់ ការ៉ុត ម្ទេសប្លោក និងបន្លែផ្សេងហាន់ជាចំណិតតូច ហើយញុំាជាមួយទឹកជ្រលក់ម៉ាយ៉ាណេស ជួយឱ្យសុខភាពឱ្យអ្នកល្អ ការពារការឡើងគីឡូ ការពារការកើតជំងឺរ៉ាំរ៉ៃ។
-ស៊ុតឆ្អិន៖ ស៊ុតគឺជាអាហារដែលមានកាឡូរីទាប ដែលជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ ស៊ុត គឺជាប្រភពដែលសម្បូរប្រតេអ៊ីន ហើយគ្មានជាតិខ្លាញ់។ ការញុំាស៊ុតឆ្អិនជាប្រចាំជួយការពារអ្នកមិនឱ្យឡើងគីឡូ ហើយមានតម្លៃសមរម្យទៀត។
-ផ្លែប៊ឺរី៖ ផ្លែប៊ឺរីក៏ជាប្រភេទអាហារដែលមានកាឡូរីទាបដែរ ហើយរឹតតែពិសេសទៀតនោះផ្លែប៊ឺរីសម្បូរដោយ វីតាមីនប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងសារធាតុរ៉ែ។ ដូច្នេះអ្នកគួរតែជ្រើសរើសផ្លែប៊ឺរីជាអាហារប្រចាំថ្ងៃរបស់អ្នក។
-ផ្លែឈើស្រស់៖ ផ្លែឈើស្រស់ៗដូចជា ផ្លែឪឡឹក ចេក ទំពាំងបាយជូរ ក្រូច គឺជាផ្លែឈើដែលមានកាឡូរីទាប ដែលអ្នកអាចញុំាបានគ្រប់ពេលវេលា ប្រសិនបើអ្នកឃ្លាន។ មួយវិញទៀត ជាតិស្ករធម្មជាតិដែលមាននៅក្នុងផ្លែឪឡឹកជួយកាត់បន្ថយចំណង់អាហារផ្អែមនានា និងគ្រឿងផ្អែមនានា។
អត្ថបទដោយ៖ Daddy_Rath