សរីរាង្គតម្រងនោម ឬក៏ប្រជាជនយើងនិយមហៅថា ក្រលៀន អាចនិយាយបានថាជាគ្រឿងក្នុង សំខាន់បំផុត១នៅក្នុងរាងកាយរបស់មនុស្សគ្រប់គ្នា។ ព្រោះក្រលៀនមាននាទីស្រូបយកជាតិពុល កាកសំណល់កង្វក់ចេញពីឈាម បញ្ចេញមកតាមទឹកនោម ដែលនោមចេញជាប្រចាំថ្ងៃ យើងសាកស្រមៃមើល ប្រសិនណាក្រលៀនស្វិតខូចលែងដំណើរការបន្ដ លែងច្រោះជាតិពុលចេញពីក្នុងឈាម លែងបញ្ចេញទឹកនោមមកក្រៅ តើរាងកាយយើងអាចរស់យ៉ាងម៉េចកើត?
ដូច្នេះហើយ ទើបតម្រូវឱ្យអ្នកជំងឺដែលពួកគាត់ ខូចតម្រងនោមធ្ងន់ធ្ងរត្រូវលាងឈាមចេញ ដើម្បីបន្តជីវិតរស់នៅបន្ត ប្រសិនណាអ្នកជំងឺខ្លះគាត់មានលទ្ធភាព គឺមានវិធីប្តូរតម្រងនោមចេញ ហើយការប្តូរ ទៀតសោត បើជោគជ័យអាចរស់នៅបន្ត តែប្រសិនណាបបរាជ័យ គឺស្លាប់។ នេះបើយោងតាម រយៈគេហទំព័រ eatthis បានធ្វើការណែនាំឱ្យដឹងថាប្រភេទអាហារខាងក្រោមនេះ ដែលល្បីខាងបំផ្លាញក្រលៀនឱ្យខូចលែងដំណើរការ មិនអាចស្រោចស្រង់មកវិញបានឡើយប្រសិនណា ក្រលៀនខូច។
១.ប្រភេទសាច់យកទៅកែច្នៃ៖ ដូចជាពពួក សាច់ក្រក bacon, sausage, deli meat សម្បូរដោយជាតិសូដ្យូមច្រើន មានន័យថា សម្បូរ ជាតិអំបិល លើសកំណត់ក្នុងការញុំា ដោយជាទូទៅគេតម្រូវ ឱ្យញុំាអំបិលត្រឹមតែ២៣០០មីលីក្រាមប៉ុណ្ណោះ/ថ្ងៃ គឺស្មើ២.៣ក្រាម ។ ក្រៅពីអំបិលគេអាចមានបន្ថែមសារធាតុគីមីដែលគ្រោះថ្នាក់បំផុត ដើម្បីរក្សាទុក ដែលសារធាតុនេះគេប្រើដាក់ក្នុងសាកសពដើម្បីកាត់បន្ថយការភាយក្លិន និងការរលួយសាកសព។ កាលណាញុំាសាច់ប្រភេទសាច់ទាំងនេះ គឺប៉ះពាល់ដល់តម្រងនោម អាចរលាកតម្រងនោម រលាកយូរទៅៗបង្កជាស្វិតតម្រងនោមតូចទៅៗ បណ្ដាលឱ្យខូចកែលែងឡើង។
២.នំភីហ្សា៖ នំភីហ្សាត្រង់ចំណុចនេះ យើងនិយាយពីម្សៅ ដែលគេទុកយូរ ហើយយកមកធ្វើជានំភីហ្សាឬក៏ប្រភេទភីហ្សាយកទៅបង្កក បន្ថែមជាមួយសាច់ក្រកកែច្នៃ ទឹកជ្រលក់ សម្បូរជាតិអំបិល ជាតិខ្លាញ់អាក្រក់ គឺមានហានិភ័យខ្លាំងបំផុត ដល់សុខភាពតម្រងនោម សូមព្យាយាមញុំាប្រភេទនំភីហ្សាធ្វើភ្លាមៗ ល្អជាង។
៣. ជាតិអាល់កុល៖ ជាតិអាល់កុលមានឥទ្ធិពល ទៅបំផ្លាញដល់ តម្រងនោម (ក្រលៀន) នេះបើតាមការសិក្សាប្រៀបធៀបមួយបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nephrology Dialysis Transplantation បានរកឃើញថា ក្នុងចំណោមក្រុមមនុស្សពេញវ័យចំនួន ៦២៥៩ នាក់ដែលនិយមផឹកគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិអាល់កុល ងាយប្រឈមនឹងជំងឺតម្រងនោមជាងអ្នកធម្មតា។
អត្ថបទដោយ៖ ប៉ែត ធីតា