មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានទៅព្យាបាលជំងឺ មានអ្នកខ្លះទៅត្រួតពិនិត្យសុខភាព នៅមន្ទីរពេទ្យប្រទេសថៃមានមន្ទីរពេទ្យជាច្រើនដែលមានឧបករណ៍ទំនើបៗ មានសេវាកម្មល្អៗ និងមានអ្នកជំនាញវេជ្ជសាស្រ្តពូកែៗ ក្នុងផ្នែកនីមួយៗ ដូចជាជំងឺវះកាត់ព្យាបាល បេះដូង ជំងឺថ្លើម ប្តូរឆ្អឹង ជំងឺសរសៃរឈាម...។ ខាងក្រោមនេះជា បទសម្ភាសជាមួយលោក ជឿត ចំណាន ជាអ្នកទីផ្សារអន្តជាតិនៃមន្ទីរពេទ្យប្រេឆាឈឺន(Kasemrad Prachachuen) នៅប្រទេសថៃ ហើយគាត់ធ្លាប់ធ្វើជាអ្នកបកប្រែនៅមន្ទីរពេទ្យជាច្រើនក្នុងប្រទេសថៃអស់រយៈពេល ៦ ឆ្នាំ ។ផ្អែកលើកិច្ចសម្ភាស នេះជាមន្ទីរពេទ្យដែលពលរដ្ឋខ្មែរទៅមើលព្យាបាលច្រើនជាងគេ៖
មន្ទីរពេទ្យភីយ៉ាថៃទី១ និងភីយ៉ាថៃទី២ (Phyathai១ and 2 Hospital)
លោកជឿត ចំណានបាននិយាយថា “មន្ទីរពេទ្យដែលខ្មែរទៅព្យាបាលច្រើនជាងគេ គឺមន្ទីរពេទ្យភីយ៉ាងថៃទី1 និងបន្ទាប់មកភីយ៉ាថៃទី២ ។ ពីព្រោះមន្ទីរទេព្យភីយ៉ាងថៃទី 1 នេះមានទីតាំងល្អបំផុតនូវក្នុងទីក្រុងបាងកក(Bangkok) ដែលប្រជាពលរដ្ឋខ្មែរមានការចេញចូលច្រើន ដើរផ្សារ ដើរលេង នៅជិតកន្លែងស្នាក់នៅ(ដែលខ្មែរស្នាក់នៅមួយរយៈ) និងនៅជិតចំណតឡានចុះ ដែលប្រជាពលរដ្ឋខ្មែរជិះឡានមកពីព្រំដែន ក៏ឈប់ជិតមន្ទីរពេទ្យនេះ។”
ហើយមន្ទីរពេទ្យភីយ៉ាថៃទី១ បានបង្កើតឡើងនៅឆ្នាំ ១៩៧៦ ។ ចំណែកមន្ទីរភីយ៉ាថៃទី២ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ ១៩៨៧។ មានពេទ្យជំនាញឯកទេសដូចជា រោគស្រ្តី(គ្មានកូន) បេះដូង និងជាស្ងាប័នឆ្អឹងដ៏ធំក្នុងប្រទេសថៃ ហើយមានការត្រួតពិនិត្យចំពោះជំងឺផ្សេងៗ ទៀត។ មន្ទីរពេទ្យភីយ៉ាថៃបានបញ្ជាក់ការទទួលស្គាល់ស្តង់ដារអន្តរជាតិពី JCI ដែលមានកត្តាបីសំខាន់ៗ ដូចជា៖
១.ការមើលថែទាំអ្នកជំងឺ ដែលមានផ្នែកវេជ្ជសាស្រ្តស្តង់ដារ ដោយមានម៉ាស៊ីនការស្កេន CT កម្រិតខ្ពស់ ២៥៦ ដែលអាចធ្វើរោគវិនិច្ឆ័យ និងវាយតម្លៃអ្នកជំងឺយ៉ាងច្បាស់លាស់ក្នុងការព្យាបាល ហើយលោកជឿត ចំណាន បាននិយាយថា “មន្ទីរពេទ្យនេះមានការផ្តល់សេវាកម្មឱ្យអ្នកជំងឺមានភាពកក់ក្តៅក្នុងចិត្ត។”
២.ការងារស្រាវជ្រាវ និងមានភាពច្នៃប្រឌិត ដែលបានគាំទ្រដល់ការស្រាវជ្រាវ និងមានចំណោះដឹងខាងវេជ្ជសាស្រ្តច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីពង្រឹងកម្លាំងសិក្សា និងរៀនបទពិសោធន៍ការស្រាវជ្រាវ ហើយមានការផ្សព្វផ្សាយការងារសិក្សាថ្នាក់ជាតិ និងអន្តរជាតិ។
៣.រយៈពេលបីខែ មន្ទីរពេទ្យនេះ មានការបង្រៀន និងបណ្តុះបណ្តាលជាមួយគ្រួពេទ្យ គិលានុបដ្ឋាយិកា និងផ្នែកបុគ្គលិក ដើម្បីបង្កើនចំណោះដឹង និងជំនាញឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។
លោកជឿត ចំណាយ បានិយាយថា “បើលោកអ្នកចង់ទៅព្យាបាលជំងឺ អ្នកត្រូវដឹងថា មន្ទីរពេទ្យភីយ៉ាថៃទី១ អ្នកត្រូវជួលអ្នកបកប្រែភាសាថៃ។ ចំណែកមន្ទីរពេទ្យភីយ៉ាថៃទី ២ គឺគេមានអ្នកបកប្រែភាសាថៃនៅមន្ទីរពេទ្យនេះសម្រាប់ ហើយមន្ទីរពេទ្យភីយ៉ាងថៃធំជាងមន្ទីរពេទ្យបំរុងរ៉ាត” លោកបានបន្តថា មន្ទីរពេទ្យបំរុងរ៉ាត អ្នកត្រូវបង់លុយឱ្យគ្រប់ចំនួនសិន ដើម្បីធ្វើការវះកាត់។ ចំណែកមន្ទីរពេទ្យភីយ៉ាថៃ អ្នកត្រូវបង់លុយពាក់កណ្តាលសិន ដើម្បីធ្វើការវះកាត់...។”
នៅមន្ទីរពេទ្យភីយ៉ាថៃទី ២ មានឧបករណ៍វេជ្ជសាស្រ្តទំនើបកម្រិតខ្ពស់ជាម៉ាស៊ីនការស្កេន CT កម្រិត ២៥៦ ដែលផ្តល់នូវរូបភាពលម្អិតគុណភាពច្បាស់លាស់។ វាជាការធ្វើតេស្តដែលមានភាពច្នៃប្រឌិតដែលអាចថតរូបភាពបេះដូង ខួរក្បាល និងសរីរាង្គដទៃទៀត ដែលកំណត់អត្តសញ្ញាណជំងឺតូចៗ និងបន្ទះកាល់ស្យូមនៅក្នុងសរសៃឈាមបេះដូង។ អ្នកជំងឺចំណាយពេលតិចសម្រាប់ការស្កេន និងធ្វើឱ្យមានផលប៉ះពាល់កម្រិតវិទ្យុសកម្មទាប។
មន្ទីរពេទ្យភីយ៉ាថៃថា៖ ចក្ខុវិស័យរបស់យើង គឺក្លាយជាមន្ទីរពេទ្យដ៏ល្អ និងមានភាពច្នៃប្រឌិតខ្ពស់។ យើងមានវេជ្ជបណ្ឌិតជំនាញច្បាស់លាស់ដែលផ្តល់ជូនលោកអ្នកនូវគុណតម្លៃសម្រាប់ការចំណាយរបស់លោកអ្នក។ ហេតុដូច្នេះ បានជាពួកយើងអាចទទួលបាននូវការគាំទ្រ និងការទុកចិត្តយ៉ាងខ្លាំងពីអ្នកជម្ងឺរបស់យើងរហូតមកដល់បច្ចុប្បន្ននេះ។
មន្ទីរពេទ្យក្សេមរ៉ាតប្រឆាឈឺន(Kasemrad Prachachuen)
១.មន្ទីរពេទ្យប្រេឆាឈឺន មានជំនាញឯកទេសអ្វីខ្លះ?
តាមលោក ជឿត ចំណាន បាននិយាយពីមន្ទីរពេទ្យ ប្រេឆាឈឺនថា “មានគ្រួពេទ្យពូកែជាច្រើនដែលមានជំនាញឯកទេសជឿទុកចិត្តដូចជា ជំនាញវះកាត់បេះដូង វះកាត់ឆ្អឹង និងការវះកាត់ភ្នែក ហើយមានការត្រួតពិនិត្យជំងឺទូទៅផងដែរ។” មានប្រជាពលរដ្ឋខ្មែរជាច្រើនចង់សួរថា តើការព្យាបាលក្នុងការវះកាត់ដូចជា វះកាត់បេះដូង វះកាត់ប្តូរឆ្អឹង និងវះកាត់ភ្នែក អស់លុយប៉ុន្មានដែរ? ចម្លើយរបស់ពេទ្យអ្នកជំនាញ គឺគេត្រូវពិនិត្យវិនិច្ឆ័យមើលជំងឺស្ថិតនូវក្នុងកម្រិតណា ត្រូវប្រើឧបករណ៍អ្វីខ្លះ ប្រើថ្នាំប្រភេទណាខ្លះ ត្រូវប្រើគ្រួពេទ្យប៉ុន្មាននាក់ ដើម្បីវាយតម្លៃសរុបជាមុនសិន ហើយបានដឹងថា លុយត្រូវចំណាយប៉ុន្មានទៅលើការព្យាបាល។
លោកជឿត ចំណានបានប្រាប់ថា “មានពលរដ្ឋខ្មែរម្នាក់ បានទៅព្យាបាលនៅមន្ទីរពេទ្យប្រេឆាឈឺន ដែលគាត់មានជំងឺត្រូវប្តូរឆ្អឹងក្បាលជង្គង់ចេញ ដែលត្រូវចំណាយលុយអស់ ១៨០.០០០ បាត និងបានសម្រាក់បៅមន្ទីរពេទ្យចំនួន៤យប់ តែលោក ចំណាន បានប្រាប់អ្នកជំងឺថា ឱ្យគាត់ត្រៀមលុយ ២០០.០០០បាត សម្រាប់ ២០.០០០បាត ប្រើប្រាស់អ្វីផ្សេងអ្វីៗទៀត ឬត្រៀមទុកមុនឱ្យហើយសម្រាប់ប្រើប្រាស់។ ជាមន្ទីរពេទ្យមួយដែលមានគុណភាពក្នុងការព្យាបាលជំងឺខាងដើមចឹង។
២. សេវាកម្មរបស់មន្ទីរពេទ្យប្រេឆាឈឺន
នៅប្រទេសថៃមានមន្ទីរពេទ្យឯកជនជាច្រើនដូចជា មន្ទីរពេទ្យបំរុងរ៉ាត់ មន្ទីរពេទ្យបាងកក...និងមន្ទីរពេទ្យប្រេឆាឈឺន សុទ្ធតែមានការផ្តល់ជូនសេវាកម្មយ៉ាងល្អដល់អ្នកជំងឺ។ លោកជឿត ចំណានបាននិយាយថា “នៅមន្ទីរភីយ៉ាថៃ មន្ទីរពេទ្យប្រេឆាឈឺន និងមានមន្ទីរផ្សេងៗ... ដែលផ្តល់សេវាកម្មធ្វើឱ្យអ្នកទៅព្យាបាលជំងឺ មានភាពកក់ក្តៅនូវក្នុងចិត្តទាំងការព្យាបាល ទាំងការមើលថែ ទាំងការនិយាយស្តី និងមានការយកចិត្តទុកដាក់លើអ្នកជំងឺយ៉ាងល្អ...។” ហើយមន្ទីរពេទ្យប្រេឆាឈឺន ក៏មានសេវាកម្មមកយកអ្នកជំងឺនៅព្រំដែនទីក្រុងប៉ោយប៉ែតផងដែរ។
មន្ទីរពេទ្យថៃនីមួយៗ សុទ្ធតែមានគ្រួពេទ្យជំនាញឯកទេសរៀងខ្លួន និងមានឧបករណ៍ទំនើបៗ ក្នុងការព្យាបាលជំងឺ។ មានពលរដ្ឋខ្មែរដែលទៅព្យាបាលនៅប្រទេសថៃ ភាគច្រើនមានជំងឺកម្រិតធ្ងន់ ហើយតម្លៃចំណាយក្នុងការព្យាបាលក៏ថ្លៃដែរ។ ចំណែកថ្លៃព្យាបាលជំងឺវិញ មន្ទីរពេទ្យនីមួយៗ មិនដូចគ្នានោះទេ។ ការព្យាបាលក្រុមមន្ទីរពេទ្យរបស់គេត្រូវសរុបតាមទិន្នន័យប្រើអ្វីខ្លះ ជំងឺស្ថិតក្នុងកម្រិតណា ហើយប្រើឧបករណ៍ទំនើបកម្រិត ប្រើសេវាកម្មបែបណា និងស្នាក់នៅដើម្បីព្យាបាលប៉ុន្មានថ្ងៃ? រួចហើយបានគេបូកសរុបលុយតាមក្រោយ។
អត្ថបទដោយៈ ទ្រ សុភាព