តែត្រូវបានគេផឹកយកធ្វើជាភេសជ្ជៈជំនួយស្មារតី និងសុខភាព ក្រៅពីទទួលទានល្អសម្រាប់សុខភាព គេក៏អាចយកស្លឹកមកប្រើដើម្បី កំបាត់អាការឈឺភ្នែក ភ្នែកក្រហម ឈឺក្រហាយ ហៀរទឹកភ្នែក រង្វង់ភ្នែកខ្មៅ បានផងដែរ។ ខាងក្រោមនេះជារបៀបជ្រើសរើសប្រភេទតែ និងវិធីប្រើតែ ដើម្បីបំបាត់បញ្ហាភ្នែកទាំងអស់ខាងលើឱ្យបានត្រឹមត្រូវ៖
ផ្អែកតាមគេហទំព័រសុខភាពHealthline បានឱ្យដឹងថាតែមានច្រើនប្រភេទ ដែលអាចយកមកប្រើសម្រាប់ដោះស្រាយបញ្ហាភ្នែក សូមណែនាំឱ្យជ្រើសរើសប្រភេទតែសរីរាង្គ(តែធម្មជាតិដាំដុះដោយមិនប្រើគីមី) ចៀងវាងប៉ះពាល់ភ្នែកព្រោះតែសារធាតុគីមី។ បងប្អូនអាចជ្រើសរើស ប្រភេទតែបៃតង តែខ្មៅ តែស តែផ្កាឡាវេនឌឺ តែផ្កាchamomile បាន។ តែទាំងអស់នេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាក អាចដុះស្រាយបញ្ហាហើម រលាក និងជាំក្រហមបានយ៉ាងល្អ។
វិធីប្រើប្រាស់ ៖ អាចជ្រើសរើសតែទាំងអស់ខាងលើ ប្រភេទណាក៏បាន យកប្រភេទដែលមានថង់ស្រាប់កាន់តែល្អ។ បន្ទាប់ពីឆុងតែរួច ច្របាច់ទឹកចេញឱ្យអស់ យកថង់តែទុកឱ្យត្រជាក់ ឬអាចដាក់ក្នុងទូរទឹកកកឱ្យត្រជាក់១០ទៅ២០នាទី រួចគេងបិទភ្នែក ហើយយកថង់តែនោះមកដាក់ស្អំ ពីលើភ្នែក។ បងប្អូនអាចប្រើម្រាមដៃ សន្កត់ល្មមៗ ឬម៉ាស្សាជុំវិញបរិវេនភ្នែក ខណៈពេលដែលកំពុងស្អំថង់តែបាន។
សូមធ្វើការប្រុងប្រយ័ត្នផងដែរ មុននឹងស្អំថង់តែ ត្រូវប្រាកដថាអ្នកបានរក្សាថង់តែមានអនាម័យ សម្អាតដៃឱ្យបានស្អាត លាងសម្អាតមុខឬគ្រឿងសម្អាងជាមុន កុំប្រើថង់តែដែលនៅក្ដៅ កុំប្រើថង់តែប្រភេទអាលុយមីញ៉ូម កុំប្រើប្រភេទថង់តែមានពណ៌ កុំយកចង់តែត្រដុះខ្លាំងលើភ្នែក ត្រូវប្រើដៃស្រាល ស្អំពីលើតិចៗ។
ជាថ្មីម្ដងទៀត ប្រសិនបើលោកអ្នកកំពុងមានបញ្ហាភ្នែកដោយសារប្រើប្រាស់គ្រឿងអេឡិចត្រូនិច ក្ដៅគ្រាប់ភ្នែក ហៀរទឹកភ្នែក ភ្នែកក្រហម ឬមានជាំខ្មៅដក់ក្រោមភ្នែក អាចសាកល្បងវិធីស្អំថង់តែខាងលើបាន។ សម្រាប់អ្នកតែមានបញ្ហាជាំសរសៃក្រហមលើមុខ ក៏អាចប្រើថង់តែស្អំបានផងដែរ វាអាចជួយកាត់បន្ថយបានមួយកម្រិត។ មួយវិញទៀតប្រសិន បើព្យាយាមធ្វើ៣ទៅ៥ថ្ងៃហើយ បញ្ហាភ្នែករបស់អ្នកមិនបានប្រសើរឡើង គួរកាត់បន្ថយការមើលគ្រឿងអេឡិចត្រូនិច ព្យាយាមការពារភ្នែកពីពន្លឺខ្លាំង និងលើកទឹកចិត្តឱ្យទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យលំអិត៕
អត្ថបទដោយ៖ Senghong