សព្វថ្ងៃនេះ ប្រជាជនខ្មែរមួយចំនួនកំពុងតែជួបបញ្ហាផ្លូវចិត្ត ឬមានជំងឺផ្លូវចិត្តដោយពុំដឹងខ្លួន។ ដោយហេតុពួកគាត់មិនសូវបានយល់ដឹងអំពីសុខភាពផ្លូវចិត្តនៅឡើយ។ តាមវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ជាអ្នកឯកទេសវិកលវិទ្យាបានមានប្រសាសន៍ថា បញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្តគឺអាចកើតមានលើមនុស្សគ្រប់រូប គ្រប់វ័យ ទាំងកុមារ ទាំងយុវវ័យ ទាំងមនុស្សចាស់ និងគ្រប់ជាតិសាស្រ្តទូទាំងសកល។
លោកស្រីក៏បានលើកឡើងដោយយោងទៅតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញក្តីព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តយ៉ាងខ្លាំង ដោយហេតុក្នុងឆ្នាំ២០២១ នឹង២០២៣ ទិន្នន័យដែលបានសិក្សាជាសកលបានឱ្យដឹងថា ការធ្វើអត្តឃាតដែលបណ្តាលមកពីជំងឺផ្លូវចិត្តគឺស្ថិតនៅលំដាប់ថ្នាក់ទី៤ នៃការបាត់បង់ធនធានមនុស្ស ដែលពួកគាត់ភាគច្រើនសុទ្ធសឹងជាយុវវ័យចន្លោះពី១៥-២៩ឆ្នាំ។
លោកស្រីក៏បានបញ្ចាក់ផងដែរថាអត្រាយុវវ័យទូទាំងពិភពលោក មានរហូតដល់ 1.2ពាន់លាននាក់ ដែលក្នុងនោះចំនួនយុវវ័យចន្លោះពី 5% ទៅ 13% ដែលប្រឈមនឹងជំងឺផ្លូវចិត្ត។ ហើយជំងឺផ្លូវចិត្តដែលឈានដល់ការធ្វើអត្តឃាតនេះភាគច្រើនគឺជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះហើយយើងគួរតែដឹងនិងយល់ឱ្យច្បាស់អំពីនិយមន័យនៃសុខភាពផ្លូវចិត្ត និងនិយមន័យនៃជំងឺផ្លូវចិត្តនេះឱ្យបានច្បាស់។ ពេលយើងមានចំណោះដឹង ធ្វើឱ្យយើងចេះការពារផ្លូវចិត្តបានល្អផងដែរ។
ឧទាហរណ៍ : តើអ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត? ជំងឺបាក់ទឹកចិត្ត ជាជំងឺមួយក្នុងចំនោមជំងឺផ្លូវចិត្តដែលធ្វើអោយមានបម្រែបម្រួលលើការគិត. អារម្មណ៍ អាកប្បកិរិយា ដូចជា ការសោកសៅខ្លាំង បាត់បង់នូវចំណាប់អារម្មណ៍ជុំវិញខ្លួន ការងារថយចុះ ចលនាយឺតយ៉ាវ និងអាចប៉ះពាល់ដល់មុខងាររាង្គកាយផ្សេងទៀតផងដែរ។ លោកអ្នកតែងតែពិនិត្យ តែទៅលើបញ្ហារាងកាយ ដោយពុំបាន ចាប់អារម្មណ៍ចំពោះបញ្ហាផ្លូវចិត្តកើតមានឡើយ ខាងក្រោមនេះជារោគសញ្ញានៃជំងឺផ្លូវចិត្តមួយចំនួនកើតមានលើរាងកាយរបស់លោកអ្នកដូចជា ការបម្រែបម្រួលលើការគិត, អារម្មណ៍អាកប្បកិរិយាដូចជាការសោកសៅខ្លាំង ការបាត់បង់នូវចំណាប់អារម្មណ៍ជុំវិញខ្លួន ការងារថយចុះ ចលនាយឺតយ៉ាវ និងអាចប៉ះពាល់ដល់មុខងាររាង្គកាយផ្សេងទៀតផងដែរ។
ចំពោះសញ្ញានៃការធ្លាក់ទឹកចិត្តគឺចាប់ពី ២សប្តាហ៍ឡើងទៅ ហើយសញ្ញាដែលគួរស្វែងយល់ ខ្លីៗ និងខ្លឹម អំពីជំងឺធ្លាក់ទឹកចិត្តនោះគឺ ចេះតែគិតអវិជ្ចមាន៖ បន្ទោសខ្លួនឯង, គិតថាខ្លួនគ្មានតម្លៃ, អស់សង្ឃឹមក្នុងជីវិតជាដើម…។ ចំពោះអារម្មណ៍សោកសៅខ្លាំង បាត់បង់ចំណាប់អារម្មណ៍ជាមួយរបស់ជុំវិញខ្លួន ( Depressed mood , lose of interest) ពិបាកគេង , ចំណង់ចំណីអាហារប្រែប្រួល ( poor sleep and appétits ) ចង់ធ្វើអត្តឃាត ( Suicidal thought) យ៉ាងណាមិញ ជីវិតមនុស្សគ្រប់រូបគឺមិនអាចគេចអំពីភាពតានតឹងបាននោះទេ យើងអាចតានតឹងនឹងភាពលំបាក ភាពនឿយហត់នឹងការងារ សំពាធគ្រួសារ វិបត្តិហិរញ្ញវត្ថុ ការជះឥទ្ធិពលពីកត្តាបរិស្ថានដែលយើងរស់នៅ -ល- ភាពសោកសៅជារឿងមួយដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ។
មនុស្សគ្រប់រូបអាចនឹងមានអារម្មណ៍សោកសៅ ក្រៀមក្រំ ពិបាកចិត្ត នៅពេលដែលបាត់បង់របស់ជាទីស្រលាញ់ សមាជិកគ្រួសារ ឬ បញ្ហាណាមួយក្នុងជីវិតរស់នៅ ដែលតម្រូវឱ្យពួកគាត់ត្រូវតែជួបនឹងការតទល់ជាមួយស្ថានភាពទាំងនោះ។ ហើយបុគ្គលដែលមានជំងឺផ្លូវចិត្តគឺមិនមែនបណ្តាលមកពីការទន់ជ្រាយ ឬយ៉ាងណានោះទេក៏ប៉ុន្តែកត្តាដែលធ្វើឱ្យបុគ្គលណាម្នាក់មានជំងឺផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត នោះគឺបណ្តាលមកពីកត្តារួមគ្នា ៣ យ៉ាង :
១. កត្តា ជីវសាស្រ្ត ( បំរែបំរួលរចនាសម្ព័ននៃសារធាតុគីមីសាស្រ្តក្នុងប្រព័ន្ធខួរក្បាល បំរែបំរួលរហ័សអរម៉ូន)
២. កត្តាចិត្តសាស្រ្ត ដែលសំដៅលើសម្មត្ថភាពនៃការដោះស្រាយបញ្ហារបស់បុគ្គលម្នាក់ៗ រួមមានបទពិសោធន៍ជីវិត ចំណេះដឹង ឬការយល់ដឹងអំពីសុខភាពផ្លូវចិត្ត , សុខភាពរាងកាយ
៣. កត្តាសង្គមសាស្រ្ត គឺសំដៅបរិស្ថានដែលយើងរស់នៅ មាមដូចជា សង្គមគ្រួសារ ,សង្គមការងារ ,សាលារៀន , ការប្រើប្រាស់បណ្ណាញសង្គម ជាដើម ។
- ចំនែកកត្តាបន្ទាប់បន្សំរួមមាន ការញ៉ាំស្រា ជាប្រចាំ ឬប្រើដើម្បីអោយសប្បាយ បំបាត់ទុក , ការប្រើសារធាតុញៀន នឹងជំងឺប្រចាំកាយ មួយចំនួនដែលរ៉ាំរ៉ៃ ។
មូលហេតុទាំងបីនេះហើយ ដែលអាចអោយគាត់កើតជំងឺផ្លូវចិត្ត។ ជាដំណោះស្រាយដើម្បីទប់ស្កាត់នៃការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺមានដូចជា៖
១. ធ្វើលំហាត់ប្រាណជាប្រចាំ ឬហាត់យូហ្គា និងសម្រាកកាយនិងចិត្តតាមធម្មជាតិ៖ បើអ្នកចង់ការពារខួរក្បាលចេញពីការវ៉ៃប្រហារបញ្ហាស្រ្តេស ការពារបញ្ហាផ្លូវចិត្តនោះ តាមវេជ្ជបណ្ឌិត Aaron Bonner-Jackson ជាអ្នកជំនាញជំងឺសរសៃប្រសាទបាននិយាយថា “ការធ្វើលំហាត់ប្រាណផ្នែករាងកាយ ពិតជាជះឥទ្ធិពលដល់ខួរក្បាល កុំឱ្យស្រ្តេស កុំឱ្យអ្នកវិវត្តទៅជាជំងឺវង្វេងស្មារតី និងជំងឺភ្លេចភ្លាំងយ៉ាងឆាប់រហ័ស។” ព្រោះពេលអ្នកធ្វើលំហាត់ប្រាណ ខួរក្បាលរបស់អ្នកនឹងបញ្ចេញអរម៉ូន អង់ដូហ្វីន Endorphin ជួយឱ្យមានអារម្មណ៍រីករាយ ហើយខួក្បាល ក៏គិតអ្វីៗ ក៏បានល្អដែរ។ យើងអាចនិយាយថា អារម្មណ៍រីករាយ បង្កើតលំហូរការគិតបានល្អ។
២. ការធ្វើរបបអាហារឲ្យមានតុល្យភាពមានបន្ថែមមានបន្លែស្រស់ និងត្រី៖ ការហូបសាច់ត្រីច្រើនមានក្រុមត្រីត្រីកាម៉ុង ត្រីទឹកសាបស្រដៀងត្រីព្រួល និងត្រីសាល់ម៉ុន... ដែលសម្បូរជាតិអាស៊ីតខ្លាញ់អូមេហ្គា3 មានប្រយោជន៍សម្រាប់ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់អ្នក ព្រោះវាមានឥទ្ធិពលលើធាតុអរម៉ូនខួរក្បាល សេរ៉ូតូនីន (serotonin) norepinephrine (ន័រពីនហ្វីន) និង dopamine(ដូប៉ាមីន) ដើម្បីព្យាបាលផ្លូវចិត្តឱ្យកាន់តែប្រសើរឡើងវិញ។ ហើយពេលអ្នកហូបប្រភេទបន្លែបៃតងកាន់តែច្រើនអារម្មណ៍កាន់ស្រួលខ្លួន និងអារម្មណ៍ល្អជាងមុន។ ព្រោះក្នុងបន្លែទាំងអស់នោះមានសារធាតុល្អដូចជា មានវីតាមីនB មានជាតិសរសៃ មានសារធាតុ chlorophyll, មានសារធាតុ lutein និងអាស៊ីតហ្វូលិក។ ហើយបន្លែបៃតងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ជាខ្លាញ់អាក្រក់ចេញពីរាងកាយ សុទ្ធតែធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកធូរស្រាលម្តងបន្តិចៗ ផងដែរ។
៣. រៀបចំបន្ទប់គេងឱ្យបានល្អ និងព្យាយាមគេងឱ្យទៀងម៉ោង៖ ការគេងមិនគ្រប់ម៉ោងនេះ គឺក្រោម ៨ម៉ោងជាប្រចាំថ្ងៃជារបៀបរស់នៅកំណត់ថាខ្លួនអ្នកនឹងវិវត្តទៅរកជំងឺវង្វេងវង្វាន់ឆាប់បំផុត។ ហើយវាក៏អាចបង្អាក់រំខានដល់កម្រិតជាតិស្ករក្នុងឈាមយ៉ាងខ្លាំងដែរ ធ្វើឱ្យអ្នកត្រូវប្រឈមនឹងឱកាសនៃជំងឺទឹកនោមផ្អែមដំណាក់កាលទីមួយ។ តាមវេជ្ជបណ្ឌិត Michael Mosley ជាអ្នកចិត្តសាស្រ្តមានមធ្យោបាយមួយដែលងាយស្រួលបំផុតមួយដើម្បីជួយឱ្យរាងកាយរបស់អ្នកឆាប់ដេក កុំឱ្យខួរក្បាលគិតច្រើនពេលយប់នោះ សូមអ្នកផ្តោតអារម្មណ៍លើការដកដង្ហើមក្នុងខណៈពេលកំពុងដេកលើគ្រែ ហើយត្រូវប្រាកដថា អ្នកកំពុងតែដកដង្ហើមយឺតៗ និងជ្រៅៗ។ ព្រោះពេលអ្នកធ្វើបែបនេះ អារម្មណ៍គិតច្រើនដែលបណ្តាលមកពីអរម៉ូនដែលគេស្គាល់ថា Noradrenaline ឬជាសារធាតុគីមីក្នុងខួរក្បាលឱ្យអ្នកភ្ញាក់ពីគេង ក៏ធ្វើឱ្យស្ងប់អារម្មណ៍ទៅវិញ។ នេះជាបច្ចេកទេសដកដង្ហើមដ៏ល្អសម្រាប់លើកកម្ពស់ការគេងរបស់អ្នក។
៤. កុំញុំាគ្រឿងស្រវឹង៖ ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្កជាផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។ ហើយអាចបង្កអោយមានបញ្ហាសុខភាពផ្លូវចិត្តកាន់តែធ្ងន់លើសដើម។ ពេលអ្នកឈប់ផឹកស្រានោះ ផ្លូវចិត្តរបស់អ្នក និងខួរក្បាលរបស់អ្នកកាន់តែមានភាពល្អប្រសើរឡើងវិញជាមិនខានទេ។
៥. ជជែកកម្សាន្ត ឬបង្កើតបរិយាកាសសប្បាយៗជាមួយមនុស្សជុំវិញ៖ តាមការជ្រាវជ្រាវពីសកលវិទ្យាល័យ Harvard បានបញ្ជាក់ថា មនុស្សដែលមានទំនាក់ទំនងល្អជាមួយមិត្តភក្ត័ និងមនុស្សជុំវិញ ធ្វើឱ្យគេរស់នៅបានយូរ (មានភាពរីករាយ) ជាងអ្នកគ្មានទំនាក់ទំនងជាមួយមនុស្សជុំវិញ។” តាម CNBC បានសម្ភាសន៍លោក Dan Buettner បាននិយាយថា អ្នកដែលផ្តាច់ទំនាក់ទំនងក្នុងសង្គម ឬគ្មានមិត្តភក្ត័ពីរ បីនាក់ទេ ពេលមានបញ្ហារឿងណាមួយ ធ្វើឱ្យកាត់បន្ថយអាយុរបស់គេប្រហែល ៨ ឆ្នាំ បើធ្វើការធៀបជាមួយមនុស្សមានទំនាក់ទំនងល្អជាមួយមិត្តភក្តិ។”
៦. ស្វែងរកវេជ្ជបណ្ឌិត ឬអ្នកចិត្តសាស្រ្ត ដើម្បីផ្តល់ការប្រឹក្សា៖ ជំងឺបាក់ទឹកចិត្តអាចឆក់យកជីវិតយើងបានហេតុនេះនៅពេលមានអាការសង្ស័យណាមួយសូមកុំពន្យាពេលទៅជួបប្រឹក្សាជាមួយគ្រូពេទ្យផ្នែកផ្លូវចិត្តដើម្បីឱ្យគាត់ជួយដោះស្រាយបញ្ហានេះទាន់ពេលវេលា ព្រោះបើទុកយូរទៅៗអ្នកគឺមិនចំណេញអ្វីទេមានតែខាតសុខភាពកាន់តែដុនដាបមិនខាន។
៧. រស់តម្លៃខ្លួនឯង និងធ្វើការមួយៗ៖ សម្រាប់លោក Héctor García និងលោក Francesc Miralles បាននិពន្ធសៀវភៅដ៏ល្បីមួយក្បាល ikigai លើកឡើងថា អ្នករស់នៅលើកោះអូគីណាវ៉ា ចំពោះអ្នកមានបញ្ហាផ្លូវចិត្ត គឺកម្រណាស់។ ព្រោះលោកយាយ លោកតា និងយុវជនគ្រប់រូប មានវិធីរស់នៅប្រើជីវិតឱ្យមានអត្ថន័យ។ មានលោកតាម្នាក់រស់នៅលើកោះនោះ បាននិយាយថា ខ្ញុំរស់នៅបានយូរហើយមានក្តីសុខបែបនេះ គឺចិត្តខ្ញុំគ្មានការប្រញាប់ប្រញាល់អ្វីទេ។ ខ្ញុំជាអ្នកត្បាញ នេះជាគោលបំណងក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្ញុំ។ ពេលខ្ញុំភ្ញាក់ពីគេងតែងតែធ្វើការអធិដ្ឋាន ឬសមាធិឱ្យចិត្តស្ងប់។ បន្ទាប់មកខ្ញុំចាប់ផ្តើមពង្រឹងរាងកាយដោយលំហាត់ប្រាណ ហើយញ៉ាំអាហារពេលព្រឹកត្រឹមតែ ៨០%។ ហើយក៏ម៉ោងខ្ញុំធ្វើការងារនៅ ៧ព្រឹកដែរ ខ្ញុំចាប់ផ្តើមធ្វើការងារដោយលំហូរចិត្តយ៉ាងស្ងៀមស្ងាត់ជាអ្នកតម្បាញ។ ដល់ម៉ោង ៥ល្ងាច ខ្ញុំចាប់ផ្តើមអស់កម្លាំង ខ្ញុំក៏ទៅលេងជាមួយមិត្តភក្តិ និងបងប្អូនកូនចៅរបស់ខ្ញុំយ៉ាងមានក្តីសុខ។”
លោកស្រីបានផ្តល់នូវសារដ៏មានសារៈសំខាន់មួយផងដែរ ទៅកាន់ប្រជាជនទាំងអស់គ្នា សូមមេត្តាយកចិត្តទុកដាក់លើការថែទាំសុខភាពផ្លូវចិត្តអោយបានល្អប្រសើរ ព្រោះពិការភាពផ្លូវចិត្តក៏ជាកត្តាគ្រោះថ្នាក់មួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទាំងមូល ។ ត្រូវចាំថា សុខភាពផ្លូវចិត្ត និងសុខរាងកាយល្អបរិបូរណ៍ ទើបយើងអាចទទួលបានភាពពេញលេញនៃជីវិត និងរីកចម្រើនទៅបាន៕
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ គឺ We Care Mental Clinic វីឃែរ គ្លីនិក តាមTelegram: 087 744 913

