ការស្វែករកក្តីស្រមៃរបស់មនុស្សម្នាក់ៗ មានលក្ខណៈផ្សេងគ្នា ប៉ុន្តែពេលអ្នករកឃើញវាហើយ ជីវិតអ្នកនឹងមានក្តីសុខមិនខានឡើយ។ ក្តីសុខនៅទីនេះ មានន័យថា មានកម្លាំងចិត្តចេះតស៊ូ និងរីករាយក្នុងការដោះស្រាយបញ្ហានានា។ ខ្ញុំមានបុគ្គលឆ្នើមម្នាក់ជាគំរូ ដែលគាត់អាចស្វែងរកឃើញពីក្តីស្រមៃរបស់ខ្លួន គឺលោកជិន ថូមីត ជាសហគ្រិន ជាអ្នកនិពន្ធ ជាអ្នកដឹកនាំរួមចំណែកក្រុមហ៊ុនជាច្រើន និងជាស្ថាបនិកអង្គការមនុស្សធម៌មួយ មានវត្ថុបំណងដើម្បីជួយកុមារក្រីក្រឱ្យមានការអប់រំផងដែរ។ លោក ថូមីត បានរកឃើញក្តីស្រមៃរបស់ខ្លួន ហើយរស់នៅជាមួយវា ពិតជាមានក្តីសុខ ទោះបីគាត់ធ្វើការងារច្រើនក៏ដោយ ក៏នៅតែមានកម្លាំងចិត្តធ្វើដែរ។ តើលោក ជិន ថូមីត រកឃើញក្តីស្រមៃដោយរបៀបណា?
ការស្វែងរកក្តីស្រមៃរបស់លោកជិន ថូមីត តម្រូវឱ្យជួបបញ្ហាជាច្រើនក្នុងដំណើរស្វែងរកខ្លួនឯង។ លោក ជិន ថូមីត កើតក្នុងគ្រួសារក្រីក្រមួយ និងឪពុកម្តាយមានការលែងលះគ្នាកាលគាត់មានអាយុត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ។ ហើយគាត់មានស្រុកកំណើតឈាមជ័រជាអ្នកខេត្តបាត់ដំបងផងដែរ។ ទម្រាំតែក្តីស្រមៃរបស់គាត់ផុសចេញមកឱ្យឃើញនោះ ជីវិតនេះ បានធ្វើតេស្តគាត់ជាមួយបញ្ហាជាច្រើន ដូចជាគ្មានលុយចូលរៀន តស៊ូនឹងភាពក្រីក្រ មានបញ្ហាបាក់ទឹកចិត្ត និងមានរឿងផ្សេងៗ ជាច្រើនទៀតដែលបង្កប់ពីក្រោយខ្នងក្តីស្រមៃមួយនេះ។ លោកជិន ថូមីត បាននិយាយថា កាលខ្ញុំនៅក្មេងៗ ដោយសារតែគ្រួសារក្រីក្រ ខ្ញុំធ្លាប់ទៅសាលាដោយមិនមានលុយ និងអាហារញាំមិនគ្រប់គ្រាន់។ ហើយពេលខ្លះរៀនទាំងឃ្លានទៀត។ ហើយពេលនោះ ខ្ញុំមានលុយមួយអាទិត្យចាយតែ ៧០០រៀល ក៏សប្បាយចិត្តដែរ។ ហើយខ្ញុំលួចមើលគេរៀនទៀតផង ហេតុតែចិត្តខ្ញុំចង់ចេះ ចង់ដឹងច្រើន។
លោកបានបន្ថែមទៀតថា "ខ្ញុំនៅចាំរឿងមួយទៀត ពេលខ្ញុំឡើងមកភ្នំពេញ ខ្ញុំចង់រៀននៅសាលា NUM(National University of Management) រាងថ្លៃដែរ ម៉ាក់របស់ខ្ញុំបានលក់ដីតូចមួយកន្លែង ដើម្បីឱ្យកូនបានរៀនសូត្រ និងមានអនាគតល្អប្រសើរ។” ការឆ្លងកាត់ភាពលំបាកទាំងអស់នេះ ធ្វើឱ្យគាត់ចេះតស៊ូពេលក្រោយៗ មកទៀត។
នៅពេលមួយលោក ជិន ថូមីត មានឱកាសបានទៅរស់នៅសហរដ្ឋអាមេរិក បន្ទាប់មកគាត់បានជួបបញ្ហាលំបាកផ្លូវអារម្មណ៍ម្តងទៀតដូចជាវប្បធម៍ របបអាហារ ផ្នែកភាសា និងគ្រួសារជាដើម។ ហើយគាត់ព្យាយាមធ្វើការងារខ្លាំងមែនទែន ក្នុងមួយថ្ងៃគាត់ធ្វើការរយៈពេល ១២ម៉ោងក្នុងរោងចក្រមួយ និងរៀននៅសាលា ៣ទៀត សម្រាប់ការគេងវិញបានតិចណាស់ ប៉ុន្តែជីវិតជាការតស៊ូ។ ពេលចាបបៃតងសម្ភាសផ្ទាល់ជាមួយលោក ថូមីត បានប្រាប់ថា “ពេលខ្លះ ខ្ញុំហូបបាយទាំងស្រក់ទឹកភ្នែក ហើយខ្ញុំនិយាយមកកាន់ខ្លួនឯងថា បើមកទីនេះ ធ្វើការរោងចក្រដដែល ទៅធ្វើនៅខ្មែរល្អជាង ពីព្រោះខ្ញុំមកទីនេះ ដើម្បីរៀនសូត្រយកចំណេះដឹងសម្រាប់អនាគត។” ក្រោយពីរៀនចប់សកលវិទ្យាល័យមួយកន្លែងនៅក្នុងរដ្ឋ Rhode Island គាត់បានបន្តទៅរៀននៅសកលវិទ្យាល័យដ៏ល្បីមួយមានឈ្មោះថា University of Virginia ដែលបង្កើតឡើងដោយប្រធានាធិបតីអាមេរិកទី៣ គឺលោក Thomas Jefferson។ រយៈពេលពីរខែ គាត់រស់នៅរដ្ឋ Viginia និងរៀននៅទីនោះ គាត់បានកើតជំងឺបាក់ទឹកចិត្ត ពេលម៉ោងរៀន គាត់គ្មានអារម្មណ៍រៀនទេ ហើយដល់ថ្នាក់លែងចង់ធ្វើអ្វីៗ ទាំងអស់។ ធ្វើឱ្យអារម្មណ៍គាត់មានការភ័យខ្លាចច្រើន និងរស់នៅក្នុងបន្ទប់តែប៉ុណ្ណោះ។
គាត់បានដឹងថា ខ្លួនមានបញ្ហាផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហានេះ គាត់បានទៅជួបអ្នកចិត្តសាស្រ្ត និងចាប់ផ្តើមមានទំនាក់ទំនាក់នឹងមនុស្សជុំវិញខ្លួន។ ហើយអ្វីដែលជួយអារម្មណ៍គាត់ខ្លាំងបំផុតនោះ គឺចាប់ផ្តើមលេងកីឡាឡើងវិញ ធ្វើឱ្យអារម្មណ៍គាត់ស្ងប់ និងការគិតដោះស្រាយនីមួយៗ មានភាពលំដាប់លំដោយដូចជាបញ្ហាគ្រួសារ បញ្ហាសាលា និងបញ្ហាការងារ បានល្អជាងមុន។ រហូតពេលវេលាកន្លងបានមួយរយៈ គាត់ចាប់ផ្តើមរកខ្លួនឯងមកវិញ។ គាត់បានចាំសម្តីលោកតារបស់គាត់និយាយថា “ចៅ! នៅអាមេរិក កុំសង្វាតរឿងរកលុយ ត្រូវសង្វាតរៀនសូត្រឱ្យខ្លាំងបំផុត។”
លោក ជិន ថូមីត បានចំណាយពេល ៥ឆ្នាំនៅអាមេរិក មិនទាន់បានមកខ្មែរទេ ហើយគាត់មានបេសកម្មមកបន្តការសិក្សានៅសិង្ហបុរី និងហុងកុងបន្ថែម នៅចន្លោះពេលនោះ គាត់មានពេលទំនេរមួយសប្តាហ៍ដែរ។ គាត់ក៏ឆ្លៀតមកប្រទេសកម្ពុជា ជួបជុំគ្រួសារ បងប្អូន និងបានបង្កើតកម្មវិធីសប្បុរសធម៌មួយ ដែលមានលុយពីការចូលរួមចំនួន ៩៣៨ដុល្លារ បានទិញសម្ភារៈផ្សេងទៀត ដើម្បីចែកដល់កុមារក្រីក្រមួយកន្លែងនៅសំឡូត ខេត្តបាត់ដំបង។ ហើយគាត់បានត្រឡប់ទៅរៀននៅសិង្ហបុរីវិញ គាត់រកឃើញថា អ្នកធ្វើការនៅសិង្ហបុរី មានប្រាក់ខែរាប់ម៉ឺនដុល្លារ ហើយងាកមកមើលប្រជាជនខ្មែរយើងវិញ រកលុយទិញសៀវភៅសម្រាប់កូនក៏ខ្វះខាតដែរ។ ហើយលោក បានសួរខ្លួនថា តើខ្ញុំអាចជួយសង្គមជាតិរបស់ខ្ញុំបានអ្វីខ្លះ? ពេលបញ្ចប់ការសិក្សានៅសិង្ហបុរី គាត់បានទៅអាមេរិកវិញ ប៉ុន្តែសម្លេងបេះដូងរបស់គាត់នៅមិនសុខទេ គាត់ក៏សម្រេចចិត្តវិលត្រឡប់មកស្រុកខ្មែរ។ ហើយគាត់បានបង្កើតអង្គការមួយ មានវត្ថុបំណងជួយកុមារ និងយុវជន ឱ្យមានចំណេះដឹង ផ្តល់ការលើកទឹកចិត្ត និងបណ្តុះគំនិត ឱ្យមានការរៀនសូត្រ ដើម្បីជួយកាត់បន្ថយភាពក្រីក្រផងដែរ។
លោក ជិន ថូមីត ស្វែងរកក្តីស្រមៃរបស់គាត់ គឺការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ក្នុងនាមជាកូនខ្មែរម្នាក់។ ហើយគាត់បានយល់ថា ដើម្បីសម្រេចក្តីស្រមៃមួយនេះ គាត់ត្រូវក្លាយជាសហគ្រិន ជាអ្នកដឹកនាំមួយរូប និងបង្កើតអង្គការមនុស្សធម៌ ដើម្បីឱ្យកុមារ និងយុវជន មានការអប់រំ មានសម្ភារៈខ្លះ និងដាំបណ្តុះយុវជនដោយការចែករំលែកចំណេះដឹង និងគំនិត។ ហើយលោក ជិន ថូមីត បានបង្កើតកម្មវិធីល្អៗ ដើម្បីស្របតាមក្តីស្រមៃរបស់គាត់ដែរ មានដូចជា The Multimedia The Battle of Mind និង The Thomith Show ផងដែរ។ គាត់បាននិយាយថា ខ្ញុំមានសំណាងដែលមានមនុស្សល្អៗជាច្រើនតាមជួយជ្រោមជ្រែងឲ្យខ្ញុំមានថ្ងៃនេះ។ ដូច្នេះហើយទើបខ្ញុំជឿជាក់ថា ខ្ញុំនឹងតបស្នងសងគុណមនុស្សល្អៗទាំងនោះដោយការជួយដល់អ្នកដទៃឲ្យបានច្រើនបំផុតតាមដែលខ្ញុំអាចធ្វើបាន។
ក្តីស្រមៃដែលគាត់រកឃើញនេះ កើតចេញពីបេះដូងរបស់គាត់ចង់ជួយគេ។ ហើយមានបុគ្គលអស្ចារ្យម្នាក់ទៀត នៅក្នុងចិត្តរបស់លោក ថូមីត ធ្វើឱ្យគាត់មានបេះដូងមួយនេះ គឺម៉ាក់របស់គាត់។ លោក ថូមីត បាននិយាយថា “មានពេលមួយ ពេលម៉ាក់របស់ខ្ញុំ ធ្វើម្ហូបឆ្អិន គាត់មិនបានយកឱ្យអ្នកដទៃទេ គាត់បានដួសម្ហូបដាក់ចាន រួចឱ្យខ្ញុំយកទៅឱ្យអ្នកជិតខាងរបស់ខ្ញុំ។ នេះជាវិធីបង្រៀនភាពជាគំរូដល់ខ្ញុំ។ ពេលខ្ញុំធំហើយក៏ដោយ នៅតែម៉ាក់បង្រៀនខ្ញុំឱ្យជួយអ្នកដទៃដដែល។ ក្តីស្រមៃរបស់ខ្ញុំ កើតចេញពីបេះដូងម៉ាក់របស់ខ្ញុំ។ បើគ្មានម៉ាក់ខ្ញុំទេ ខ្ញុំក៏មិនអាចរកក្តីស្រមៃរបស់ខ្ញុំឃើញដែរ។ អាចនិយាយថា ក្តីស្រមៃតែមួយ នៅក្នុងចិត្តម៉ាក់របស់ខ្ញុំផង និងនៅក្នុងខ្លួនខ្ញុំផងដែរ។” ទោះបីលោក ថូមីត មានបញ្ហា និងចង់ធ្វើអ្វីក៏ដោយ ម៉ាក់របស់គាត់តែងតែជួយគាំទ្រ ជួយលើកទឹកចិត្ត និងធ្វើគ្រប់យ៉ាង ដើម្បីកូនៗ មានអនាគតល្អ។
ហើយលោក ជិន ថូមីត ក៏ក្លាយជាសហគ្រិនមួយរូប ដើម្បីកម្ពុជា និងបានចូលរួមជាអ្នកដឹកនាំក្រុមហ៊ុនជាច្រើនផងដែរ។ គាត់បាននិយាយថា នៅក្នុងក្រុមហ៊ុន The Multimedia មួយនេះ យើងមានវត្ថុបំណងជួយសហគ្រិន ឬអាជីវកម្មនានា នៅក្នុងស្រុក និងក្រៅស្រុកឱ្យរីកចម្រើន។ ហើយយើងជួយប្រភេទអាជីវកម្មណា ដែលមានផលវិជ្ជមានដល់ប្រជាជន និងសង្គមជាតិតែប៉ុណ្ណោះ។ បើខុសពីគោលការណ៍នេះ ទោះបីឱ្យលុយយើងច្រើន ក៏យើងមិនធ្វើវាដែរ។” គាត់មានក្តីស្រមៃជួយកុមារក្រីក្រ ជួយយុវជន ជួយអ្នករកស៊ី និងសង្គមជាតិឱ្យរីកចម្រើនតាមសមត្ថភាពរបស់គាត់ អាចធ្វើទៅបាន វាជាក្តីស្រមៃដែលនាំឱ្យគាត់រស់នៅមានក្តីសុខ។ គាត់បាននិយាយថា “ខ្ញុំរស់នៅក្នុងក្តីស្រមៃរបស់ខ្លួន ជួយកុមារឱ្យមានការអប់រំ បណ្តុះគំនិតយុវជន ជាមួយក្រុមការងារល្អ និងក្រុមគ្រួសារដ៏អស្ចារ្យ ខ្ញុំមានអារម្មណ៍ថាឡូយណាស់។” មនុស្សយើងអាចរកក្តីស្រមៃមួយសម្រាប់ជីវិតរបស់ខ្លួន ជាក្តីស្រមៃជួយអ្នកដទៃ និងជាក្តីស្រមៃធ្វើឱ្យខ្លួនឯងរស់នៅមានក្តីសុខដូចជាលោក ជិន ថូមីត បានគ្រប់គ្នា។ ដូចជាពាក្យមួយរបស់លោក Steve Jobs ជាស្ថាបនិកក្រុមហ៊ុន Apple បាននិយាយថា បើអ្នកចង់ធ្វើកិច្ចការណាមួយឱ្យអស្ចារ្យ ចូរធ្វើតាមសម្លេងបេះដូងរបស់ខ្លួន។ “ប្រសិនបើអ្នកចង់ដឹងថា ខ្លួនឯងមានបានពិតប្រាកដកម្រិតណា ចូររាប់នូវអ្វីៗដែលអ្នកមាននៅក្នុងជីវិតដែលលុយមិនអាចទិញបាន” លោក ជិន ថូមីត៕
លោក ជិន ថូមីត បានបង្កើតកម្មវិធីល្អៗ មានដូចជា iDEN Agency និង The Thomith Show ហើយលេខទូរស័ព្ទ៖ 098 468 868


