ប្រសិនបើមិនសូវពូកែនិយាយប្រើសម្តីចងមិត្ត បន្ទាន់ចិត្តអ្នកដទៃមនុស្សអាចរៀននិយាយបាន ប៉ុន្តែបើមានអត្តចរិតមិនសមរម្យថែមទៀតនោះ នឹងធ្វើឱ្យការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃកាន់យឺបយ៉ឺន។ ក្នុងនោះបើតាមអ្នកចិត្តសាស្រ្តមកពី Theskillyouneed បានឱ្យដឹងថា បើអ្នកជាមនុស្សមិនសូវពូកែក្នុងការនិយាយស្តីហើយ អ្នកគួរកុំមានអត្តចរិត៤ប្រភេទនេះ បើចង់មានទំនាក់ទំនងល្អ នៅក្នុងរង្វង់សង្គម។
កំហុសទី១. និយាយស្តីអត់ក្បាលកន្ទុយ៖ ការធ្វើទំនាក់ទំនង ភាពច្បាស់លាស់លើការនិយាយពិតជាសំខាន់ ដើម្បីឱ្យអ្នកដទៃដឹងពីគោលបំណងរបស់យើង។ ដូច្នេះការដែលអ្នកមិនច្បាស់ថាខ្លួននឹងនិយាយអ្វីជាមួយអ្នកដទៃ និយាយគ្មានដើមគ្មានចុង និយាយពីនេះបន្តិចនិយាយពីនោះបន្តិច គ្មានគោលបំណងច្បាស់លាស់ នឹងធ្វើឱ្យអ្នកដទៃពិបាកយល់ពីអ្នក។
កំហុសទី២. មិនយកចិត្តទុកដាក់ពេលសន្ទនា៖ ដើម្បីសាងទំនាក់ទំនងឱ្យបានល្អអ្នកត្រូវប្រាកដថាបានស្តាប់គេដោយយកចិត្តទុកដាក់ និងនិយាយចេញពីមតិនិងគំនិតអ្នកដោយភាពឆ្លាតវៃ។ ដូច្នេះនៅពេលដែលធ្វើទំនាក់ទំនងសន្ទនាហើយមិនយកចិត្តទុកជាមួយគេ និយាយច្រើនជាងស្តាប់នៅ គឺជាកំហុសមួយក្នុងការទំនាក់ទំនង ព្រោះអ្នកនឹងមិនអាចយល់ពីដៃគូសន្ទានាម្ខាងទៀតបានច្បាស់ឡើយ។
កំហុសទី៣. មិនទទួលគំនិតអ្នកដទៃ៖ ការដែលមិនបើកចិត្តទទួលស្តាប់គំនិតឬយោបល់ពីអ្នកដទៃគឺជាកំហុសមួយធ្វើឱ្យគ្មានទំនាក់ទំនងល្អ។ ព្រោះថាដើម្បីឱ្យមានទំនាក់ទំនងល្អ អ្នកនឹងមិនជួបមនុស្សប្រភេទតែមួយ ឬជជែកគ្នាលើប្រធានបទតែមួយទេ ព្រោះការទំនាក់ទំនងក្នុងសង្គមនឹងត្រូវជួបមនុស្សច្រើនប្រភេទ ជាមួយប្រធានបទខុសៗនិងការស្វែងយល់ពីទស្សនៈផ្សេងៗគ្នារបស់មនុស្ស។
កំហុសទី៤. និយាយកាត់គេច្រើន៖ ការនិយាយកាត់អ្នកដទៃអំឡុងពេលសន្ទានា ជាទម្លាប់មួយមិនល្អនិងជាកំហុសមួយក្នុងការសាងទំនាក់ទំនង ព្រោះវាអាចធ្វើឱ្យអ្នកយល់ខុសពីខ្លឹមសារនៃការនិយាយរបស់ដៃគូម្ខាងទៀត ឬក៏ធ្វើឱ្យគេមិនចូលចិត្តនិយាយជាមួយអ្នកតែម្តង។ ដូច្នេះសូមរក្សាការស្តាប់ដៃគូម្ខាងទៀតឱ្យចប់សឹមបញ្ចេញយោបល់ ទើបការសន្ទនាល្អប្រសើរ៕
